ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​យូណេស្កូ​បន្ដ​សហការ​គ្នា​លើ​គម្រោង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន Basic Education Equivalency Program (BEEP) រយៈពេល ៤ ឆ្នាំ​ (២០២០-២០២៣) ​ដោយ​អនុវត្ដ​លើ​ខេត្ដ​ចំនួន​ ១៥ ក្រោយ​ទទួលបាន​លទ្ធផល​ក្នុង​ជំហាន​ដំបូង​កាលពី​ឆ្នាំ​ ២០១៩ ​ដោយ​មាន​សិស្ស​ដែល​បោះបង់​ការសិក្សា ចុះឈ្មោះ​ចូលរៀន​ជាង ២០០០ ​នាក់​ក្នុង​ចំណោម​នេះ​សិស្សស្រី​ជិត ៣០ ​ភាគរយ​។

លោក រស់ សុវាចា អគ្គលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា​សមិទ្ធផល និង​ការបន្ត​ជំហាន​ទី​ ២ លើ​ការងារ​នេះ​គឺ​បង្ហាញ​ពី​កិច្ចសហការ​វិជ្ជមាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការលើក​កម្ពស់​គុណភាព​អប់រំ​។

លោក សុវាចា ថ្លែងថា​នៅ​ឆ្នាំ​ ២០១៩ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង UNESCO បាន​សហការ​អនុវត្ត​កម្មវិធី BEEP បាន ១៣ មណ្ឌល​សិក្សា​គឺ​ខេត្តសៀមរាប​ចំនួន ៦ ​មណ្ឌល​សិក្សា រាជធានី​ភ្នំពេញ​ចំនួន ៦ ​មណ្ឌល​សិក្សា និង​ខេត្តបាត់ដំបង​បាន​ចំនួន ១ ​មណ្ឌល​សិក្សា​នៃ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​នេះ​។

លោក សុវាចា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​នៅ​ឆ្នាំ​ ២០២០ យើង​នឹង​ពង្រីក​ចំនួន ៨ ​មណ្ឌល​សិក្សា​ទៀត​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​ ៤ ​មណ្ឌលសិក្សា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​ចំនួន ៤ មណ្ឌល​សិក្សា​។ ចំណែក​ក្នុង​ឆ្នាំ ២០២០ ​ដល់​ឆ្នាំ​ ២០២៣ យើង​នឹង​ពង្រីក​កម្មវិធី BEEP នៅតាម​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (Community Learning Cemter) មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១៤ (​សរុប​ ១៥ ​រាជធានី​-​ខេត្ត​)»​។

លោក សុវាចា បាន​ឲ្យ​ដឹងថា រាជធានី-ខេត្ត​ទាំង​ ១៥ ដែល​ត្រូវ​បន្ដ​អនុវត្ដ​គម្រោង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​រយៈពេល​ ៤ ​ឆ្នាំ​នោះ​រួមមាន ១- រាជធានី​ភ្នំពេញ ២- ​ខេត្ត​ព្រះវិហារ ៣- ​ខេត្តរតនគិរី ៤- ​ខេត្តមណ្ឌលគិរី ៥- ​ខេត្ត​ព្រះសីហនុ ៦- ​ខេត្តស្វាយរៀង ៧- ​ខេត្តបន្ទាយមានជ័យ ៨- ​ខេត្តសៀមរាប ៩- ​ខេត្តកំពង់ស្ពឺ ១០- ​ខេត្តកណ្តាល ១១- ​ខេត្តតាកែវ ១២- ​ខេត្ត​ត្បូងឃ្មុំ ១៣- ​ខេត្តកំពង់ចាម ១៤- ​ខេត្តកំពង់ឆ្នាំង និង ១៥- ​ខេត្តពោធិ៍សាត់​។

