ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​ជំរុញ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​រៀបចំ​គិលានដ្ឋាន​នៅ​តាម​ទីតាំង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​កំណត់​ហើយ​ពួកគេ​ប្រឈម​នឹង​ការផាកពិន័យ​ជា​អន្តរកាល​បើសិន​គ្មាន​គិលានដ្ឋាន​ប្រកប​ដោយ​ស្តង់ដា​។

ការជំរុញ​នេះ​ធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ចែករំលែក​បទពិសោធ​ស្តីពី​ការរៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​ភ្នំពេញ​ដែល​មាន​អ្នកចូលរួម​ជិត ២០០ ​នាក់​មកពី​រោងចក្រ​សហគ្រាស គ្រឹះស្ថាន សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​។

លោក សំហេង បាន​ថ្លែងថា​៖ «​ចំពោះ​និយោជក​ត្រូវ​រៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន​ឱ្យ​បាន​សមស្រប និង​ត្រឹមត្រូវ​តាម​វិធាន និង​បទប្បញ្ញតិ្ត​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ ពិសេស​ប្រកាស​រួម​លេខ ៣៣០ និង ១៣​។ ធានាថា​គិលានដ្ឋាន​សហគ្រាស​គ្រឹះស្ថាន ដំណើរការ​បានល្អ​មាន​សម្ភារ​បរិក្ខារ​ឱសថ​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​បុគ្គលិក​សុខាភិបាល​ធ្វើការ​ទៀងទាត់​តាម​ការកំណត់​»​។

លោក អ៊ិត សំហេង បន្តថា នៅពេល​ដែល​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន បានរៀបចំ​គិលានដ្ឋាន ឬ​បន្ទប់​រុំ​របួស និង​ប្រអប់​សង្គ្រោះ​ប្រកប​ដោយ​ស្តង់ដា​ត្រឹមត្រូវ​នោះ​កម្មករនិយោជិត​ក៏​ត្រូវ​បាន​ធានា​នូវ​សុវត្ថិភាព សុខភាព​នៅ​កន្លែង​ធ្វើការ​ផងដែរ​។ បន្ថែម​ពីនេះ​លោក​ថា សារៈប្រយោជន៍​ទាំងនេះ​ក៏​ផ្តល់​ផល​ដល់​សហគ្រាស​ទាំងនោះ​ឲ្យ​ធានា​បាន​នូវ​ផលិតភាព​ដែល​មិន​បាត់បង់​កម្លាំង​ពលកម្ម ឬ​យឺតយ៉ាវ​ដល់​ការសម្រេច​នូវ​ផែន​ការផលិត​របស់​ខ្លួន​នៅពេល​ដែល​កម្មករ​និយោជិត​ទទួល​បាន​សេវា​ថែទាំ​សុខភាព​បាន​ត្រឹមត្រូវ និង​ទាន់ពេល​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ ២០១៨ សហគ្រាស គ្រឹះស្ថាន​ដែល​មាន​គិលានដ្ឋាន បន្ទប់​រុំ​របួស និង​ប្រអប់​សង្គ្រោះ​មាន​ប្រមាណ ១១៥៧ កន្លែង​ដោយ​ក្នុង​នោះ​គិលានដ្ឋាន បន្ទប់​រុំ​របួស និង​ប្រអប់​សង្គ្រោះ​ដែល​ប្រកប​ដោយ​ស្តង់ដា​ត្រឹមត្រូវ​មាន​ជាង ៧០​។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ លើកឡើង​ថា​តាម​គោលការណ៍​ច្បាប់​សម្រាប់​គ្រឹះស្ថាន និង​សហគ្រាស ដែល​មាន​កម្មករ​ចាប់​ពី​ ៥០ ​នាក់​ឡើង​ គឺ​ត្រូវតែ​បង្កើត​នូវ​គិលានដ្ឋាន​នៅ​តាម​ទីតាំង​សហគ្រាស និង​គ្រឹះស្ថាន​របស់​ពួកគេ​។

