ភ្នំពេញៈ ក្រសួង​ពាក់​ព័ន្ធ​​កំពុ​ង​ពិនិត្យ និង​ពិចារណា​ ដាក់​ប​ញ្ចូ​ល​បញ្ហា​ប្រឈម​​របស់​​កម្មករ​​បម្រើ​​​ការងារ​តាម​ផ្ទះទៅក្នុង​គោល​នយោបាយ​របស់​រដ្ឋា​ភិ​បាល ដើ​​​​ម្បី​ពិភាក្សាគ្នាដោយ​ធ្វើយ៉ា​ង​ណា​ ឲ្យ​ពួកគេ​ទទួលបាន​អត្ថ​​ប្រ​យោ​​ជ​ន៍ និង​ការ​ការពារ​ដូច​កម្មករ​ក្នុង​វិស័​​យ​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ក្រុម​មន្ត្រី។

កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​ ដែល​ភាគ​​ច្រើន​ជា​ស្ត្រី មន្ត្រី​រដ្ឋា​​​ភិបាល និង​សង្គម​ស៊ីវិល ​ប្រមា​ណ​ជិត ៣០០ នាក់ បាន​ចូល​រួម​ប្រា​រ​ព្ធ​ទិវា​កម្មករ​ការងារ​​តាម​ផ្ទះ​អន្តរ​​ជាតិ​ខួប​លើក​ទី ៨ កាលពី​​ថ្ងៃ​អា​​ទិត្យ​ ក្រោម​ប្រធានបទ​ស្តីពី «កិច្ច​គាំពារ​សង្គម​សម្រាប់​កម្មករ​ការងារ​ផ្ទះ​នៅ​កម្ពុជា»។

ស​ន្និសីទនៃ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បានអនុម័ត​ អនុសញ្ញា​ស្តីពី​ការងារ​សមរម្យ​ សម្រាប់​កម្មករ​ការងារ​ផ្ទះ ដែល​គេ​ហៅថា​ អនុសញ្ញា​កម្មករ​ការងា​រ​​តាម​ផ្ទះ កាលពី​ថ្ងៃទី ១​៦ ខែ មិថុនា ឆ្នាំ ២០១១។ អនុ​សញ្ញា​នេះមាន​គោលដៅ​ទទួ​ល​​​ស្គាល់​ការងារ​តាម​ផ្ទះ ​ដូចជា​ការ​ងារ​ដទៃ ហើយ​កម្មករ ដែល​បម្រើការ​ងារ​តាម​ផ្ទះ​ ក៏មាន​សិទ្ធិ​ទទួលបាន​លក្ខខណ្ឌ​ការងារ​សមរម្យ​ ដូចជា​កម្មករ​ដទៃទៀត​ដែរដែល​វា​បាន​ក្លាយជា​ឱកា​ស​ដ៏​សំខាន់​មួយ​សម្រាប់​កម្មករ​ការ​ងារ​តាម​ផ្ទះ​នៅ​ជុំវិញ​ពិភពលោក ក៏​ដូចជា​កម្ពុជា។

លោកស្រី សុទ្ធ ស៊ីថុន អគ្គ​នា​​​​យិការង​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រសួង​កិច្ចការ​​នារី ​បាន​ថ្លែង​នៅ​​ក្នុង​ពិធី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ស្ត្រី​ជាង​ពាក់កណ្តាលបានធ្វើ​ការងារ​ដែល​គេ​ចាត់ទុកថា ជាការ​ងារ​ងាយ​រង គ្រោះ ដូចជា​ការងារ​ធ្វើ​ដោយ​គ្មានប្រាក់​​កម្រៃ ជាមួយនឹង​មុខរបរ​ក្នុង​ក្រុមគ្រួសារ និង​ការងារ​ដែល​ស្ត្រីរកស៊ី​ដោយ​ខ្លួនឯង មាន​ន័យ​ថា ធ្វើការ​រកស៊ី​តែម្នា​ក់​ឯង ដោយ​គ្មាន​ការ​ចូលរួម​ពី​អ្នកដទៃ។

