ភ្នំពេញៈ ក្រសួង​បរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​អាវុធ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ដោយ​ហាម​ដាច់ខាត​ការបាញ់បោះ​អាវុធ​បើទោះបី​ជា​ក្នុងពេល​កំពុង​បំពេញ​បេសកកម្ម​ក៏ដោយ លើកលែង​តែ​ក្នុង​ករណី​ពិសេស​ដែល​ត្រូវការពារ​ខ្លួន​នូវ​គ្រោះថ្នាក់​ចំពោះមុខ​តែប៉ុណ្ណោះ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​មន្ត្រី​ឧទ្យានុរក្ស​ជាង ១២០០ ​នាក់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែងថា សេចក្តី​ណែនាំ​នេះ​ធ្វើ​ឡើង​ដើម្បី​គ្រប់គ្រង​ឱ្យ​បាន​ល្អ​នូវ​ការប្រើប្រាស់​អាវុធ ក៏ដូចជា​ការគ្រប់គ្រង​គ្រាប់រំសេវ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​បាន​ល្អ ស្រប​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន និង​ធ្វើឡើង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ ដើម្បី​ឱ្យ​មាន​ការគ្រប់គ្រង​ច្បាស់លាស់​លើ​អាវុធ​គ្រាប់រំសេវ​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​សេចក្តី​ណែនាំ​នេះ​ត្រូវ​បាន​បញ្ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន នាយក​ដែន​ជម្រក​សត្វ នាយក​ឧទ្យាន​ជាតិ​ទាំងអស់ និង​បាន​ណែនាំ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ល្អ​»​។

លោក​បន្តថា ដើម្បី​គ្រប់គ្រង​អាវុធ​គ្រាប់រំសេវ​តាម​តំបន់​ការពារធម្មជាតិ​ស្រប​តាម​ច្បាប់​ស្តីពី​តំបន់​ការពារធម្មជាតិ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ និង​ក្រម​ព្រហ្មទណ្ឌ​ឱ្យ​មាន​ប្រសិទ្ធភាព ក្រសួង បរិស្ថាន​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ត្រូវ​រៀបចំ​ឃ្លាំង និង​មាន​ធ្នើរ​ដាក់អាវុធ​នៅ​ទីតាំង​ដែលមាន​សុវត្ថិភាព និង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការថែរក្សា​អាវុធ ព្រម​ទាំង​មាន​អ្នកគ្រប់គ្រង​ឃ្លាំង និង​មាន​បញ្ជី​ចេញ​ចូល​ច្បាស់លាស់​។

បើ​យោងតាម​សេចក្តី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​អាច​ប្រើប្រាស់​អាវុធ​បាន​តែ​ក្នុងពេល​ចុះ​បំពេញ​បេសកកម្ម​ល្បាត ទប់ស្កាត់​បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ​គ្រប់​រូបភាព​ក្នុង​តំបន់ ការពារ​ធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម និង​ប័ណ្ណ​សម្គាល់​អាវុធ​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្នុង​ពេល​បំពេញ បេសកកម្ម ហាម​ដាច់ខាត​ការបាញ់បោះ លើកលែង​ក្នុង​ករណី​ពិសេស​ដែល​ត្រូវការពារ​ខ្លួន​នូវ​គ្រោះថ្នាក់​ចំពោះ​មុខ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។

សេចក្តី​ណែនាំ​បញ្ជាក់​ថា​៖ «​ក្រោយពី​បញ្ចប់​បេសកកម្ម​ត្រូវ​ប្រមូល​អាវុធ​ទាំងអស់​លាង​សម្អាត និង​រក្សាទុក​ក្នុង​ឃ្លាំង​ដាក់​លើ​​ធ្នើរ​ឱ្យបាន​ត្រឹមត្រូវ​ដោយ​ដោះ​គ្រាប់​ចេញ និង​ចាក់សោ​ឱ្យបាន​គត់មត់​ល្អ មាន​សុវត្ថិភាព និង​មានការ​កត់ត្រា​បញ្ជីចេញ​ចូល​ឱ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​»​។

