ភ្នំពេញៈ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ ប្រតិកម្ម​ទៅ​លើ​ច្បាប់​សកល​ម៉ានីតស្គី (Global Mangitsky Act) របស់​សហរដ្ឋអាមេរិក​ដោយ​បាន​បំពាន​ជនជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​រដ្ឋ​ និង​ក្នុង​ផ្នែក​ឯកជន​ជា​កម្មវត្ថុ​នៃ​វិធាន​ទណ្ឌកម្ម ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការគោរព​ឯករាជភាព​នៃ​ច្បាប់ និង​​យុត្តិធម៌​របស់​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​បទបញ្ជា​ប្រតិបត្តិ​នេះ (​ច្បាប់​សកល​ម៉ានីតស្គី​) ​គឺជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្ដារ​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​តាមរយៈ​ការផ្ញើ​សារ​ទៅវិញ​ទៅមក​នាពេល​ថ្មីៗ​នេះ​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យភាព​កម្ពុជា ហើយ​មាន​បំណង​ដ៏មុតមាំ​ក្នុង​ការលើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឈរលើ​ការគោរព​គ្នា​ទៅវិញ​ទៅមក​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ទង្វើ​នេះ​ធ្វើឲ្យ​មាន​ការស្រងាក​ចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​បុគ្គល​សាធារណៈ​របស់​ប្រទេសមួយ​ត្រូវ​បាន​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​ដទៃ​ផ្សេងទៀត​ដោយ​ផ្អែកលើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែ​សោះ​ចំពោះ​ភាព​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេសមួយ​។ ប្រការនេះ​គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​​ដទៃ​ផ្សេងទៀត​»​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រោម​ច្បាប់​សកល​ម៉ានិតស្គី​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែ​ធ្នូ ២០១៩ ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹងថា បទបញ្ជា​ប្រតិបត្តិ​របស់​និតិប្រតិបត្តិ​របស់​អាមេរិក​បានដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​រឹតត្បិត​ទិដ្ឋាការ​ទៅលើ​លោក​ឧកញ៉ា ទ្រី ភាព រួមទាំង​លោក គន់ គីម អនុប្រធាន​ទី​ ១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ឧត្តមសេនីយ៍​ផ្កាយ​មាស​ ៤ ​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​​ក្រសួង​ការពារជាតិ និង​គ្រួសារ​របស់​លោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោម​ច្បាប់​ដដែល​របស់​សហរដ្ឋអាមេរិក​នេះ​បាន​អះអាង​ថា​លោក​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ពុករលួយ​ដោយផ្ទាល់ និង​ដោយ​មិនផ្ទាល់​ដែល​ក្នុងនោះ​មាន​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​មិន​ត្រឹមត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​រដ្ឋាភិបាល​ ឬ​ធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ ឬ​សូកប៉ាន់​។

រីឯ​លោក​ គន់ គីម គឺជា​មនុស្ស​​សំខាន់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខេត្តកោះកុង​ហើយ​ទទួល​បាន​ផលប្រយោជន៍​ពី​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ចិន ហើយ​បាន​ប្រើប្រាស់​កងកម្លាំង​ខេមរភូមិន្ទ​ទៅ​គំរាមកំហែង កម្ទេច​ផ្ទះ និង​ឈូសឆាយដី​តាម​ការចង់​បាន​របស់​ក្រុមហ៊ុន​ចិន​។ ​លោក​ឧកញ៉ា ទ្រី ភាព និង​លោក​​ គន់ គីម បាន​ប្រើប្រាស់​ឥទ្ធិពល និង​បណ្តាញ​របស់​ខ្លួន​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ​កម្ពុជា​ហើយ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​ដែល​មករក​ស៊ី​នៅ​កម្ពុជា​។

លោកស្រី​ Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​តាម​អ៊ីមែល​ថា ជា​លទ្ធផល​ទ្រព្យសម្បត្តិ​របស់​ពួកគេ (​ឧកញ៉ា ទ្រី ភាព និង លោក គន់ គីម​) នៅក្នុង​ដែន​សមត្ថកិច្ច​របស់​សហរដ្ឋអាមេរិក ត្រូវ​បាន​បិទ​ដំណើរការ ហើយ​ជនជាតិ​អាមេរិក​ត្រូវ​បាន​ហាមឃាត់​ជាទូទៅ​មិន​ឲ្យ​ចូលរួម​ប្រតិបត្តិការ​ជាមួយ​ពួកគេ និង​អង្គភាព​របស់​ពួកគេ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការចាត់​វិធានការ​ទាំងនេះ​មាន​គោលបំណង​ការពារ​សុចរិតភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក ហើយ​ធានាថា អ្នកប្រព្រឹត្ត​អំពើពុករលួយ គ្រួសារ​របស់​ពួកគេ និង​ក្រុមហ៊ុន​របស់​ពួកគេ មិន​ទទួល​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​របស់​យើង​។ ពួកគេ​ក៏​មិនអាច​ធ្វើដំណើរ ឬ​ចំណាយ​ប្រាក់​ដែល​បាន​មក​មិន​ត្រឹមត្រូវ​នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។ វិធានការ​ទាំងនេះ​ក៏​បាន​រួមចំណែក គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​កម្ពុជា​ផងដែរ​»​។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ដោយ​មាន​ការសោកស្តាយ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ទៅលើ​លោក​ឧកញ៉ា ទ្រី ភាព និង​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម​។

លោក ស៊ីផាន ថ្លែងថា​៖ «​នេះ​គឺជា​លើក​ទីមួយ​ជា​ផ្លូវការ​ដែល​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវបាន​ដាក់ទណ្ឌកម្ម​បែបនេះ​។ យើង​សោកស្តាយ​ចំពោះ​រឿង​ហ្នឹងហើយ​យើង​នៅ​តែ​ស្វែងរក​យុត្តិធម៌ និង​សុចរិតភាព​តាមរយៈ​ការងារ​ទូត​ក្នុងន័យ​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​»​។

លោក ​ឯម ​សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា ករណី​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាមេរិក​មិនមែន​ជា​ករណី​ទី​ ១ នោះទេ ព្រោះ​កាលពី​ឆ្នាំ​ ២០១៨​ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​រឹតត្បិត​ទិដ្ឋាការ​​ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់ ១ ​រូប​ផងដែរ​។

លោក សុវណ្ណារ៉ា បាន​ថ្លែងថា​៖ «​វិធានការ​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​ដែល​ទើប​តែនឹង​ចាប់ផ្តើម​មាន​លក្ខណៈ​ល្អប្រសើរ​នាពេល​ថ្មី​នេះ ហើយ​ថា​សហរដ្ឋអាមេរិក​គេ​មាន​គោលការណ៍​គេ​ច្បាស់លាស់​ក្នុង​ការដាក់​ទណ្ឌកម្ម ហើយ​បើ​កម្ពុជា​មិន​ពេញចិត្ត​អាច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​បង្ហាញ​ថា​ខ្លួន​ស្អាតស្អំ​»​។

លោក​ គន់ គីម និង​លោក​ឧកញ៉ា​ ទ្រីភាព ​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​អំពី​ការចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក​នោះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

វីដេអូ៖