ភ្នំពេញៈ ក្រសួងអប់រំបានបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីធ្វើឱ្យបេក្ខជនមានទំនុកចិត្ត និងទទួលយកលទ្ធផល បន្ទាប់ពីមានបេក្ខជនប្រមាណជាង ១៥០ នាក់ បានតវ៉ាកាលពីព្រឹកថ្ងៃពុធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកាលពីម្សិលមិញ។
នៅក្នុងការតវ៉ានេះ បេក្ខជនបានដាក់ញត្តិរៀងៗខ្លួនឱ្យក្រសួងពិនិត្យលទ្ធផលប្រឡងឡើងវិញ ដោយសារពួកគេចាត់ទុកលទ្ធផលថ្មីៗនេះ មិនស័ក្តិសមនឹងការរំពឹងទុក។ បេក្ខជនខ្លះថា ពេលប្រឡងធ្វើបានច្រើន តែលទ្ធផលចេញមកធ្លាក់ ឬបាននិទ្ទេសទាប ថ្វីបើពួកគេផ្ទៀងផ្ទាត់អ្វីដែលធ្វើបានជាមួយនឹងអត្រាកំណែឃើញចម្លើយត្រូវគ្នាក្ដី។ ការមកតវ៉ារបស់បេក្ខជនគឺដើម្បីទាមទារឱ្យបានលទ្ធផលជាប់ និងបាននិទ្ទេសកើនឡើង។
ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បេក្ខជនមួយចំនួនតវ៉ាព្រោះតែមិនសុខចិត្តនឹងការប្រឡងធ្លាក់ រីឯបេក្ខជនខ្លះពុំសុខចិត្តនឹងការបាននិទ្ទេស B ឬ C ហើយតវ៉ាទាមទារយកនិទ្ទេស A។
ក្រសួងអប់រំបានអះអាងថារាល់ការប្រឡងនីមួយៗ ក្រសួងមានយន្តការត្រួតពិនិត្យផ្នែកបច្ចេកទេសយ៉ាងហ្មត់ចត់ជាទីបំផុត ដោយបានបង្កើតគណៈកម្មការជាច្រើនក្នុងនោះមាន គណៈកម្មការរៀបចំអត្រាកំណែដែលមានសមាសភាពសាស្ត្រាចារ្យមានបទពិសោធខ្ពស់បំផុតក្នុងការបង្រៀន និងរៀបចំអត្រាកំណែជាច្រើនឆ្នាំ ព្រមទាំងឆ្លងកាត់គណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែបន្ថែមទៀត។
ក្រសួងបានបញ្ជាក់ថា «ការកែសន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានធ្វើឡើងដោយលក្ខណៈសម្ងាត់ និងយុត្តិធម៌តាមរយៈការផ្តល់ពិន្ទុដោយសាស្ត្រាចារ្យ ២ រូប លើសន្លឹកកិច្ចការតែមួយ ដើម្បីធានាសង្គតិភាពលើការកែ»។
ក្រសួងបានបញ្ជាក់ថា ចំពោះការបូកស្រង់ពិន្ទុគឺប្រើប្រព័ន្ធកុំព្យូទ័រដោយក្រសួងបានកែលម្អប្រព័ន្ធ Hardware និងប្រើប្រាស់ប្រព័ន្ធ Software ថ្មី និងមានយន្តការត្រួតពិនិត្យស្របតាម Protocol បច្ចេកវិទ្យា គណៈកម្មការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងគណៈកម្មការកោសល្យវិច័យ។ រីឯមន្ត្រីបញ្ចូលពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័រត្រូវបានជ្រើសរើសដោយការប្រឡងធ្វើតេស្តសមត្ថភាព និងវគ្គបំពាក់បំប៉នបច្ចេកទេសបន្ថែម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងអប់រំស្វាគមន៍រាល់មតិរិះគន់ដើម្បីស្ថាបនា និងឆ្លើយតបតាមការចាំបាច់។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ប្រសិនបើក្រសួងមានអំណះអំណាងនៃការបង្កើតគណៈកម្មការត្រួតពិនិត្យឯកសារដែលសិស្សកំពុងតវ៉ានោះគឺជាការសមស្របពីព្រោះដើម្បីឱ្យសិស្សអស់ចិត្ត។
លោកស្រីថា៖ «ដូច្នេះយើងត្រូវតែទទួលខុសត្រូវចំពោះពួកគាត់ព្រោះអីកុំឱ្យពួកគាត់មានវិប្បដិសារៈ ដោយសារតែគាត់ខិតខំហើយ យើងធ្វេសប្រហែស... »។
ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩ ០៥២ នាក់ស្មើនឹង ៦៨,៦២ ភាគរយក្នុងចំណោមបេក្ខជនសរុបចំនួន ១១ ៧ ០៤៣ នាក់ គឺកើនឡើង ១,៥៥ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈនិទ្ទេស A មាន ៤៤៣ នាក់កើនឡើង ៣៥ នាក់ បើធៀបនឹងឆ្នាំមុនដែលមាន ៤០៨ នាក់ មកពី ២១ រាជធានី-ខេត្ត។ រាជធានីភ្នំពេញនាំមុខគេដ៏ឆ្ងាយទៅលើនិទ្ទេស A នេះដែលមានដល់ទៅ ១៤១ នាក់ ខណៈខេត្តផ្សេងៗមានចាប់ពី ១ នាក់ ដល់ ៣៨ នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបសំណេះសំណាលជាមួយសិស្សដែលទទួលបាននិទ្ទេស A ទាំង ៤៤៣ នាក់ នៅថ្ងៃទី ៧ ខែ តុលា ខាងមុខ។ នេះបើយោងតាម Fresh News កាលពីថ្ងៃពុធ។ បើយោងតាមក្រសួងអប់រំ លោក ហ៊ុន សែន នឹងផ្តល់ Ipad ដល់សិស្សជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន ១ គ្រឿង៕