ភ្នំពេញៈ ក្រសួងបរិស្ថាន​នឹង​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាពល្អិត​និចល PM 2.5 និង PM 10 ​ចំនួន​ ១៥ ​គ្រឿង​បន្ថែមទៀត ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​ ខណៈ​ដែល​លទ្ធផល​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​រកឃើញ​ថា បាន​វិលត្រឡប់​មករក​កម្រិត​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ភាពល្អ​ប្រសើរ​នៃ​គុណភាព​ខ្យល់​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លើ​ប្រធានបទ​ «​វឌ្ឍនភាព​ការងារ​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី​។

លោក នេត្រ ភក្ដ្រា​បញ្ជាក់ថា​៖ «​កាលពី​សប្ដាហ៍​មុន ប្រទេស​កម្ពុជា​យើង​បាន​ជួបប្រទះ​នូវ​បញ្ហា​មួយ គឺ​ស្ថានភាព​គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​មាន​ការធ្លាក់ចុះ ដោយសារ​តែ​កំហាប់​ភាព​ល្អិត​និចល (PM2.5) មានការ​កើនឡើង​។ ក៏ប៉ុន្ដែ​នៅក្នុង​ពេល​ ១ ​សប្ដាហ៍​កន្លង​ទៅ​នេះ​ គឺ​យើង​បានឃើញ​ហើយ​ស្ថានភាព​គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​ កម្ពុជា​ របស់​យើង​បាន​វិល​មករក​ភាពល្អ​ប្រសើរ​ឡើងវិញ ដោយ​គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​របស់​យើង​ស្ថិតនៅក្នុង​ស្ដង់ដា​ដែល​កំណត់​ដែល​បង្ហាញថា ស្ថានភាព​គុណភាព​ខ្យល់ គឺមាន​ភាពល្អប្រសើរ លែង​មាន​បញ្ហា​»​។

លោក​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​សូមកុំ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្យល់ ព្រោះ​ក្រសួងបរិស្ថាន​បាន​និង​បន្ត​តាមដាន​ស្ថានភាព​គ្រប់ពេលវេលា​ទាំងអស់​។ បើសិន​ជា​មាន​ការវិវឌ្ឍ​យ៉ាងណា ក្រសួង​បរិស្ថាន​នឹង​ធ្វើការ​ជូន​ដំណឹង​ជា​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ឬ​តាមរយៈ​មន្ដ្រី​នាំពាក្យ​ក្រសួង​ផ្ទាល់​ជា​ផ្លូវការ​។

លោក ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ក្រសួងបរិស្ថាន​ក៏​បាន​ថ្លែង​ក្នុង​សន្និសីទ​ពី​ម្សិលមិញ​នេះដែរ​ដោយបាន​បង្ហាញ​ពី​ប្រភព​ដែល​នាំឱ្យ​មាន​ការបំពុល​ខ្យល់​គឺ​បណ្ដាល​មកពី​ការបញ្ចេញ​ផ្សែង និង​ឧស្ម័ន​ពី​រោងចក្រ ការបញ្ចេញ​ផ្សែង​ឧស្ម័ន​ចេញ​ពី​យានយន្ត​ដែល​បាន​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​សាំង​រួម​នឹង​ចំហេះ​ឥន្ធនៈ​ផ្សេងៗ​ទៀត​ដូចជា​ការដុត​ប្រេងខ្មៅ ការដុត​ធ្យូងថ្ម បញ្ហា​ភ្លើង​ឆេះ​ព្រៃ ការដុត​ទន្ទ្រាន​ដី​យក​ធ្វើជា​កម្មសិទ្ធិ ការដុត​ទីវាល​ស្រែ ការដុត​សំរាម​ក៏​ជា​ការ​រួមចំណែក​ដល់​ការបំពុល​ខ្យល់​ដែរ​។

