ភ្នំពេញៈ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បានប្រកាស​ដាក់​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប)​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី ១៩ ​និង ២០ ​ខែសីហា ​ខាងមុខនេះ ​ដោយ​កម្រិត​ឲ្យ​បុគ្គលិក​អប់រំ​ ត្រូវ​បំពេញ​កាតព្វកិច្ច​ធានា​រ៉ាប់រង​សេវា ​គោរព​ម៉ោង​ធ្វើការ ​និង​គោរព​ឋានានុក្រម​ បំពេញ​តួនាទី​របស់​ខ្លួន​ប្រកាន់​យក​ភាព​ថ្លៃ​ថ្នូរ។

ប្រកាស​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី ២៨​ ខែមិថុនា ​ដែលបាន​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក ​នាថ្ងៃ​ទី ១៧ ​ខែ កក្កដា ​បញ្ជាក់ថា​ ក្រសួង​មានគោលដៅ​រក្សា​របៀប​រៀបរយ​ក្នុង​ការប្រឡង ​ជំរុញឱ្យ​បុគ្គលិក​អប់រំ​អនុវត្ត​ច្បាប់ ​និង​ជំរុញ​ការលុបបំបាត់​អំពើ​អសកម្ម​ក្នុង​ដំណើរការ​ប្រឡង។ ក្រសួង​សង្កត់ធ្ងន់​ថា ​បុគ្គលិក​អប់រំ​ត្រូវ​បំពេញ​កាតព្វកិច្ច​ធានារ៉ាប់រង​សេវា ​គោរព​ម៉ោង​ធ្វើការ​ និង​គោរព​ឋានានុ​ក្រម ​បំពេញ​តួនាទី​របស់​ខ្លួន ​ប្រកាន់​យក​ភាព​ថ្លៃថ្នូរ​​ និងមាន​កិត្តិយស ​គោរព​ការ​សម្ងាត់​វិជ្ជាជីវៈ ​គិតគូរ​ប្រយោជន៍​ទូទៅ ​និង​ភក្តី​ភាព ​និងកាតព្វកិច្ច​អព្យាក្រឹត​ក្នុងការ​អនុវត្ត​ការងារ ​និងភារកិច្ច​ដែលបាន​កំណត់។

លោក ​រស់ សុវាចា ​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពីម្សិលមិញថា ​ដោយឈរ​លើ​គោលការណ៍​ច្បាប់ ​យុត្តិ​ធម៌ ​តម្លាភាព ​និងលទ្ធផល​ទទួល​យកបាន ​ក្រសួង​អប់រំ ​រំពឹងថា ​បេក្ខជន​ប្រឡង​ បុគ្គលិក​អប់រំ​ អប្បមាទ ​(អ្នក​ចុះត្រួត​ពិនិត្យ​នៅ​មណ្ឌល​ប្រឡង)​ ជំនួយ​ការ​អប្ប​មាទ​ មាតា​ បិតា ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​ឱ្យដំណើរ​ការ​ប្រឡង​ ​ប្រព្រឹត្ត​ទៅ​​ដោយ​ស្តង់ដាខ្ពស់។

លោក​​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ជឿ​ជាក់​ថា​បេក្ខជន​បានទទួល​ជ្រាប ​និង​បន្ត​អនុវត្ត​តាម​ប្រ​សាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡាថា ​"អ្នកចេះ ​គឺ​ជាប់"។​ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​នឹង​អនុវត្តន៍​យ៉ាងម៉ឺង​ម៉ាត់​បំផុត​នូវ​បទ​ប្បញ្ញត្តិ​ដែល​មាន​ជាធរមាន»។