លោក​បន្តថា បើ​មាន​កម្មករ​ចាប់ពី ២០ នាក់​ដល់​ ៤៩ ​នាក់​នោះ​គឺ​ត្រូវ​បង្កើត​បន្ទប់​រុំ​របួស​សម្រាប់​កម្មករ ខណៈ​សហគ្រាស​គ្រឹះស្ថាន​ដែល​មាន​កម្មករ​ចាប់ពី​ ២០ ​នាក់​ចុះក្រោម​គឺ​ត្រូវ​បង្កើត​ប្រអប់​សង្គ្រោះ​សម្រាប់​កម្មករ​របស់​ខ្លួន​។

លោក ឡេង តុង បញ្ជាក់​ថា​ជា​វិធានការ​សម្រាប់​សហគ្រាស និង​គ្រឹះស្ថាន​ដែល​មិន​អនុវត្ត​តាម​ការកំណត់​ទាំងនេះ​នឹងត្រូវ​ទទួលរង​នូវ​ការផាកពិន័យ​។

លោក​បន្តថា​៖ «​ក្រសួង​បាន​កំណត់​ហើយ​យក​ចំណុច​អាទិភាព​នៅក្នុង​បញ្ជី​ផ្ទៀងផ្ទាត់​របស់​មន្ត្រី​អធិការ​កិច្ចការងារ​ដើម្បី​ធ្វើការ​ផាកពិន័យ ចំពោះ​រោងចក្រ សហគ្រាស​ណា​ដែល​មិន​គោរព​តាម​បញ្ញត្តិ​ច្បាប់​។ ម្យ៉ាងទៀត​បើ​ស្ថាប័ន​ទាំងឡាយ​ណា​ដែល​មិន​រៀបចំ​បន្ទប់​រុំ​របួស ឬ​ប្រអប់​សង្គ្រោះ​ទេ​គឺ​យើង​នឹង​ផាក​អន្តរកាល​គឺ​ជួប​ពេលណា​គឺ​យើង​ផាក​ពេល​ហ្នឹង​តែម្តង​។ ដោយឡែក​សម្រាប់​គិលានដ្ឋាន គឺ​យើង​ផ្តល់​ដំបូន្មាន​សិន​ទើប​យើង​រៀបចំ​ផាកពិន័យ​តាម​ក្រោយ​»​។

លោក Tum May ឧបការី​តំណាង​អង្គការ UNFPA បាន​លើកឡើង​ថា គិត​មកដល់​ពេលនេះ​គឺ​មាន​រយៈពេល ៣ ​ឆ្នាំ​មកហើយ​ ដែល​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ​បាន​រួម​គ្នា​បង្កើត​ឲ្យ​មាន​នូវ​គិលានដ្ឋាន​នៅ​តាម​សហគ្រាស និង​គ្រឹះស្ថាន ដើម្បី​ធ្វើឲ្យ​សុខភាព​កម្មករនិយោជិត​នៅ​តាម​កន្លែង​ការងារ​មាន​ភាពល្អប្រសើរ និង​ជំរុញ​ដល់​ផលិតភាព​។

លោក​បញ្ជាក់ថា ដោយសារ​តែ​ជាង ៨០ ​ភាគរយ​ នៃ​កម្មករ និយោជិត គឺជា​ស្ត្រី ដូច្នេះ​ចាំបាច់​ណាស់​ដែល​តម្រូវ​ឲ្យ​មាន​គិលានដ្ឋាន បន្ទប់​រុំ​របួស និង​ប្រអប់​សង្គ្រោះ​នៅ​កន្លែង​ធ្វើការងារ​របស់​ពួកគេ ព្រោះ​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​ត្រូវការ និង​សិទ្ធិ​របស់​កម្មករ​បាន​នោះទេ​។ លោក​បន្តថា​៖ «​ជា​ការចាំបាច់​ដែល​ត្រូវមាន​គោលការណ៍​ណែនាំ​ជាស្រេច​ដើម្បី​យក​ទៅ​អនុវត្តន៍ និង​ពិនិត្យ​តាមដាន​នូវ​គិលានដ្ឋាន​ទាំងនោះ ដើម្បី​ឲ្យ​ប្រាកដ​ថា មាន​ស្តង់ដា​​ត្រឹមត្រូវ​»៕