ដោយសារតែ​ស្ត្រី ត្រូ​វ​បាន​គេ​មើលឃើញ​ពី​ភាព​ងាយ​រងគ្រោះ​បែបនេះ លោកស្រី ស៊ីថុ​ន បញ្ជាក់ថា គ្រប់គ្នា គួរតែ​ស្វែងយល់​ពី​វិស័យ​​បម្រើ​ការងា​​​​​​​​រ​​តាម​ផ្ទះ ដែល​ភាគច្រើន​ជា​ស្ត្រី និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែ​ល​មាន​ជារួម ខណៈលោ​ក​ស្រី​​​​អះ​អាងថា ក្រសួង​កិច្ចការនារីគាំ​ទ្រ និង​បាន​ទទួលយក​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ធ្វើ​ការងារ​តាម​ផ្ទះ ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន។

លោកស្រី​បញ្ជាក់ថា៖ «តំ​ណា​​ង​ឲ្យ​ក្រសួង​កិច្ចការនារី ខ្ញុំ​សូម​ឲ្យ​វិស័យ​ការងារ​ផ្ទះត្រូវបាន​យក​​​ចិត្តទុកដាក់ ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ។ ខ្ញុំ​នឹង​ស្វែងយល់ និង​ទទួ​លយក​នូវ​កង្វល់រ​បស់បង​ប្អូនដា​ក់​បញ្ចូល​ក្នុង​ផ្នែក​ណា​នៃ​ផែន​ការ​​យុទ្ធ​សាស្ត្រ​ជាតិដើម្បី​លើក​កម្ព​​ស់​សមភាព​យេនឌ័រ និង​បង្កើន​ភា​ព​អង់អាច​ដល់​ស្ត្រី ដំណាក់កាល​ថ្មី។ ខ្ញុំ​ក៏​ចង់​ឲ្យ​កម្មករ​ការងារ​ផ្ទះ ស្ថិតក្នុង​ប្រព័ន្ធ និង​ទទួលបាន​កិច្ច​គាំពារ​សង្គម កិច្ចការពារ​ឲ្យ​ដូច​កម្មករ​ដទៃ​ទៀត​ដែរ»។

មិន​ខុសគ្នា​នេះដែរ លោក ប៉ុល ចាន់​ដា​រ៉ា តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ក៏បាន​ថ្លែង​ដែរ​ថា ក្រសួង​បាន​យកចិត្តទុកដាក់ និង​បាន​បន្តការងារ​របស់​ខ្លួន ដើម្បី​ប្រមូ​ល​​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដោយ​ធ្វើយ៉ាងណា​រៀបចំ​ផែន​ការ​សម្រាប់​គាំទ្រ​កម្មករ​ការងារ​​តាម​ផ្ទះ ឲ្យ​ទទួលបាន​លក្ខខណ្ឌ​ត្រឹមត្រូវ។

លោក​បញ្ជាក់ថា៖ «ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​អង្គការ ILO ក្រសួង​បានរៀបចំ​កិច្ចពិភាក្សា និង​សិក្ខាសាលា​ជាច្រើនលើក ដើម្បី​រៀបចំ​ផែន​ទី​បង្ហាញផ្លូវ សម្រាប់​ចូល​រួម​​ចំណែក​អនុវត្ត​លើ​អនុ​សញ្ញា​លេខ ១៨៩ ស្តីពី​កម្មករ​ការងារ​ផ្ទះ។ ក្រសួង​ក៏បាន​សហការ​ជា​​មួយ​អង្គការ​នានា​ជា​បន្ត​បន្ទា​​ប់ ដើម្បី​ប្រមូល​ជា​អនុសាសន៍ និង​​ធាតុ​ចូលទៅ​សេចក្តីព្រាង​ប្រកាស​ស្តីពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ការងារ​ផ្ទះ»។

