ភ្នំពេញៈ មន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ​លើក​ឡើងថា​ ក្រសួង​កំពុង​សិក្សា​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​ជុំវិញ​ការស្នើសុំ​របស់​ក្រុមហ៊ុន​លោក​ ទ្រី ភាព ដែល​ចង់​បូម​ស្ដារ​ទន្លេ​ដើម្បី​អភិវឌ្ឍ​ច្រាំងទន្លេ​មេគង្គ​ចាប់ពី​ចំណុច​ទន្លេ​នៅ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ​រហូត​ដល់​ព្រំប្រទល់​ជាមួយ​ខេត្ត​កំពង់ចាម ​ខេត្ត​ក្រចេះ ​និង​ទន្លេ​បាសាក់។

លោក​ ចាន់ យុ​ត្ថា ​មន្ត្រី​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ក្រសួង​បានចាប់ផ្ដើម​រួចហើយ​ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​នៃ​ការស្នើសុំ​អភិវឌ្ឍច្រាំងទន្លេ​មេគង្គ​របស់​ក្រុមហ៊ុន​លោក ​ទ្រី ភាព ​ប៉ុន្តែ​លោក​មិនទាន់​ដឹងថា ​ការសិក្សា​នោះ​នឹងត្រូវ​បញ្ចប់​ពេល​ណា​ឡើយ។

លោក​ថ្លែងថា ​ការសិក្សា​ទាំងនោះ​មានដូចជា ​ការយក​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​ដែល​ក្រសួង​បាន​សហការ​ជាមួយ​ទី​អវ​កាស​របស់​អឺរ៉ុ​ប​ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ទន្លេ ​ការប្រើ​យន្តហោះ​ខ្នាត​តូច​របស់​ក្រសួង​ដើម្បី​ផ្ដិត​យក​រូបភាព​រួចហើយ​យកទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប ​និង​ការចុះទៅ​សិក្សា​ដល់ទី​កន្លែង​ទន្លេ​ផ្ទាល់​ទាំង​ការ​សិក្សា​នៅលើ​គោក​និង​ការ​សិក្សា​នៅក្រោម​ទឹកជា​ដើម។ លោក​ យុ​ត្ថា​ បន្តថា ​ការសិក្សា​ទាំងនេះ​នឹងត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ។

លោក​ថា​៖​ «យើង​កំពុង​ទើប​ចាប់ផ្ដើម​ [សិក្សា] ដំណាក់កាល​ទី១​ ផ្កាយ​រណប​យើង​មាន ​ទី២ យើង​កំពុង​ប្រើ​យន្តហោះ​ខ្នាតតូច​ថត​ពីលើ ​អ៊ីចឹង​នៅ​ច្រើន​ ហើយ​អានេះ​គ្រាន់តែ​ជា​ផ្នែក​ពាក់ព័ន្ធ​នឹង​វិស័យ​ធនធាន​ទឹក​ទេ»។

បើតាម​លោក​ ចាន់ យុ​ត្ថា​ ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏ត្រូវ​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​ដូច​គ្នានឹង​ក្រសួង​ធនធានទឹក​ដែរ ​មុន​បើកប្រជុំ​អន្តរក្រសួង​នៅ ពេល​ខាង​មុខ ​និង​មុន​ដាក់​លទ្ធផល​នៃការ​សិក្សា ​និង​វាយតម្លៃ​ទៅ​រាជរដ្ឋាភិបាល​វិញ ​ក្នុងការ​សម្រេច​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់​លោក​ទ្រី ភាព​ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដើម្បី​អភិវឌ្ឍ​ច្រាំង​ទន្លេ​មេគង្គ​នោះ។

កាលពី​ថ្ងៃទី៧​ ខែឧសភា ​លោក​ ជ្រា សុចិ​ន្តា​ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ លិខិត​ទៅ​លោក​ លឹម គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ដើម្បី​បញ្ជាក់ថា​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បានសម្រេច​ឱ្យ​ក្រសួង​ធនធានទឹក​បើក​កិច្ច​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​និង​ផ្ដល់យោបល់​ ជុំវិញ​ការស្នើសុំ​អនុញ្ញាត​របស់​ក្រុមហ៊ុន​ ទ្រី ភាព ​អេ​ន​ជី​នា​រីង ​និង​ខន​ស្ដ្រាក់សិន ​ដើម្បី​បូម​ស្ដារ​និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ​ចាប់ពី​ទន្លេ​ព្រំដែន​ ក្អម​សំណ មកដល់​ព្រំប្រទល់​ជាមួយ​ខេត្ត​កំពង់ចាម ​ក្រចេះ ​និង​ទន្លេ​បាសាក់​ ដែល​ភាគី​ក្រុមហ៊ុន​ហៅ​កា​រអភិវឌ្ឍ​នេះ​ថា​ជា​យុទ្ធសាស្ដ្រ​ទន្លេ​ចិញ្ចឹម​ទន្លេ។