លោក​បញ្ជាក់ថា ក្នុង​ប៉ារ៉ាម៉ែត្រ​នៃ​ការបំពុល​ខ្យល់​បាន​ចែកចេញ​ជា​ប្រភេទ​គឺ​ភាពល្អិត​និចល PM 2.5 និង PM 10 និង​ប្រភេទ​ឧស្ម័ន​ដែលមាន​ឧស្ម័ន​កាបោន​ឌីអុកស៊ីត នីត្រូហ្ស៊ែន​អុកស៊ីត​ជាដើម​។

លោក​ថ្លែងថា​៖ «​អ្វីដែល​កើតឡើង​ក្នុង​ ១ ​សប្ដាហ៍​កន្លងទៅ​ភាគច្រើន​គឺមាន​ការកើតឡើង​នូវ​កំហាប់​ភាព​ល្អិត​និចល​ PM 2.5 និង PM 10​។ ដោយឡែក​ប្រភព​បំពុល​ដែល​ជា​ប្រភេទ​ឧស្ម័ន​គឺ​មិនមាន​ការកើនឡើង​ទេ​»​។

លោក ហេង ណារ៉េត ឱ្យដឹងថា មូលហេតុ​ដែល​ក្រសួង​បរិស្ថាន​អាច​ដឹង​ពី​កម្រិត​នៃ​ការបំពុល​ខ្យល់​នេះ​បាន ដោយសារ​ក្រសួង​បរិស្ថាន​មាន​ឧបករណ៍​ដើម្បី​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​​ជាប្រចាំ​។ ការអនុវត្ដ​តាមដាន​កម្មវិធី​ត្រួតពិនិត្យ​ខ្យល់​នេះ​ប្រទេស​កម្ពុជា​ត្រូវបាន​អនុវត្ដ​តាំងពី​ឆ្នាំ​ ១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំ​ជា​បន្តបន្ទាប់​យើង​បាន​បំពាក់​ឧបករណ៍​បន្ថែម ដើម្បី​ឱ្យ​ការត្រួតពិនិត្យ​អង្កេត​តាមដាន​ខ្យល់​នេះ​មាន​ភាព​កាន់តែ​សុក្រឹត​ឡើង​។ បច្ចុប្បន្ននេះ​យើង​បាន​បំពាក់​រួចរាល់​បាន​ចំនួន ៣១ ​ស្ថានីយ (​ស្ថានីយ​ត្រួតពិនិត្យ​ខ្យល់​) ទូទាំង​ប្រទេស​ហើយ​នៅពេល​ខាងមុខ យើង​នឹង​ត្រៀម​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាព​ល្អិត​និចល PM 2.5 ក៏ដូចជា និង PM 10 ចំនួន ១៥ ​គ្រឿង​បន្ថែមទៀត​ ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​»​។

បើ​តាម​លោក ណារ៉េត ក្រសួងបរិស្ថាន​បាន​ធ្វើការ​តាមដាន​ពី​បញ្ហា​គុណភាព​ខ្យល់​ជាប់​ជាប្រចាំ តាមរយៈ​ឧបករណ៍​ត្រួតពិនិត្យ​ដែល​បាន​បំពាក់​នៅតាម​រាជធានី-ខេត្ដ ខណៈ​ឧបករណ៍​​ត្រួតពិនិត្យ​នេះ​នឹង​ធ្វើការ​បង្ហាញ​ទិន្នន័យ​មាន​ភាពសុក្រឹត​បំផុត ដោយ​បាន​ផ្ដល់​ទិន្នន័យ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ម្ដង​ពី​បញ្ហា​ខ្យល់​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើការ​តាមដាន​លើ​បញ្ហា​នេះ​ក្នុងពេល​ ២៤ ​ម៉ោង​ លើ​ ២៤ ​ម៉ោង​ ដោយ​មិនចាំបាច់​ចុះ​ទៅ​យក​ទិន្នន័យ​ដល់​បណ្ដា​ខេត្ដ​ទេ គឺ​យើង​អាច​ទទួលបាន​ទិន្នន័យ​ពី​មន្ដ្រី​ជំនាញ​ពី​បណ្ដា​ខេត្ដ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ យើង​អាច​ដឹង​គ្រប់ពេល​ទាំងអស់​នូវ​ស្ថានភាព​គុណភាព​ខ្យល់​»៕