ភ្នំពេញៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច គ្រោង​ដាក់​ដំណើការ​កម្មវិធី​ទទួល​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​បណ្ដឹងតវ៉ា និង​បណ្ដឹង​បរិហារ​ពី​ប្រជាពលរដ្ឋ​ទូទៅ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា​របស់​ក្រសួង​កំពុង​ដំឡើង​កម្មវិធី​នេះ​។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ផែនការ​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​ ២០២០ របស់​ក្រសួង​កាលពី​ថ្ងៃទី​ ២០ ខែមករា ​ថា ​ក្នុង​ដំណាក់កាល​នៃ​កាវិវឌ្ឍ​វិស័យ​ឌីជីថល និង​ដើម្បី​បម្រើ​សេវា​ឱ្យ​កាន់តែ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ ក្រសួង​នឹង​ដំឡើង​កម្មវិធី​ទទួល​ពាក្យបណ្តឹង​តាម​អនឡាញ និង​ដាក់ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេឡិចត្រូនិក​ (e-Library) ​ដែល​អាចឱ្យ​ពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង និង​មើល​ឯកសារ​ច្បាប់​តាម​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​បាន​ងាយស្រួល​។

លោកស្រី ម៉ែន សំអន ក៏បាន​ណែនាំ​មន្ត្រី​ដែរ​ថា ដោយសារ​ការផ្សព្វផ្សាយ​ច្បាប់​ជា​តម្រូវ​ការចាំបាច់ ក្រុមការងារ​ក្រសួង​ត្រូវ​បន្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យបាន​ទូលំទូលាយ​គ្រប់​ ២៥ ​រាជធានី-ខេត្ត​ជាពិសេស​តាម​ទីប្រជុំជន និង​ជនបទ​ដាច់ស្រយាល​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ត្រូវ​បន្ត​អនុវត្ដ​នូវ​កម្មវិធី​ទទួល​ពាក្យបណ្តឹង​តាម​អនឡាញ និង​បណ្ណាល័យ​អេឡិចត្រូនិក​ (e-Library)​។ ​ការអនុវត្ត​កម្មវិធី​នេះ គឺជា​ការសម្រួល​ដល់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​»​។

លោកស្រី​បាន​បន្តថា មន្ដ្រី​របស់​ក្រសួង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​បេសកកម្ម​ចុះ​ធ្វើ​អធិការកិច្ច ការអង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង និង​ការតាមដាន​ការអនុវត្ត​ច្បាប់​តាមរយៈ​ការរក​ព័ត៌មាន​ឱ្យមាន​តុល្យភាព​ច្បាស់លាស់ មាន​ភ័ស្តុតាង និង​ឯកសារ​សំអាង​គ្រប់គ្រាន់​ទាំង​អង្គហេតុ និង​អង្គច្បាប់​។

លោកស្រី​ថ្លែងថា​៖ «​រាល់​ពាក្យបណ្តឹង​ដែល​បញ្ជូន​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ដោះស្រាយ​ត្រូវ​តាមដាន ស៊ើបសួរ​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​ឱ្យបាន​ច្បាស់លាស់ និង​ទាន់​ពេលវេលា​រួច​ជូន​ព័ត៌មាន​ទៅ​ដើមបណ្តឹង​វិញ​។ ទង្វើ​នេះ​បង្ហាញ​ពី​ការទទួល​ខុសត្រូវ​របស់​ស្ថាប័នរដ្ឋ​ដែល​ជា​អ្នកផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ឧបនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែ​នាំឱ្យ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​ត្រូវ​រៀបចំ​ខ្លឹមសារ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​បឋម ថ្នាក់​មធ្យម និង​ថ្នាក់ឧត្តម​លើ​ជំនាញ​អធិការកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​។ ក្រៅពី​នេះ​ក៏​​ត្រូវ​បណ្តុះបណ្តាល​មុខជំនាញ​ផ្សេង​បន្ថែម​ផងដែរ ដូចជា ជំនាញ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ជំនាញ​ការសិក្សា​ស្រាវជ្រាវ ជំនាញ​វាយតម្លៃ និង​ជំនាញ​ផ្នែក​ស្ទាបស្ទង់​មតិ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ក្រសួង​។

លោក ហុង ឡុង ទីប្រឹក្សា និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​បានបញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​របស់​ក្រសួង​កំពុង​រៀបចំ​ដាក់​ដំណើរការ​កម្មវិធី​ទទួល​ពាក្យបណ្ដឹង​តាម​អនឡាញ និង​បណ្ណាល័យ​អេឡិចត្រូនិក​​នៅ​ក្រសួង​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​រៀបចំ​នូវ​ការងារ​នេះ​នៅ​ក្រសួង​នៅឡើយ​ពាក់ព័ន្ធ​នឹង​ការដាក់​ឱ្យ​ដំណើរការ​ការទទួល​ពាក្យបណ្ដឹង​តាម​អនឡាញ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​យើង​នេះ​។ ការទទួល​ពាក្យបណ្ដឹង​នេះ​គឺ​ក្រសួង​យើង​ទទួល​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ការតវ៉ា និង​បណ្ដឹង​បរិហារ​។

ពលរដ្ឋ​អាចដាក់​បណ្ដឹង​ទាំងនេះ​តាម​អនឡាញ​បាន​។ យើង​នឹង​រៀបចំ​ឱ្យ​​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

លោក ហុង ឡុង បញ្ជាក់ថា បណ្ដឹងតវ៉ា និង​បណ្ដឹង​បរិហារ​ដែល​អាច​ដាក់​មក​ក្រសួង​បាន​គឺជា​ប្រភេទ​បណ្ដឹង​ដូចជា ការរំលោភ​ដោយ​អំណាច​របស់​មន្ដ្រី ឬ​មន្ដ្រី​ណាមួយ​ដែល​សម្រេច​រឿងក្ដី​​ទៅ​មាន​ភាព​អយុត្ដិធម៌​ជាដើម ដែល​​នេះ​ជា​បណ្ដឹងតវ៉ា​។ ចំណែក​បណ្ដឹង​បរិហារ​សំដៅ​ទៅលើ​ផលប្រយោជន៍​រួម​របស់​រដ្ឋ ដូចជា មន្ដ្រី​ណាមួយ​រំលោភ​យក​ដីធ្លី ឬ​សម្បត្ដិ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​សម្បត្ដិ​របស់ខ្លួន បើ​ពលរដ្ឋ​មិន​សុខ​ចិត្ដ​អាចដាក់​បណ្ដឹង​តាម​អនឡាញ​មកកាន់​ក្រសួង​បាន​៕