ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​លិខិត​ជាច្រើន​ច្បាប់​ទៅកាន់​ក្រុម​និយោជក​ដើម្បី​រំឭក​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ការងារ​ក្នុងនោះ​ក៏បាន​លើកឡើង​ពី​របៀប​គិត​ប្រាក់​បំណាច់​អតីតភាព​ការងារ​ផងដែរ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​អះអាង​ថា លិខិត​ទាំងនេះ​គឺជា​ការរាយការណ៍​ពី​វឌ្ឍនភាព​ការងារ​ដែល​បាន​ឯកភាពគ្នា​នា​កន្លងទៅ​។

លិខិត​ជាច្រើន​ច្បាប់​ចុះ​ថ្ងៃទី​ ២១ កុម្ភៈ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​គឺមាន​ខ្លឹមសារ​ខុសៗ​គ្នា​ដោយ​លិខិត​ខ្លះ​បាន​ណែនាំ​ទាក់ទង​នឹង​ការធ្វើ​អធិការកិច្ច​ការងារ​ស្តីពី​ករណី​គណនា​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ជា​សមាមាត្រ ការប្រើប្រាស់​គិលានដ្ឋាន​រួម និង​មូលដ្ឋាន​សុខាភិបាល​ជំនួស​ការរៀបចំ​គិលានដ្ឋាន​ប្រចាំ​សហគ្រាស​គ្រឹះស្ថាន​។

ក្រៅពីនេះ​លិខិត​ទាំងនេះ​ក៏បាន​ណែនាំ​ពី​ការរក្សា​អាថ៌កំបាំង​វិជ្ជាជីវៈ​របស់​មន្ត្រី​អធិការកិច្ច​ការងារ ការធ្វើអធិការកិច្ច​ការងារ​ស្តីពី​របៀប​គិត​ប្រាក់​បំណាច់​អតីតភាព​ការងារ ចំពោះ​កម្មករនិយោជិត​ពេញសិទ្ធិ ដែល​បាន​បំពេញ​ការងារ រួមទាំង​ណែនាំ​ពី​របៀប​គិត​អតីតភាព​ការងារ​ដើម្បី​កំណត់​រយៈពេល​ជូនដំណឹង​មុន​ដែល​និយោជក​ត្រូវអនុវត្ត​ពេល​បញ្ចប់​កិច្ចសន្យាការងារ​ក្នុង​ករណី​ដែល​កិច្ចសន្យាការងារ​មានកំណត់​ថិរវេលា​ (FDC) ​ក្លាយ​ទៅ​ជា​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​ (UDC) ​ផងដែរ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការចេញ​ឯកសារ​ទាំងនេះ​គឺជា​ការ​រំឭក​ដល់​សមាជិក​ដែល​បាន​ចូលរួម​ឯកភាព​គ្នា​កាលពី​ឆ្នាំមុន ដើម្បី​ឲ្យ​ក្រុមការងារ​ទាំងអស់​ធ្វើការ​រាយការណ៍​ពី​វឌ្ឍនភាព​របស់ខ្លួន​​ដែល​សម្រេចបាន​កន្លង​មក​។