ពាក់ព័ន្ធ​នឹងសំណើ​របស់​ក្រុមហ៊ុន​ទ្រី ភាព ​នេះ ​តាមរយៈ​តេឡេក្រាម​ពីម្សិលមិញ​ លោក នេត្រ ភក្ត្រា ​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​ពុំទាន់​អាចធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ។

លោក​និយាយថា​៖ «ខ្ញុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ​ដំណើរការ​នីតិវិធី​មិនទាន់​ដល់ ​ព្រោះ​យោងតាម​លិខិត​នេះ ​គ្រាន់តែ​ជា​សំណើ​សុំ​គោលការណ៍​អនុញ្ញាត​ចុះ​សិក្សា​តែប៉ុណ្ណោះ ​ហើយ​សំណើ​នេះ ​រាជរដ្ឋាភិបាល​ក៏​មិនទាន់បាន​អនុញ្ញាត​ទេ​ ដោយ​សម្រេច​ជូន​ឯកឧត្តម លឹម គានហោ ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​ផ្ដល់​មតិ​ជាមុន​សិន»។

លោក​ ឱម សាវ៉ាត ​នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​មិន​គាំទ្រ​ចំពោះ​ការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ​ទ្រី ភាព ​បូមស្ដារ​ទន្លេ​មេគង្គ​ដើម្បី​ធ្វើច្រាំង​ឡើយ​ ព្រោះ​លោក​យល់ថា​ ការស្ដារ​ទន្លេ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ជីវចម្រុះ​នៅក្នុង​ទឹក​ ហើយ​ម្យ៉ាងទៀត​នឹង​អាច​ធ្វើឱ្យ​បាក់​ច្រាំង​ទន្លេ​កាន់​តែ​ច្រើន​ប៉ះពាល់​ទៅ​ដល់​មនុស្ស។

លោក​ប្រាប់​ថា​៖ «ខ្ញុំ​មិនដឹង​ថា​និយាយ​ម៉េចទេ​ ប៉ុន្តែ​គ្រាន់តែ​ថា​ តើការ​សិក្សា​ទៅលើ​ទន្លេ​មេគង្គ ​ក្រុម​ហ៊ុន​របស់​លោក ​ទ្រី ភាព​ មានជំនាញ​ពី​អង្កាល់​ណាមក​ក្នុង​ការ​ស្ដារ​ហ្នុង? បើ​និយាយ​អំពី​បរិស្ថាន ​វា​មិនបាច់​គួរ​ស្ដារ​អីទេ ​ពីព្រោះ​វាជា​លំហូរ​ធម្មជាតិ​របស់​ទន្លេ​មេគង្គ​តាំងពី​រាប់ពាន់​ឆ្នាំ​ហើយ ​ហើយ​កាលណា​ស្ដារ​អាហ្នឹង ​បាក់​ច្រាំង​ វា​ធ្វើឱ្យ​ពុល​ទឹក​ ល្អក់​ទឹក ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​មច្ឆជាតិ​របស់​យើង​មួយ​ចំនួន ​ខ្ញុំ​អត់​គាំទ្រ​ទេ»។

ជុំវិញ​បញ្ហានេះ ​ភ្នំពេញ​​ប៉ុស្ដិ៍​មិនទាន់​អាច​រក​ប្រភព​ដើម្បី​សុំ​ការ​ឆ្លើយតប​ពី​លោក​ ទ្រី ភាព ​បានទេ ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ប៉ុន្តែ​មន្រ្តី​នាំពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​​លោក ​ចាន់ យុត្ថា អះអាង​​ដែរថា ​ប្រសិនបើ​រដ្ឋាភិបាល​យល់ព្រម​តាម​ការស្នើ​សុំ​របស់​លោក​ ទ្រី ភាព ​ក្នុងការ​ស្ដារ​ និង​អភិវឌ្ឍ​ច្រាំង​ទន្លេ ​គឺមាន​បំណង​ដើម្បី​កុំឱ្យ​បាក់​ច្រាំង​ទន្លេ​ប៉ុណ្ណោះ៕