ក្រសួង​អប់រំ​បានប្រកាស​កាលពី​ថ្ងៃទី ១៦ ខែ​ កក្កដា ​ថា ​ក្រសួង​បន្ត​ប្រមូល​ផ្ដុំ​មណ្ឌល​ប្រឡង​នៅ​រាជធានី ​និង​ទី​រួម​ខេត្ត ​ដោយ​យក​គ្រឹះស្ថាន​សិក្សា​គ្រប់​ប្រភេទ ​ចាប់​ពី​បឋម​សិក្សា​ឡើង​ទៅ ​ទាំង​សាធារណៈ ​និង​ឯកជន​ធ្វើ​ជា​មណ្ឌល​ប្រឡង។ ក្នុង​ករណី​ខេត្ត​ណា​មិន​អាច​អនុវត្ត​បាន ​ត្រូវ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ស្រុក ​ដែល​នៅ​ជិត​ទី​រួម​ខេត្ត​ជាង​គេ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU ) ​ប្រកាសថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ប្រឡង​ទៀតទេ ​បន្ទាប់​ពី​បាន​ធ្វើ​អស់​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ ​ប៉ុន្តែ​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​យន្តការ​របស់​ខ្លួន ​គឺ​យន្តការ​អប្បមាទ។ ACU ​នៅ​តែ​សហការ​ជាមួយ​ក្រសួង​អប់រំ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ករណី​មាន​អំពើ​ពុក​រលួយ។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ​ដែល​ជន​បរទេស​កាន់កាប់​ប្រើប្រាស់​ និង​ការទទួល​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់ជាជន​បរទេស​អន្តោ​ប្រវេសន៍ ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍ ​កាលពី​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស​ ខេង ​បញ្ជាក់ថា ​ការ​ដែល​ ACU ​មិន​ដាក់​ពង្រាយ​អ្នក​សង្កេ​តកា​រ​ណ៍​ប្រឡង​ បន្ទុក​នេះ​នឹង​ធ្លាក់​មក​លើ​ក្រសួង​អប់រំ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ចំណែក​រឿង​សន្តិសុខ​គឺជា​បន្ទុក​របស់​នគរ​បាល​ដែល​មាន​តាំងពី​យូរ​យារ​ណាស់​មក​ហើយ។

លោក​ ស ខេង​ ថ្លែង​ថា​៖ «ហើយ​ថ្នាក់​ក្រោម​ជាតិ​ក៏​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​មួយ​ផ្នែក ​ប៉ុន្តែ​ទន្ទឹុមនឹងនេះ​ក៏ពាក់ព័ន្ធ​នឹង​ធ្វើម៉េច​ឱ្យការ​ប្រឡង​ហ្នឹង​វា​មាន​តម្លាភាព​ផង​ដែរ។ នេះ​ជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ ​មិន​ជាស្រួល​ប៉ុន្មាន​ទេ»។

លោក​ស្រី អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​កន្លង​មក​ឃើញថា​ ការ​កម្រិត​វិន័យ​របស់​ស្ថាប័ន​នីមួយៗ​គឺ​ដាក់តែ​ទៅលើ​មន្ត្រី​ថ្នាក់​តូចតាច ​ប៉ុន្តែ​មន្ត្រី​ថ្នាក់ធំ​ដូចជា​មិន​មាន​ការ​​កម្រិត​នោះទេ ​ពីព្រោះ​អំពើ​ពុក​រលួយ​មិន​មែនកើត​ចេញឡើង​ពី​អ្នក​តូចតាច​នោះ​ទេ ​គឺ​កើត​ចេញពី​មន្ត្រី​ថ្នាក់​លើ។

លោក​ស្រីបញ្ជាក់ថា​៖ «​បើ​សិនជា​​មានការ​កម្រិត​បែបនេះ ​ខ្ញុំ​គិត​ថា ​វាល្អ​ប្រសើរ​ហើយ។ ការកម្រិត​​ហ្នឹង​ កម្រិត​មាន​រហូត​តាំងពី​យូរ​ណាស់​ហើយ។​ នេះ​ជារឿង​ធម្មតា​ទេ។ ប៉ុន្តែ ​ក្រសួង​អត់មាន​ការងារ​ធ្វើ​ ចេះ​តែ​ថា ​កម្រិត​នេះ​ កម្រិត​នោះ​។ តាម​ពិត​ទៅ​ក្រសួង​ខ្លួនឯង​ហ្នឹង​អត់​បាន​ដាក់​កម្រិត​ខ្លួន​ឯង ​មន្ត្រី​ខ្លួនឯង​នៅ​ក្រោម​ឱវាទ​ខ្លួន​ឯង​ កៀក​បង្កើយ​ហ្នឹង​ទេ»។

យោង​តាម​ការថ្លែង​របស់​ លោក​​ ស ខេង ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៩ ​មាន​បេក្ខ​ជន​ប្រឡង​ចំនួន ១១៩ ២១៧​ នាក់ ​(ស្រី ៦១ ០៣១ នាក់​)។ សិស្ស​ពិការភាព​មាន ៥ នាក់។ បើ​​​ធៀប​នឹង​ការប្រឡង​បាក់ឌុប​ឆ្នាំ ២០១៧ ​និង ​២០១៨ ​បេក្ខជន​ប្រឡង​មានការ​កើនឡើង​ ៥ ៨៥២​​ នាក់។ មណ្ឌល​ប្រឡង​មាន​ចំនួន​ ២០២ ​កើនឡើង ៦ ​មណ្ឌល​ បើ​ធៀប​នឹង​ឆ្នាំ ២០១៨៕