លោក​បញ្ជាក់ថា​៖ «​វា​គឺជា​ឯកសារ​ដែល​យើង​បាន​ឯកភាពគ្នា​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទី​ ៨ កាលពី​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ​ ២០១៩​។ យើង​ត្រូវ​ដល់ពេល​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​ទី​ ៨ នា​ថ្ងៃទី​ ២៦ ខែកុម្ភៈ​។ រដ្ឋាភិបាល​មាន​វេទិកា​ជាមួយ​វិស័យ​​ឯកជន​ដែល​បាន​បង្កើត​រយៈពេល​ ១២ ​ឆ្នាំ​ហើយ ហើយ​វិស័យ​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ការងារ​នេះ​គឺ​គេ​ហៅថា ក្រុមការងារ​ទី​ ៨​។ នៅ​ថ្ងៃ​ ១ ខែ​ ៤ នេះ សម្តេច​នឹង​ជួប​ជាមួយ​នឹង​ក្រុមការងារ​វិស័យ​ឯកជន ដើម្បី​វឌ្ឍនភាព​របស់​ក្រុមការងារ​ទី​ ៨ ​បាន​ប្រជុំគ្នា ហើយ​បានចេញ​ផ្សាយ​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​លើកឡើង​ថា លិខិត​ទាំងនេះ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្វីដែល​មានចែង​ក្នុង​ច្បាប់​ការងារ ប៉ុន្តែ​និយោជក​ភាគច្រើន​មិន​បាន​ចូលរួម​អនុវត្ត​ដូចជា ការរៀបចំ​កន្លែង​ទារកដ្ឋាន សម្រាប់​កម្មករ​ជាដើម​។ លោក​យល់​ថា លិខិត​ទាំងនេះ​គឺជា​ការរំឭក​ទៅដល់​និយោជក​ទាំងអស់​ដើម្បី​ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅនឹង​អ្វីដែល​បានដាក់​ចេញ​។

លោក​បញ្ជាក់ថា​៖ «​ដូច​ការចុះ​ធ្វើ​អធិការកិច្ច​ទៅតាម​ស្ថាប័ន​ទាំងនោះ​បើ​​បាន​រកឃើញ​ថា មិនបាន​ធ្វើ​ទៅតាម​អ្វីដែល​បាន​បញ្ញត្តិ​នោះ​គឺ​នឹង​មាន​ការពិន័យ​ទៅដល់​និយោជក​ទាំងនោះ​។ ​ជាការ​យល់ឃើញ​គឺជា​ការរំឭក​ទៅដល់​និយោជក​ដោយ​ធ្វើ​យ៉ាងម៉េច អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បទប្បញត្តិ​ដែល​ច្បាប់​បានចែង​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ ណាង សុធី ដែល​ជា​តំណាង​ឲ្យ​ក្រុម និយោជក​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទី​ ៨ ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​តែងតែ​នៅជាប់​ជាមួយ​និយោជក និង​កម្មករនិយោជិត និង​ជួយ​ដោះស្រាយ​ជូន​ភាគី​ទាំងសងខាង​។

លោក​ក៏បាន​អរគុណ​លោក រដ្ឋមន្ត្រី អ៊ិត សំហេង ផងដែរ ដែល​បាន​ដឹកនាំ​​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ល្អ ពិសេស​នោះ​ក្រុមការងារ​​ទី​ ៨ ដែល​ធ្វើឲ្យ​វិស័យ​ឯកជន​អស់​ក្តីកង្វល់​ក៏ដូចជា បញ្ហា​ប្រឈម​នានា​ជាច្រើន​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​ពី​ម្សិលមិញ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ចប្រជុំ​ក្រុមការងារ​ទី ​៨ ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​មាន​គោលបំណង​ឆ្លើយតប និង​ដោះស្រាយ​ទៅនឹង​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​តាម​អនុសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន នាពេល​កន្លងមក​។

តាម​ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​ឲ្យ​ដឹង​បន្តថា គិត​ចាប់​ថ្ងៃទី​ ១៤ ខែ​មីនា ឆ្នាំ​ ២០១៩ រហូត​មក​ដល់​ថ្ងៃនេះ​ក្រសួង​បាន​ខិតខំ​ដោះស្រាយ​សំណូមពរ​ជាច្រើន​របស់​វិស័យ​ឯកជន ដូចជា​បាន​​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តីពី “​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​” និង​បានចេញ​ប្រកាស សេចក្តី​ជូនដំណឹង សេចក្តី​ណែនាំ​ជាច្រើន​ក្នុង​ន័យ​ធ្វើឲ្យ​វិស័យនេះ​មាន​ភាព​រីកចម្រើន​៕