ភ្នំពេញៈ​ មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បាន​លើក​ឡើងកាល​ពី​ម្សិលមិញ​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​នេះ​ក្រសួង​អប់រំ​នឹង​បន្ត​ពង្រឹង​គុណភាព​ដដែល ដោយ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​នេះ បាន​រំឭក​សិស្ស​និង​គ្រូ​ឲ្យ​ខិតខំ​រៀន និង​បង្រៀន​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ខណៈ​ការ​ប្រឡង​នឹង​ធ្វើ​នៅ​ខែ​សីហា ខាងមុខ​នេះ។

លោក ​រស់ សុ​វាចា បានឱ្យដឹងថា ក្រសួង​នឹង​ចេញប្រកាស​ព័ត៌មាន​អំពី​ស្ថិតិ​មណ្ឌល​ប្រឡង​នៅ​ក្រោយ​ពេល​ចុះ​ពិនិត្យ​មណ្ឌល​ប្រឡង​តាម​រាជធានី​ខេត្ត​រួចរាល់​នៅ​ចុង​ខែ​មិថុនា​នេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួន​ណារ៉ុន បាន​អំពាវនាវ​ឱ្យ​សិស្ស​ខិតខំ​សិក្សា រីឯ​លោកគ្រូ-អ្នកគ្រូ ត្រូវខិតខំ​បង្រៀន​ដើម្បីឱ្យ​សិស្ស​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់​ឌុប) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៩ ខែ ​សីហា ខាងមុខ​នេះ។

ការ​ថ្លែង​បែបនេះ នៅពេលលោក​រដ្ឋមន្ត្រី​ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​វឌ្ឍនភាព​នៃ​ដំណើរការ​អគារ​ធនធាន​នៅ​វិទ្យាល័យ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា៖ «ប្រឡង​បាក់​ឌុប នៅសល់តែ ២ ខែ​ទៀត​ទេ។ សូម​អំពាវនាវ​ដល់​សិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ដ​ទៀត។ជាពិសេស​សូម​ឱ្យ​លោកគ្រូ-អ្នកគ្រូ​ ខិតខំ​ប្រឹងប្រែង​បង្រៀននិង​សុំឱ្យ​មាន​ការ​គាំទ្រ​ដល់​ការរៀន​និង​បង្រៀន​បំប៉ន​បន្ថែម»។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រីអប់រំ​ក៏បាន​លើក​ទឹក​ចិ​ត្ដ​គ្រូ​ស្ម័គ្រចិ​ត្ដ​ផងដែរ​ចំពោះ​ការ​បង្រៀន​រាល់ ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បំប៉ន​បន្ថែម​ឱ្យ​សិស្ស​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​ប្រឡង​បាក់ឌុប។

តាម​របាយការណ៍​វឌ្ឍនភាព​គិត​ត្រឹម​ដំណាច់​ខែឧសភា​ឆ្នាំ ២០១៩ ស្ដីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង នា​ថ្ងៃទី ១៩ ខែ​ សីហា ឆ្នាំ ២០១៩ នេះ បាន​បង្ហាញ​ថា បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​សរុប​មាន ១១៩ ៤៤៩ នាក់ (កើន​ឡើង ៦ ០៨៤ នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨) មាន​សិស្សស្រី ៦១ ១២៤ នាក់ ក្នុង​នោះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ដ្រ​មាន​ចំនួន ៤៥ ៤១៤ នាក់ ស្រី ២៥ ៥២៦ នាក់​និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម ៧៤ ០៣៥ នាក់ ស្រី​ចំនួន ៣៥ ៥៣៨ នាក់។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា​ការប្រឡង​ឆ្នាំនេះ​មាន​សំណើមណ្ឌល​ប្រឡង ២០២ (កើន ៦ មណ្ឌល​ធៀប​នឹង​ឆ្នាំ ២០១៨) ក្នុង​នោះ នៅ​ថ្នាក់​វិទ្យាសាស្ដ្រ​មាន ៧៥ មណ្ឌល​ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​មាន ១២៧ មណ្ឌល​ (កើន​ឡើង ៣០ មណ្ឌល​ធៀប​នឹង​ឆ្នាំ ២០១៨)។ ចំណែក​សំណើ​បន្ទប់​ប្រឡង​រួមមាន ៤ ៨១៨ (កើន ១៦៣ បន្ទប់​ធៀប​នឹង​ឆ្នាំ ២០១៨)។

