ភ្នំពេញៈ ​ក្រសួង​សុខា​ភិបាល​ ចេញ​សេច​ក្តី​ណែ​នាំ​ឲ្យ​ប្រជាពល​រដ្ឋ​ត្រៀម​ខ្លួន​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះទឹក​ជំនន់​ ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ក្រោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ខណៈ​ក្រសួង​ធន​ធាន​ទឹក​ ប្រកាស​ពី​ការ​ធ្លាក់​ភ្លៀង​ ដែល​អាច​កើត​មាន​ពី​កម្រិត​មធ្យម​ ទៅ​ខ្លាំង​ ពេញ​ ១ សប្តាហ៍។​

សេច​ក្តី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧ​តុនិយ​ម ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ជ្រ​លង​សម្ពាធ​ទាប ដែល​កំពុង​អូស​បន្លាយ​លើ​កម្ពុជា​ភាគ​ខាង​លើ ​គួប​ផ្សំ​នឹង​ខ្យល់​មូសុង​និរតី​ ដែល​មាន​ឥទ្ធិពល​កើន​ឡើង​វិញ​ ធ្វើ​ឲ្យ​ស្ថាន​ភាព​អាកាស​ធាតុ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ ​ដល់​កម្ពុជា។​

​ក្រសួង​បញ្ជាក់​ថា​ ចាប់​ពី​ថ្ងៃ​ទី​ ៥-១១ ខែ​ មិថុនា​ ភ្លៀង​នឹង​ធ្លាក់​រាយ​ប៉ាយ​ក៏​កាន់តែ​បាន​ធំ​ទូលាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ខណៈ​កន្លែង​ខ្លះ​អាច​ខ្លាំង​មាន​ភ្លៀង​កើត​មាន​ឡើង​ដោយ​សារ​ឥទ្ធិ​ពល​ផ្ទាល់​នៃ​ទី​តាំង​និង​ទី​កន្លែង​នីមួយៗ​តែ​ម្តង​ដែល​វា​ខុស​ពី​ភ្លៀង​ដែល​កើត​ឡើង​។​ ចំណែ​ក​បា​តុ​ភូត​​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ ក៏​​នៅតែ​បន្ត​កើត​មាន​ជា​ញឹកញាប់​ផងដែរ។​

​សេច​ក្តី​ប្រកាស​ឲ្យ​ដឹង​ថា​៖​ «​ឆ្នាំ ​២០១៩​ ជា​​ឆ្នាំ ​El Nino។​ កម្ពុជា​យើង​ក៏បា​ន​និង​កំពុង​ទទួល​រង​នូវ​ឥ​ទ្ធិពល​នេះ​ផ​ង​ដែរ។​ រហូត​ដល់​ពេល​នេះ​ ឥទ្ធិពល​នេះ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ ​គ្រាន់​តែ​ឥទ្ធិពល​មាន​ការ​ថម​ថយ​ចុះ​បន្តិច​ប៉ុណ្ណោះសូម​សាធារ​ណ​ជន​ជ្រាប​ និង​បន្ត​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ ចំពោះ​បាតុ​ភូត​អវិជ្ជមាន​ដូច​បាន​ជម្រាប​ជូន»។​

​ក្រសួង​សុខា​ភិ​បាល​ បាន​ណែ​នាំ​ឲ្យ​ពល​រដ្ឋ​ត្រៀម ​និង​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល ​នៅ​ពេល​មាន​គ្រោះ​ទឹក​ជំនន់​ ដែល​អាច​កើត​មាន​ឡើង​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរិមា​នូវ​ផល​ប៉ះ​ពាល់​សុខ​ភាព​ អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​នៅ​តាម​មូល​ដ្ឋាន​ ដោយ​អះអាង​ថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​ តែង​តែ​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​រដូវ​កាល ​និង​បង្ក​ឲ្យ​កើត​មាន​ជា​​ញឹក​ញាប់​នូវ​គ្រោះ​ធម្ម​ជាតិ​ រលក​កម្តៅ ​ផ្គរ​រ​ន្ទះ ខ្យល់​ព្យុះ​ខ្យល់ក​ន្ត្រា​ក់​ និង​គ្រោះ​រាំង​ស្ងួត​ជាដើម។​

​ក្នុង​លិខិត​នោះ ​លោក​ ម៉ម​ ប៊ុន​ហេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បា​ល​ បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ទាំង​អស់ ចូល​រួម​ត្រៀម​ខ្លួន ​ក្នុង​ ៣ ដំណាក់​កាល​ គឺ​មុន​ពេល​ទឹក​ជំ​នន់ ក្នុង​អំឡុង​ពេល​ទឹក​ជំនន់ ​និង​ក្រោយ​ពេល​ទឹកជំនន់​ ដោយ​ត្រូវ​តាម​ដាន​ពី​ស្ថាន​ភាព​ទឹក​ជំនន់ ​និង​ត្រៀម​ទីទួល​សុវត្ថិ​ភាព​ ស្បៀង​អាហារ​ ខណៈ​ត្រូវ​មាន​កា​រប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេងៗ​ ម​នុស្ស​ចាស់​ ជា​ពិសេស​ប្រុង​ប្រយ័​ត្ន​ចំពោះ​សត្វ​អាសិរ​ពិស​ ដូច​ជា​ពស់​ជាដើម។​

