ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សចំនួន ៩៥ នាក់ បានស្លាប់ដោយសារខ្យល់កន្ត្រាក់នៅក្នុងឆ្នាំ ២០១៩ ខណៈដែលកម្ពុជាបានប្រឈមនឹងហានិភ័យនៃអាកាសធាតុជាបន្ដបន្ទាប់ដែលបានបណ្ដាលឲ្យមានគ្រោះរាំងស្ងួត ដែលធ្វើឲ្យខូចខាតដំណាំស្រូវចំនួន ៦៧ ៦៦៣ ហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ កាលពីព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ថាកម្ពុជាបានប្រឈមនឹងហានិភ័យអាកាសធាតុជាបន្ដបន្ទាប់ បណ្ដាលឲ្យមានគ្រោះរាំងស្ងួត និងកង្វះខាតទឹកដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យកសិកម្មលើដំណាំស្រូវសរុបចំនួន ៣៤២ ៦៤១ ហិកតា ក្នុងនោះធ្វើឲ្យខូចខាតចំនួន ៦ ៧៦៦៣ ហិកតា។
លោកបញ្ជាក់ថា៖ «កាលពីឆ្នាំមុនចាប់តាំងពីខែមករា រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីការថែរក្សាទឹកទុក ហើយនៅក្នុងខែវិច្ឆិកាក៏បានចេញសារាចរណែនាំម្តងទៀត។ យើងបានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យលោកបានដឹងពីបញ្ហា សារៈសំខាន់នៃការប្រើប្រាស់ទឹក។ យើងក៏បានចុះជួបប្រជាពលរដ្ឋនៅកន្លែងដែលពួកគាត់កំពុងតែធ្វើស្រូវប្រាំងហើយយើងបានប្រាប់ពួកគាត់កុំឲ្យធ្វើស្រូវប្រាំងដោយសារតែវាអាចមានបញ្ហាខ្វះខាតទឹក»។
លោកបន្តថា ខេត្តដែលបានប្រឈមនឹងហានិភ័យអាកាសធាតុជាបន្ដបន្ទាប់ បណ្ដាលឲ្យមានគ្រោះរាំងស្ងួតរួមមានបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យកំពង់ចាម សៀមរាប ព្រៃវែង និងស្វាយរៀង។
លោកបន្តថា៖ «នៅក្នុងឆ្នាំនេះតាមការព្យាករអាកាសធាតុអាចនឹងមានកម្តៅត្រឹម ៤០ ទៅ ៤១ អង្សាសេ នៅក្នុងខែ ៤ ហើយក្រសួងធនធានទឹកឲ្យដឹងថា ក្នុងខែ ៣ អាចនឹងមានភ្លៀងកក់ខែខ្លះដូច្នេះវាក៏នឹងអាចជួយដល់ការបង្កបង្កើនផលផងដែរ។ ប្រជាពលរដ្ឋអាចធ្វើការបង្កបង្កើនផលនូវស្រូវដើមរដូវមួយចំនួននៅពេលដែលគាត់មានទឹក។ យើងសង្ឃឹមថា ការធ្វើកសិកម្មឆ្នាំនេះនឹងល្អជាងឆ្នាំ ២០១៩»។
ជាមួយគ្នានេះដែរបើយោងតាមគេហទំព័រក្រសួងការពារជាតិដែលបានចុះផ្សាយកាលពីថ្ងៃ ១៦ ខែកុម្ភៈបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ លោក គន់ គីម ជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយក៏បានថ្លែងថា ក្រៅពីគ្រោះរាំងស្ងួត និងទឹកជំនន់នៅក្នុងឆ្នាំ ២០១៩ កម្ពុជាក៏បានជួបនូវខ្យល់កន្ដ្រាក់ចំនួន ៣៣៦ លើកមកលើ ២២ ខេត្ត-ក្រុង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៥ នាក់ ក្រៅពីនោះក៏នៅមានគ្រោះអគ្គិភ័យ គ្រោះមហន្ដរាយថ្មី បាក់រលំអគារនៅខេត្តព្រះសីហនុបាក់សាលាឆាន់ នៅសៀមរាប និងរលំសំណង់អគារនៅខេត្តកែបដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។
គេហទំព័រក្រសួងការពារជាតិបន្តថាតាមរយៈកិច្ចប្រជុំបូកសរុបនេះគឺជាយុទ្ធសាស្ដ្រក្រោមចក្ខុវិស័យជាតិ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ឆ្នាំ ២០១៩-២០២៣ បានដាក់នូវទិសដៅផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយផ្ដោតលើសំណុំអាទិភាពសម្រាប់សកម្មភាពដែលគ្រោងទុករយៈពេល ៥ ឆ្នាំ ដែលផែនការសកម្មភាពនេះមានគោលបំណងអនុវត្តឲ្យបានស៊ីចង្វាក់គ្នា ដោយផ្ដោតលើបញ្ហាប្រឈមសំខាន់ៗ និងសមិទ្ធផលកន្លងមក។
ពាក់ព័ន្ធករណីគ្រោះអគ្គិភ័យ គ្រោះមហន្ដរាយថ្មី បាក់រលំអគារលោក កែវ វី ឲ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានបង្កើតអង្គភាពក្នុងការរុករក និងសង្គ្រោះដែលមានអង្គភាពយោធា និងនគរបាលជាតិ៕