ទោះយ៉ាងណា លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) បាន​ថ្លែង​ថា តាម​ការ​សង្កេត​ជុំវិញ​ការ​ប្រឡង​បាក់ឌុប​រាល់​ឆ្នាំ​ឃើញ​ថា​ ការ​ខំ​ប្រឹងប្រែង​របស់​សិស្ស​គឺ​ជា​ផ្នែក​មួយ ប៉ុន្ដែ​បើ​មើល​ពី​ការ​ប្រឡង​វិញ​អាច​មាន​ការ​ឆក​ល្វែង​ខ្លះ​នៅ​តាម​សាលារៀន​គោលដៅ​ដោយសារ​ការ​សិក្សា​របស់​សិស្ស​មិន​សូវ​បាន​ចប់​សព្វគ្រប់។

លោកស្រី​ថា៖ «យើង​ឃើញ​មានការ​ឆកល្វែង​បន្តិចទៀត​ដែល​យើង​កំពុង​ឃ្លាំមើល​រឿងនេះ​ដោយ​យក​ចិត្ដ​ទុក​ដាក់​ពី​បញ្ហា​សិស្ស​នៅ​សាលា​គោលដៅ។ ដោយសារ​តែ​សាលា​គោលដៅ​គឺជា​សាលា​មួយ​ដែល​អត់​ខ្វល់​ពី​បញ្ហា​សិស្ស​រៀន​ចប់​កម្មវិធី​ឬ​មិន​ចប់​ទេ​ឱ្យតែ​ថា​កំណែ​ទម្រង់»។

លោកស្រី ឆា​យ៉ា​វី បាន​ប្រាប់ថា លោកគ្រូ អ្នកគ្រូ នៅតាម​សាលា​គោលដៅ​ហាក់​អស់​ទឹកចិត្ដ​ក្នុង​ការ​បង្រៀន ដោយសារ​បាត់​ផល​ប្រយោជន៍ រួម​នឹង​សិស្ស​មិន​ចង់​សិក្សា​នៅ​សាលារៀន​គោលដៅ​នេះ​ផង។

លោកស្រី​បញ្ជាក់ថា៖ «សាលា​គោលដៅ​គឺជា​សាលា​ដែល​សិស្សានុសិស្ស​គាត់​បង់​លុយ ៥,០០០ រៀល​ក្នុង ១ ខែ។ កាល​ពី​មុន​សិស្ស​បង់​ថវិកា​នេះ​ដល់​គ្រូបង្រៀន​ផ្ទាល់​ដែល​អាច​ជួយ​ជីវភាព ប៉ុន្ដែ​ឥឡូវ​ត្រូវ​បង្វែរ​ថវិកា​ទៅ​សហគមន៍​របស់​សាលា​វិញ»។

បើតាម​លោកស្រី ឆា​យ៉ា​វី គ្រូបង្រៀន​នៅតាម​សាលារៀន​គោលដៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ ១០០ សាលា បាន​បង្ហាញ​ការមិន​សប្បាយ​ចិត្ដ​និង​អស់​ទឹកចិត្ដ​ក្នុង​ការ​បង្រៀន។

លោកស្រី​បញ្ជាក់ថា៖ «យុទ្ធសាស្ដ្រ (សាលា​គោលដៅ) នេះ ខ្ញុំ​បាន​សួរ​ទៅ​អ្នក​កាន់​គម្រោង គេ​ថា​គេ​អត់​ខ្វល់​រឿង​សិស្ស​រៀន​ចប់​កម្មវិធី​សិក្សា​ឬ​មិន​ចប់​ទេ។ ណាមួយ​សាលា​គោលដៅ​នេះ​បាន​ដាក់​បន្ទុក​ដល់​គ្រូបង្រៀន​កាន់​តែ​ច្រើន​ការងារ​កាន់​តែ​ច្រើន ប៉ុន្ដែ​ប្រាក់​ខែ​នៅ​ដដែល»។

យ៉ាងណាក្ដី បញ្ហា​នេះ លោក សុ​វាចា បាន​បញ្ជាក់ថា៖ «ក្រសួង​អប់រំ​បាននិង​កំពុង​បង្កើន​គុណភាព​រៀន និង​បង្រៀន​ដោយ​ពង្រឹង​ការ​គ្រប់គ្រង ការ​លើក​កម្ពស់​សមត្ថភាព​និង​ជីវភាព​របស់​គណ:​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន​នៅ គ្រប់​កម្រិត​ថ្នាក់»៕