ទន្ទឹមនឹង​នេះដែរ​សេចក្តី​ណែនាំ​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​បរិស្ថាន​ត្រូវធ្វើ​ការរាយការណ៍​មិន​លើស​ពី​ម្ភៃ​បួន​ (២៤) ​ម៉ោង​ក្រោយពេល​ដឹងថា មាន​ការបាត់​អាវុធ​ ឬ​ប័ណ្ណ​សម្គាល់​អាវុធ​ ឬ​គ្រាប់រំសេវ​ដល់​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ដោយ មាន​សាក្សី​ដឹងឮ​ម្នាក់ ឬ​ ២ ​នាក់​។

សេចក្តី​ណែនាំ​បន្ថែម​ថា​៖ «​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ​តាម​តំបន់​ការពារ​ធម្មជាតិ​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ទាំងអស់​ត្រូវ​បាន​ហាម​ដាច់ខាត​នូវ​រាល់​ការលក់​ការផ្ទេរ​ ឬ​ឱ្យ​ខ្ចី​អាវុធ​គ្រាប់រំសេវ​ទៅ​ឱ្យ​បុគ្គល​ណាមួយ ទោះ​ក្នុង​ករណី​ណាក៏ដោយ​។ ប្រធាន​ការិយាល័យ​តាម​តំបន់​ការពារធម្មជាតិ​នីមួយៗ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ និង​ប្រើប្រាស់​អាវុធ និង​គ្រាប់​រំសេវ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់​»​។

លោក ​ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ​យល់ថា​ការផ្តល់​អាវុធ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ដែល​ការពារ​ព្រៃឈើ និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​គឺជា​ការល្អ​សម្រាប់​មន្ត្រី​ទាំងនោះ​ការពារ​ខ្លួន តែ​លោក​ថា​កន្លង​ទៅ​មន្ត្រី​ឧទ្យានុរក្ស​ព្រៃឈើ​មួយ​ចំនួន​បាន​ប្រើប្រាស់​អាវុធ​ទៅ​ការពារ​អ្នក​កាប់បំផ្លាញ​ព្រៃឈើ និង​គំរាម​សកម្មជន​បរិស្ថាន​ទៅវិញ​។

លោក​បាន​បន្តថា​៖ «​ពួកគេ​គ្រាន់តែ​យក​ (​អាវុធ​) ​ទៅ​បន្លាច តែ​ពួកគេ​មិន​ហ៊ាន​យក​ទៅ​បាញ់​ឈ្មួញ​ដែល​រកស៊ី​ឈើ និង​កាប់បំផ្លាញ​ព្រៃឈើ​នោះទេ​»​។

បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៦២ ​កន្លែង​ មាន​ទំហំ​ប្រមាណ ៧ ២៤៩ ០២៤ ហិកតា​ ដែល​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ​ចំនួន ១២ ​កន្លែង​ ដែនជម្រក​សត្វព្រៃ​ចំនួន ២០ កន្លែង ​តំបន់​ការពារ​ទេសភាព​ចំនួន ១២ ​កន្លែង​ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន ៨ ​កន្លែង តំបន់​រ៉ាមសារ​ចំនួន ៥ ​កន្លែង តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន ២ ​កន្លែង និង​របៀង​អភិរក្ស ជីវសាស្ត្រ​ចម្រុះ​ចំនួន ៣ ​កន្លែង ហើយ​ក្នុង​ការការពារ និង​អភិរក្ស​តំបន់​ការពារធម្មជាតិ​ទាំងនេះ ក្រសួង​បរិស្ថាន​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២២០ ​នាក់ ​ដែល​កំពុង​ឈរជើង​ការពារ​យ៉ាង​ហ្មត់ចត់​នូវ​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ​៕