ភ្នំពេញៈ គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៃក្រសួងអប់រំកាលពីថ្ងៃសៅរ៍បានចាប់ផ្ដើមពិនិត្យលើពាក្យបណ្ដឹងរបស់បេក្ខជនមួយចំនួនដែលមិនសុខចិត្តនឹងលទ្ធផលប្រឡង ក្រោយពីក្រសួងបានប្រកាសជាផ្លូវការកាលពីសប្ដាហ៍មុន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រសួងនឹងផ្សព្វផ្សាយកិច្ចការពាក់ព័ន្ធនឹងការតវ៉ារបស់បេក្ខជននេះតាមរយៈហ្វេសប៊ុករបស់ក្រសួងក្នុងពេលឆាប់ៗនេះ។
លោក រស់ សុវាចា បញ្ជាក់ថា៖ «ក្រុមការងារនៅតែបន្តធ្វើកិច្ចការនេះនៅក្នុងការឆ្លើយតប [ចំពោះបេក្ខជន]។ សូម្បីតែថ្ងៃអាទិត្យនេះ ក៏ក្រុមការងារនៅបន្តធ្វើកិច្ចការហ្នឹងដែរ»។
នៅមុនពេលចាប់ផ្ដើមដោះស្រាយនេះក្រសួងអប់រំបានបង្កើតគណៈកម្មការមួយដើម្បីធ្វើឱ្យបេក្ខជនមានទំនុកចិត្តក្រោយពីមានអ្នកតវ៉ាប្រមាណជាង ១០០ នាក់កាលពីថ្ងៃពុធសប្ដាហ៍មុន។ នៅក្នុងការតវ៉ានោះ បេក្ខជនបានដាក់ញត្តិរៀងៗខ្លួនឱ្យក្រសួងពិនិត្យលទ្ធផលប្រឡងឡើងវិញដោយសារលទ្ធផលមិនស័ក្តិសមនឹងការរំពឹងទុក។
ប៉ុន្តែបើតាមការអះអាងរបស់ក្រសួងអប់រំ បេក្ខជនមួយចំនួនតវ៉ា ព្រោះតែមិនសុខចិត្តនឹងការប្រឡងធ្លាក់ រីឯបេក្ខជនខ្លះពុំសុខចិត្តនឹងការបាននិទ្ទេស B ឬ C ហើយតវ៉ាទាមទារយកនិទ្ទេស A។
កាលពីថ្ងៃសុក្រសប្ដាហ៍មុនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងក្នុងកិច្ចប្រជុំថា ការទទួលដោះស្រាយការតវ៉ានេះគឺដើម្បីធានាឱ្យបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ នេះបើតាមរយៈហ្វេសប៊ុកក្រសួងអប់រំ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថាប្រសិនបើការប្រកាសរបស់ក្រសួងលើការប្រឡងមានតម្លាភាព ឬមិនតម្លាភាពជារឿងរបស់ក្រសួង។ ប៉ុន្តែដោយសារតែភាពអយុត្តិធម៌កន្លងមកទើបធ្វើឱ្យសិស្សានុសិស្សតវ៉ា។
ក្រសួងក៏ត្រូវទទួលយកនូវអ្វីដែលបេក្ខជនមិនសប្បាយចិត្តទៅលើលទ្ធផលប្រឡង។
លោកស្រីបានបញ្ជាក់ថា៖ «ប្រសិនបើថា យុត្តិធម៌ អីអី កូនសិស្សម៉េចទៅតវ៉ា។ បើយើងមើលឃើញថា ២ ឆ្នាំហើយដែលសិស្សានុសិស្សគាត់តវ៉ាតែរហូត។ បើសុក្រឹតហើយ អីហើយតម្លាភាពហើយ សិស្សានុសិស្សគាត់គ្មានអីត្រូវតវ៉ាទេ។ អ៊ីចឹងត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីឱ្យសិស្សានុសិស្សគាត់អស់ចិត្ត»។
ការប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះមានបេក្ខជនប្រឡងជាប់ជាង ៧៩ ០០០ នាក់ ស្មើនឹងប្រមាណ ៦៨ ភាគរយ ក្នុងចំណោមបេក្ខជនសរុបចំនួនជាង ១១ ៧០០០ នាក់ គឺកើនឡើងជាង ១ ភាគរយ បើធៀបនឹងឆ្នាំមុនដែលមានប្រមាណ ៦៧ ភាគរយ។ ក្នុងនោះបេក្ខជនមកពី ២១ រាជធានី-ខេត្តចំនួន ៤៤៣ នាក់ ទទួលបាននិទ្ទេស A កើនឡើង ៣៥ នាក់ បើធៀបនឹងឆ្នាំមុនដែលមានតែ ៤០៨ នាក់។
កាលពីប្រឡងបាក់ឌុបឆ្នាំមុន ក្រសួងបានប្រកាសថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសលើវិញ្ញាសាគណិតវិទ្យានៃថ្នាក់វិទ្យាសាស្ត្រដោយសារមិនបានបូកពិន្ទុរបស់បេក្ខជន ៧៤០ បន្ទប់។
ប៉ុន្តែក្រសួងអប់រំបានប្រកាសសុំទោស និងសម្ដែងការសោកស្តាយចំពោះកំហុសអចេតនានោះ។ បន្ទាប់មកក្រសួងក៏បានប្រកាសលទ្ធផលថ្មីសម្រាប់ថ្នាក់វិទ្យាសាស្ត្រ។
ទាក់ទងនឹងអ្នកទទួលលទ្ធផលល្អក្នុងការប្រឡងបាក់ឌុបនៅឆ្នាំនេះកាលពីថ្ងៃអាទិត្យម្សិលមិញលោក ហង់ជួន ណារ៉ុន បានប្រគល់ម៉ូតូថ្មី និងអំណោយមួយចំនួនទៀតដល់សិស្សឆ្នើមនៅវិទ្យាល័យចំនួន ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបសិស្សជាប់និទ្ទេស A ទាំង ៤៤៣ នាក់ នៅថ្ងៃទី ៧ ខែ តុលា ដែលលោកនឹងផ្តល់ Ipad ដល់សិស្សជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន ១ គ្រឿង។ នេះបើយោងតាមក្រសួងអប់រំ៕