កាលពី​ខែឧសភា ឆ្នាំ ២០១​៨ ក្រសួង​ការងារ បានប្រកាស​ពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ និង​កំណ​ត់​ឲ្យ​ម្ចាស់ផ្ទះ​អនុវត្ត​ឲ្យ​បាន​ត្រឹម​​​​​​​​​​​​ត្រូវ ដោយមាន​ទាំង​ការដាក់​​​ទោ​​សទណ្ឌចំពោះ​ម្ចាស់ផ្ទះ​ណា ដែល​ល្មើស មិន​អនុវត្ត​ឲ្យ​បាន​​​ល្អ តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បានកំណត់​ផងដែរ។ ការចេញ​សេចក្តីប្រកាស​នេះ ធ្វើឡើង​បន្ទាប់​​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​ទុក​​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាកដែល​តម្រូវឲ្យ​​ម្ចាស់ផ្ទះផ្ដល់​ការគោរព​ និង​ឲ្យ​តម្លៃ ជាពិសេស​ត្រូវមាន​គុណធម៌​ចំពោះ​ពួកគេ។

លោកស្រី វុន ស​ម្ជ​ស្ស ប្រធា​ន​​បណ្ដាញកម្មករ​ការងារ​ផ្ទះ​កម្ពុ​ជា នៃ​សមាគម​ប្រជា​ធិបតេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​បញ្ជាក់ថា តាម​របាយការណ៍​កាល​ពី​ឆ្នាំ ២០១​២ មាន​កម្មករ​ការងារ​ផ្ទះ​ប្រមាណ ២៥ ម៉ឺន​នាក់ កំពុង​បម្រើ​កា​រងារ​នៅ​ទូទាំងប្រទេស​កម្ពុជា។ ជា​មួយ​នឹង​តួលេខ​នេះចំនួន​កម្មករ​ការ​ងា​រ​ផ្ទះក្នុងពេល​បច្ចុប្បន្ន កំពុង​តែ​មានការ​កើនឡើងដែល​ទាម​​ទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធគួរ​មាន​ការ​សិក្សា​ឲ្យ​បានជា​ក់លាក់​ជា​​មួយនឹង​កំណើន​នេះ ព្រោះ​តែ​លោកស្រីសង្កេត​ឃើញ​ថា កម្មករ​​ការងារ​ផ្ទះ នៅ​តែ​ប្រឈម​នឹង​បញ្ហា។

លោកស្រី ស​ម្ជ​ស្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃអាទិត្យ​​ថា៖ «ហាក់​មិនទាន់មាន​អ្វី​ប្រសើរឡើង​នោះទេ (លក្ខខ​ណ្ឌ​​​ការងារ) នៅមាន​អ្នកមួយ​ចំនួ​ន គាត់​មិន​ហ៊ាន​និយាយ ជាពិសេ​ស​អ្នកធ្វើការងារ​ផ្ទះដែល​ស្នាក់​​នៅ​​ជាមួយ​ម្ចាស់ផ្ទះ ២៤ ម៉ោង លើ ២៤ ម៉ោង​តែម្តង ព្រោះ​ផ្ទះ​ខ្លះបិទ​ជិត មាន​កាមេ​រ៉ា និង​មា​នស​ន្តិ​​សុខ ឬ​ទាហានយាម​​ជាដើមព្រោះ​ពួកគេ​ធ្វើការ​ទា​ល់​តែ​ម្ចាស់ផ្ទះ​បិទ​ភ្នែក បាន​គាត់ បាន​សម្រាក​ដែរ។ មាន​អ្នក​ខ្លះ​ទៀត ប្រឈម​ដល់​ម្ចាស់ផ្ទះ​មក​ពី​ក្រៅ​អី នៅចាំ​បើកទ្វារ ដល់​យប់​ជ្រៅពេលខ្លះ​បានធ្វើ​ឲ្យ​បា​ត់​​​បង់​ភាព​ផ្ទាល់ខ្លួន​របស់គាត់ ពេល​​សម្រាក និង​ការ​ញ៉ាំ​មិន​ឆ្អែ​តដែ​ល​ប្រឈម​នឹង​គ្រោះ​ថ្នា​ក់​ការងារ ប្រឈម​នឹង​ជំងឺ​ផ្សេងៗ»។

