ភ្នំពេញៈ ក្រសួង​បរិស្ថាន​ នឹង​ពិនិត្យ​មើល​លិខិត​របស់​សមាគ​ម​រោង​ចក្រ​កាត់​ដេរ​ នៅ​កម្ពុជា (GMAC) ដែល​ស្នើ​សុំ​ជួប​ពិភាក្សា​ជា​មួយ​ក្រសួង​ដើម្បី​រក​ដំណោះ​ស្រាយ​លើ​ការ​ប្រមូល​កាក​សំណល់​ឧស្សា​ហកម្ម​នៅ​តាម​រោង​ចក្រ​នានា។ នេះ​បើ​តាម អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​នេះ ​ធ្វើ​ឡើង​ បន្ទាប់​ពី ​កាល​ថ្ងៃទី​ ២៦ ខែកញ្ញា​ឆ្នាំនេះ ​សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជាបាន​ស្នើ​សុំ​ឲ្យ​រដ្ឋ​មន្ត្រី​បរិស្ថាន​រៀបចំ​ការ​ជួប​ពិភាក្សា​គ្នា​ត្រី​ភាគី​រវាង​ក្រសួង ​បរិស្ថាន​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា និង​ ក្រុម​ហ៊ុន​ប្រមូល​សំរាម Sarom Trading Co.,Ltd ដោយ​​សមា​គម​រោង​ចក្រ​​បានអះ​អាង​ថា ក្រុម​ហ៊ុន Sarom Trading Co.,Ltd ​ប្រ​មូល​សំរាម​ពុំ​មាន​ប្រសិទ្ធ​ភាព​ដូច​ការ​កំណត់​ ដោយយឺ​តយ៉ា​វ​ទាំង​ការ​ប្រ​មូលនិង​ប្រមូល​មិន​គ្រប់​តាម​ការ​កំណត់​ក្នុង​មួយ​ខែៗ​។

លិខិត​សមា​គម​បាន​បញ្ជាក់​​ថា ៖«ការអនុវត្ត​ការងារ​ផ្តល់​សេវា​ដែល​ពុំទាន់​មាន​ប្រសិទ្ធ​ភាព​នេះ​បាន​បង្កើត​ឲ្យ​មាន​ពំនូក​កាក​សំណល់​កាន់​តែ​ធំទៅៗ ដែល​បង្ក​ឲ្យ​មាន​ផល​អវិជ្ជ​មាន​មួយ​ចំនួន​ដល់​រោង​ចក្រ ​ដូចជា​ បាត់បង់​នូវ​សោ​ភណភា​ព ការ​បង្ក​នូវ​ភាព​កខ្វក់ និង​មាន​ក្លិន​មិន​ល្អ​ក្នុង​បរិវេណ​រោង​ច​ក្រ ដែល​អាច​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​កម្មករ និយោ​ជិតនិង​បុគ្គលិក​ទាំង​អស់​របស់​រោង​ចក្រ។

លោក​ នេ​ត្រ​ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានបាន​ថ្លែង​តាម​រយៈ​សា​អេ​ឡេច​ត្រូ​និ​ច​ថា​ក្រសួង​បរិស្ថាន​បាន​ទទួល​លិខិត របស់​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នោះ​ហើយ ដោយ​លោក​ថា ​ការស្នើសុំ​នេះ​ជា​ដំណឹង​ដ៏​រីក​រាយ​ដែល​ក្រុម​ហ៊ុន​ឯកជន ​បាន​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​ក្រសួង​បរិ​ស្ថាន​ក្នុង ​ការ​សម្អាត​អនា​ម័យ​ បរិ​ស្ថាន គ្រប់​គ្រង​សំណ​ល់​រឹង ​សំ​រាម​នៅ​តាម​ទី​តាំង​របស់​ខ្លួន​ហើយ​ក្រសួង​បរិស្ថាន​នឹង​ពិនិត្យ​លើ​សំណើ​នេះ។

លោក​បាន​បញ្ជាក់​ថា៖​«យើង​បាន​ទទួល​លិខិត​ហើយ​និង​ធ្វើការ​ពិនិត្យ​ពិ​ភាក្សាលើ​សំណើ​ក្នុង​ពេលវេលា​សម​ស្រប…»​។

តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ទូទាំង​ប្រ​ទេស​បរិមាណ​សំរាម​សំ​ណល់​រឹង​នៅ​ទីប្រជុំ​ជន​​ក្នុង​ឆ្នាំ​២០១៧​គឺ​មានប្រ​ហែល​ជាង​៣,៦៥ លាន​តោន ឬ​ប្រ​មាណ​ជាង​១​ម៉ឺន តោន​ក្នុង​មួយ​ថ្ងៃ ​ក្នុង​នោះ ​នៅ​រាជ​ធានី​ភ្នំពេញ ​មាន​ប្រមាណ​៣ពាន់​តោន​ក្នុង​មួ​យ​ថ្ងៃ ។

ជា​មួយ​គ្នា​នេះ​ បរិមាណ​សំណល់​ប្រហែល ​៤១​ ភាគ​រយ (១,៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ)​ នៃ​បរិមាណ​សរុប​ត្រូវ​បាន​ប្រមូល​យក​ទៅ​ដាក់​នៅ​ទីលាន ​និង​ប្រហែល ១១​ ភាគ​រយ ​(៤០ ម៉ឺន ​តោន​ក្នុងមួ​យឆ្នាំ) ត្រូវបាន​ប្រមូល​ទិញ​សម្រាប់​កែច្នៃ ហើយ​នៅ​សល់​ប្រ​មាណ​ជា ៤៨ ​ភាគ​រយ​ ត្រូវ​បាន​ដុត​ឬ​បោះ​ចោល​តាម​ទី​សា​ធារណៈ​។

បើ​តាម​លិខិត​ដដែល​​បាន​លើក​ឡើង​ថា ជា​ញឹក​ញាប់​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ទទួល​នូវ​ការ​រាយ​ការណ៍​និង​ការ​ត្អូញ​ត្អែរ​ពី​សមា​ជិក​រោង​ចក្រ​កាត់​ដេរ​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​ការ​ប្រមូល​កាក​សំណល់​ឧស្សា​ហកម្ម​របស់​ក្រុម​ហ៊ុន​Sarom Trading Co.,Ltd។

ក្រុម​ហ៊ុន​ Sarom Trading Co.,Ltd ​មិន​អាច​ទាក់​ទង​បាន​សុំ​ការ​អត្ថា​ធិ​ប្បាយ​ ជុំវិញ​កា​រចោទ​ពី​ភាព​យឺត​យ៉ាវ​ និង ​ពុំ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រមូល​សំរាម​នេះ​ទេ​ កាល​ពីថ្ងៃ ​៣០ ​កញ្ញា​៕