ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាបាតុភូតដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ មានជាអាទិ៍ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដោយសារជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយមកលើកម្ពុជា ខណៈខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ។
តាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយពីម្សិលមិញ ឲ្យដឹងថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ដោយសារតែស្ថានភាពបែបនេះ នៅតែបន្តកើតមាននៅកម្ពុជានោះ ធ្វើឲ្យភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនឹងនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។
បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។ ឯបណ្តាខេត្តភាគខាងលើនៅឦសានជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ បាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន ខណៈនៅលើផ្ទៃសមុទ្រ នៅថ្ងៃទី ១២-១៣ ខែមិថុនា ផ្ទៃមេឃមានពពកមីរដេរដាស លាយឡំនឹងភ្លៀង ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់។
ក្រសួងធនធានទឹក បានបញ្ជាក់ថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប និងបង្កើនការប្រុងប្រយ័ត្ន នូវបណ្តាបាតុភូត ដូចបានជម្រាបជូនខាងលើ មានជាអាទិ៍ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រ»៕