ប៉ុន្តែ​យ៉ាងណាក្តី​ លោកស្រី ស​ម្ជ​ស្ស សាទរ​ចំពោះ​ការលើក​​​ឡើង​​​របស់​​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដែល​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ដាក់បញ្ចូល​បញ្ហា​របស់​កម្មករ​ការងារ​តាម​​ផ្ទះ​ ក្នុង​យុទ្ធសាស្ត្រ​របស់​ខ្លួន។

លោក​ស្រី​បន្ត​ថា​៖ «កន្លងទៅ យើង​ទទួល​បាន​ប្រកាស​ថ្មី​ដែល​ចេញ​ដោ​យ​ក្រសួង ប៉ុន្តែ​យើង​ជា​អ្នកធ្វើការ​តាម​ផ្ទះ ឃើញថា ប្រកាស​ហ្នឹង​មិនទាន់មាន​ប្រសិទ្ធភាពហើ​យ​​រហូតមកដល់​ឥឡូវ ​ម្ចាស់​ផ្ទះមិ​ន​​ទាន់​ទទួលស្គាល់​នូវ​ប្រកា​ស​ហ្នឹង​​ ទេសូម្បីតែ​ក្រសួង​​ក៏​ទទួ​ល​ស្គាល់​ ថាប្រកាស​ហ្នឹង​មិន​ទា​ន់​បាន​ដំណើរការ​បានល្អ​ទេដោ​យ​​នៅ មាន​ចំណុច​មួយចំនួនត្រូវ​កែប្រែ ព្រោះ​វា​អត់​ជាក់លាក់ ដែល​មិន អាច​ចង់​ឲ្យ​អ្នក​ពាក់​​ព័ន្ធជា​ពិសេស​ ម្ចាស់ ផ្ទះ​ឲ្យ​អនុវត្ត​តាម»។

អ្នកស្រី សៀង ម៉ៅ វ័យ ៣៩ ឆ្នាំ ដែល​ឆ្លងកាត់​ជីវិត​ជា​កម្មករ​ការងារ​​តាម​ផ្ទះ​តាំងពី​ឆ្នាំ ១៩៩​៦ បាន​និយាយថា ជារួម​កម្មករ​ការងា​រ​​តាម​ផ្ទះ​ប្រមាណ ៥០ % ដែល​ទទួលបាន​លក្ខខណ្ឌ​ល្អ​ពី​​​​ម្ចាស់​ផ្ទះ​របស់ខ្លួន បើ​ពួកគេ មាន ការ​យល់ដឹង​អំពី​ច្បាប់ខ​ណៈ ៥០% ទៀត ធ្វើការ​ស្ថិតក្នុង​ស្ថានភាព​លំបាក និង​មិនមាន​ការការពារ ដោយ​ទទួលរង​នូវ​ការ​រំលោភ​បំពាន​​​ផ្សេង​ៗ។ ក្នុងនាម​ជា​កម្មករ​ការងារ​​តាម​ផ្ទះ​ជាង ១០ ឆ្នាំ អ្នកស្រី​ចង់​ឲ្យ​មានការ​ការពារ និង​ផ្តល់​សិទ្ធិ​ឲ្យ​ពួកខ្លួន​ទទួល​បាន​លក្ខ​ខណ្ឌ​ការងារ ការការ​ពារ និង​អត្ថប្រយោជន៍​នានា ដូច​ទៅ​នឹង​​កម្មករ​ដទៃ​ទៀត​ដែរ៕