លោក លៀវ គឹមឡាយ មន្ត្រី​កម្មវិធី​អប់រំ អង្គការ​យូណេស្កូ (Education Programme Officer UNESCO) បាន​ថ្លែងថា​ការសម្រេច​ពង្រីក​គម្រោង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​នេះ ព្រោះ​ក្រោយ​ការអនុវត្ដ​កម្មវិធី​អប់រំ​នេះ​រយៈពេល​ ១ ​ឆ្នាំ​កាលពី​ឆ្នាំមុន គឺ​មាន​តម្រូវការ​ខ្លាំង​ពី​សិស្ស និង​យុវជន​ដែល​បោះបង់​ការសិក្សា​នាំគ្នា​ដាក់ពាក្យ​ចូលរៀន​កើនឡើង​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​សិស្ស​ដែល​ពួកគាត់​នៅក្រៅ​សាលា ឬ​សិស្ស​បោះបង់​ការសិក្សា​ដែល​ពួកគាត់​មិនទាន់​បាន​រៀន​ចប់​កម្រិតសិក្សា​មូលដ្ឋាន​ថ្នាក់​ទី​ ៩ ពួកគាត់​បាន​នាំគ្នា​មក​ចុះឈ្មោះ​សិក្សា​ដើម្បី​យក​សញ្ញាបត្រ​នេះ​ទៅ​ចូលរៀន​ក្នុង​ប្រព័ន្ធ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ Technical Vocational- Education and Training (TVET) របស់​ក្រសួង​ការងារ ឬ​ចូលរៀន​បន្ត​នៅ​កម្រិត​វិទ្យាល័យ​បច្ចេកទេស​របស់​ក្រសួង​អប់រំ​ក៏បាន​ដោយ​ពួកគាត់​អាច​ចូលរៀន​ជំនាញ​បន្ត​ទាំងនេះ​ដោយ​មិន​គិតថ្លៃ​ឡើយ​»​។

លោក លៀវ គឹមឡាយ បាន​ឲ្យ​ដឹងថា​ក្នុង​ ១ ​ឆ្នាំ ២០១៩ មាន​សិស្ស និង​យុវជន​ដែល​បោះបង់​ការសិក្សា​បាន​ចុះឈ្មោះ​ចូលរៀន​លើ​កម្មវិធីសិក្សា BEEP ចំនួន​ជាង ២០០០ នាក់​។

លោក រស់ សុវាចា បាន​អះអាង​ថា BEEP គឺជា​កម្មវិធី​អប់រំ​មូលដ្ឋាន​សមមូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ កម្មវិធីសិក្សា​នេះ​បាន​ផ្ដល់​ឱកាស​ដល់​សិស្ស​ដែល​រៀន​ចប់​ថ្នាក់​ទី​ ៦ ហើយ​មិន​បន្ដ និង​សិស្ស​ដែល​បោះបង់​ការសិក្សា​អាច​បញ្ចប់​ការសិក្សា​កម្រិត​មូលដ្ឋាន​កម្រិត​ថ្នាក់​ទី ៩ ហើយ​ឲ្យ​ពួកគាត់​មាន​ឱកាស​រៀន​ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ទៀត​បាន​។

លោក សុវាចា បាន​បញ្ជាក់ថា កម្មវិធី​អប់រំ​នេះ​នឹង​ជួយ​ឲ្យ​សិស្ស​អាច​រៀន​តាម​ប្រព័ន្ធ​ ២ បញ្ចូល​គ្នា​ដែល​មាន​ភាព​បត់បែន និង​ទន់ភ្លន់​គឺ​មានន័យថា សិស្ស​អាច​រៀន​តាមរយៈ​ប្រព័ន្ធ​អនឡាញ​នៅផ្ទះ​ខ្លួនឯង​ក៏បាន ឬ​អាច​រៀន​នៅពេលណា​ដែល​គាត់​ទំនេរ​ក៏បាន ប៉ុន្ដែ​នៅមុន​ពេល​ចូល​សិក្សា​វគ្គ​នីមួយៗ សិស្ស​ត្រូវ​មកជួប​គណៈ​គ្រប់គ្រង​កម្មវិធី​ក៏ដូចជា គ្រូ​ណែនាំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​កម្មវិធី​អប់រំ​សមមូល​មូលដ្ឋាន​ទី​ ១ ដែល​បើក​ដំណើរការ​ពី​ថ្ងៃ​ទី​ ១០ ខែ​​ កុម្ភៈ ឆ្នាំ ២០១៩​។

លោក សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ការអប់រំ​កម្រិត​មូលដ្ឋាន​នេះ​នឹង​ជួយ​យុវជន​អាច​រក​ការងារ​បាន​ប្រសើរ​ជាង​មុន ឬក៏​ទទួល​បាន​ការអប់រំ​បន្តទៀត​ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព​ការងារ និង​បំណិន​ជីវិត​។

លោក​ថា កម្មវិធី​អប់រំ​នេះ​នឹង​តម្រូវ​ឲ្យ​សិស្ស​ត្រូវ​ទៅ​ជួប​គ្រូណែនាំ​ ២ ​ដង​ក្នុង​ ១ ​ខែ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​បែងចែក​​ជា​វគ្គៗ​សម្រាប់​ ១ ​វគ្គ​មាន​រយៈពេល​ពី ៦ ​ខែ​ទៅ ៨ ខែ​រួច​សិស្ស​ត្រូវ​ប្រឡង​បញ្ចប់​៕