ភ្នំពេញៈ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ ខណៈដែលម្តាយ-ឪពុករបស់ក្មេងប្រុសរូបនេះបានរងរបួសធ្ងន់-ស្រាល ដោយសារអគ្គិភ័យមួយដែលបានកើតឡើងកាលពីថ្ងៃត្រង់ម្សិលមិញដោយបានឆេះផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាមអស់ចំនួន ១៣ ខ្នង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា តាមការអះអាងពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា ជនរងគ្រោះត្រូវភ្លើងឆេះស្លាប់ គឺជាកុមារមានសតិមិនប្រក្រតី ហើយនៅមុនពេលភ្លើងឆេះ គឺកុមារនោះនៅក្នុងផ្ទះម្នាក់ឯង។
លោកបន្តថាអាជ្ញាធរបានសន្និដ្ឋានបឋមថា ករណីឆេះផ្ទះសាងសង់ឡើងពីឈើអស់ ១៣ ខ្នងនេះ អាចបណ្ដាលមកពីកុមាររងគ្រោះដែលស្លាប់បានដុតផ្ទះរបស់ខ្លួន នៅពេលឪពុកម្ដាយមិននៅជាមួយហើយនៅពេលកើតមានអណ្ដាត ភ្លើងឆាបឆេះខ្លាំង ឪពុកម្ដាយបានចូលទៅជួយកូនរបស់ពួកគាត់ទើបធ្វើឱ្យប្ដីត្រូវរបួសធ្ងន់ ហើយប្រពន្ធរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកថា៖ «ប៉ុន្តែជាការសន្និដ្ឋានដំបូងថា កូននោះ ដុតផ្ទះខ្លួនឯង ប៉ុន្តែឥឡូវនេះ ចាំរបាយការណ៍ពីមន្ត្រីជំនាញសិន»។
បើតាមអភិបាលខណ្ឌរូបនេះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ២០ គ្រឿង ដើម្បីពន្លត់ភ្លើងកុំឱ្យរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
លោក គល់ យី អធិការខណ្ឌឫស្សីកែវបានថ្លែងយ៉ាងខ្លីកាលពីល្ងាចថ្ងៃម្សិលមិញថា ខាងប៉ូលិសកំពុងធ្វើរបាយការណ៍។
លោក ស៊ាម គឹមឈាង មេប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះទី ២ និងលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបញ្ជាក់បានឡើយដោយសារតែទូរស័ព្ទរបស់ពួកលោកពុំមានអ្នកទទួល។
លោក នេត សាវឿន កាលពីថ្ងៃទី ៤ ខែ កញ្ញា បានណែនាំដល់នគរបាលឲ្យយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយផ្សេងៗ និងត្រូវរៀបចំត្រៀមកម្លាំងចេញអន្តរាគមន៍សង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ ដូចជាអគ្គិភ័យ ទឹកជំនន់ និងគ្រោះថ្នាក់ចរចរណ៍ជាដើម។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅអំឡុងខែកញ្ញានេះ អគ្គិភ័យបានកើតឡើងក្នុងរាជធានីភ្នំពេញមានចំនួន ៣ លើក គឺឆេះផ្សារឃ្លាំងរំសែវ បំផ្លាញតូបលក់ដូរចំនួន ៤០ តូប នៅសង្កាត់ផ្សារដើមគរមួយលើក ឆេះឃ្លាំងលក់កង់ឡាននៅក្បែរប៉ុស្ដិ៍នគរបាលសង្កាត់ទឹកថ្លាមួយលើក និងចុងក្រោយការឆេះផ្ទះពលរដ្ឋនៅសង្កាត់ច្រាំងចំរេះទី ២ នៅថ្ងៃម្សិលមិញនេះ៕