​លោក​ ម៉ម​ ប៊ុ​ន​ហេង ​ក៏​ណែ​នាំ​ឲ្យ​ពល​រដ្ឋ​ ត្រូវ​មាន​អនា​ម័យ​ជាប់​ជា​ប្រចាំ ដូច​ជា​ការ​បរិភោគ​ស្អាត​ រស់​នៅ​ស្អា​ត ប្រើ​ប្រាស់​ទឹក​ប្រកប​ដោយ​អនា​ម័យ ជា​ពិសេស​អនា​ម័យ​លើ​ខ្លួន​ប្រាណ​ និង​ជុំវិញ​ខ្លួន​ មិន​ថា​ ស្ថិត​ក្នុង​ដំណាក់​កាលណា​នោះ​ទេ ដើម្បី​ចៀស​វាង​ជំងឺ​នានា ដែល​អាច​បង្ក​ឡើង​ដោយសារ​ទឹក​ជំនន់។​

​លិខិត​ក្រសួង​បញ្ជាក់​ថា៖​ «​ទាំង​មុន​ពេល ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ទឹក​ជំនន់ ប្រសិ​ន​បើ​លោក​អ្នក​មាន​បញ្ហា​សុខភាព សូម​ស្វែង​រក​ការ​ពិគ្រោះ ​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​ជា​បន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិ​ភាព​ ឬ​មណ្ឌល​សុខភា​ព​ ឬ​មន្ទី​​រ​ពេទ្យ​​ដែល​នៅ​ជិត​លោក​អ្នក​បំផុត»។​

​ក្រសួង​សុខាភិ​បាល​ ​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​ក្រោម​ឱ​វាទ​ទូទាំង​ប្រទេស ឲ្យ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​នូវ​ឱសថ​ បរិក្ខារ​ពេទ្យ​​សេរ៉ូ​ប្រឆាំង​ពិស​ពស់​សម្រាប់​ជួយ​អន្តរាគម​ន៍​នៅ​ពេល​ដែល​មាន​ពស់​ចឹក ​ព្រម​ទាំង​ត្រៀម​ក្រុម​គ្រូពេ​ទ្យ​ចល័ត​ ដើ​ម្បីជួយ​ពិនិត្យ​​ព្យា​បាល​ ជំងឺ​ជូន​ប្រជា​ពលរ​ដ្ឋ​ដែល​មាន​បញ្ហា​សុខ​ភាព​ឲ្យ​បានល្អ​ប្រ​សើរ​ និង​​ទាន់​ពេល​វេលា​ទៅ​តាម​និយាម​ប្រតិ​បត្តិ​ពេទ្យ​ត្រឹមត្រូវ​ផងដែរ។

​លោក​ តឹក ​វណ្ណា​រ៉ា ​នា​យក​ប្រតិ​បត្តិ​ នៃ​អង្គ​ការ​មិនមែន​រដ្ឋាភិ​បាល​ស្តីពី​​កម្ពុជា​ បាន​និយាយ​ថាការ​​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ជា​ទៀងទា​​ត់អំ​ពី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ គឺ​ពលរដ្ឋ​មាន​ការ​ត្រៀម​ខ្លួន​ទាន់​ពេលវេលា។​

ការ​ដឹង​ជា​មុន​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ទោះ​រយៈ​ពេល​ខ្លី​ ឬ​វែង​ គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត​ ដែល​អាច​ឲ្យ​ប្រជា​ពល​រដ្ឋ​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ បាន​ត្រៀម​ខ្លួន​ជា​មុន​ ដើម្បី​ទប់ស្កាត់​គ្រោះ​មហន្ត​រាយ​នានា​បាន​ទាន់​ពេល​វេលា ​ទោះ​ក្នុង​កម្រិត​តិច​ ឬ​ច្រើន​ក្តី។​

សូម​ឲ្យ​ដំណើរ​ការ​នៃ​គណៈ​កម្ម​ការ​គ្រប់គ្រង​គ្រោះ​ម​ហន្ត​រាយ គួរ​ផ្តល់​ការ​កសាង​សមត្ថ​ភាព​ និង​ផ្តល់​បច្ចេក​ទេស​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ​ជា​ពិសេស​ប្រមូល​ថវិកាជាតិ​ជំរុញ​ឲ្យ​បាន​ច្រើន ​ទៅ​កា​ន់​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ពួក​គាត់​ អាច​មាន​លទ្ធ​ភាព ​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​ នឹង​គ្រោះ​មហន្ត​រាយដែល​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​តំបន់​របស់​ពួកគាត់៕