ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​សុខាភិ​បាល លោក ម៉ម ប៊ុនហេង កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​សេចក្ដី​សម្រេច​បិទ​មន្ទីរពេទ្យ​វ៉ិច​តូរៀ (Victoria International Hospital) ព្រមទាំង​កំពុង​បន្ត​សាក​សួរ​បុគ្គលិក​មន្ត្រី​ពេទ្យ​ចំនួន ៨ នាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​បាន​ចាក់​សោ​ទ្វារ​បង្ខាំង​អ្នក​ជំងឺ ៣ នាក់​ម្តាយ និង​កូន​ដែល​បាន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ ហើយ​ខ្វះ​លុយ​បង់​ថ្លៃ​សេវា​ឲ្យ​មន្ទីរពេទ្យ។

តាម​សេចក្ដី​សម្រេច​របស់​លោក ម៉ម ប៊ុនហេង បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី ១៤ មករា បាន​ឲ្យ​ដឹង​ថា៖ «បិទ​មន្ទីរពេទ្យ​ឯក​ជន​ឈ្មោះ «វ៉ិច​តូរៀ» ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងកក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​ជា​របស់​លោកស្រី​វេជ្ជ​បណ្ឌិត សៀង សុគន្ធ អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរពេទ្យ វ៉ិច​តូរៀ ដោយ​មូល​ហេតុ​គ្មាន​ការ​គោរព​តាម​លិខិត​បទ​ដ្ឋាន​របស់​ក្រសួង​សុខាភិបាល។ ត្រូវ​ទុក​ជា​មោឃៈ​នូវ​សេចក្ដី​សម្រច​លេខ ៨០/១៥ ចុះ​ថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ២០១៥ របស់​ក្រសួង​សុខាភិបាល។ អគ្គនា​យក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយក​ដ្ឋាន​មន្ទីរពេទ្យ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ ត្រូវ​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព»។

ក្រុមគ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​វ៉ិ​ច​តូរៀ (Victoria International Hospital) ក្នុង​សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក នៅ​យប់​ថ្ងៃទី ១៣ ខែ​មករា​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចាក់​សោ​ទ្វារ​បង្ខាំង​អ្នក​ជំងឺ ៣ នាក់​ម្តាយ និង​កូន​ដែល​បាន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ ហើយ​ខ្វះ​លុយ​បង់​ថ្លៃ​សេវា។

សាច់ញាតិ​អ្នកជំងឺ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​វ៉ិច​តូរៀ​ថា ខណៈ​ដែល​មន្ទីរពេទ្យ​បាន​ប្រកាស​បញ្ចុះ​តម្លៃ​ព្យាបាល និង​ការ​ពិនិត្យ​ជំងឺ​ដោយ​មិន​គិត​ថ្លៃ ជន​រង​គ្រោះ​ដែល​ជា​សាច់​ញាតិ​អ្នក​ស្រី​បាន​នាំ​កូន​ប្រុស​ស្រី ២ នាក់​មក​ពិនិត្យ​ជំងឺ​ទូទៅ​នៅ​មន្ទីរពេទ្យ​នេះ ដោយ​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មាន​ដុះ​គីស​ក្នុង​ដៃ​ស្បូន​ត្រូវ​តែ​វះកាត់​បន្ទាន់។

អ្នកស្រី​បន្តថា៖ «ក្រោយពេល​ពិនិត្យ​ហើយ គ្រូពេទ្យ​ចិន​ម្នាក់​បាន​ប្រាប់​ទៅ​អ្នក​បក​ប្រែ​ភាសា​ចិន​ថា ស្ថានភាព​ជំងឺ​នេះ ត្រូវ​តែ​វះកាត់​បន្ទាន់ បើ​មិន​វះកាត់​ទេ អាច​នឹង​ស្លាប់ ប៉ុន្ដែ​ជន​រង​គ្រោះ​សួរ​តម្លៃ​ប៉ុន្មាន ក៏​គេ​មិន​ប្រាប់​ដែរ គេ​គ្រាន់​តែ​និយា​យថា​ចាំ​វះកាត់​ហើយ​ចាំ​គិត តែ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ​វះកាត់​ទេ តែ​គ្រូពេទ្យ​បាន​ចាប់​បង្ខំ​វះកាត់​តែ​ម្ដង ទោះបី​ជន​រង​គ្រោះ​ប្រាប់​ថា គ្មាន​លុយ​គ្រប់​គ្រាន់​ក៏ដោយ»។

អ្នកស្រី​បន្ថែមថា បន្ទាប់ពី​វះកាត់​រួច គ្រូពេទ្យ​បានចេញ​វិក្ក​យបត្រ​មួយ​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​បង់​ប្រាក់​ចំនួន ២ ពាន់​ដុល្លារ ប៉ុន្ដែ​ជន​រង​គ្រោះ​មាន​ប្រាក់​ជាប់​ខ្លួន​តែ​ចំនួន ៦០០ ដុល្លារ ក៏​បង់​ឲ្យ​មន្ទីរពេទ្យ​ទាំង​អស់ ហើយ​ប្រាប់​ថា សុំ​ទៅ​ផ្ទះ​រក​លុយ​មក​សង។ ទោះ​យ៉ាង​ណា ភាគី​គ្រូពេទ្យ​មិន​ព្រម ក៏បាន​ចាក់​សោ​ទ្វារ​ខាង​មុខ​មិន​ឲ្យ ៣ នាក់​ម្ដាយ​កូន​ចេញ​ពី​មន្ទីរពេទ្យ ដោយ​បង្គាប់​ឲ្យ​រក​លុយ​មក​បង្គ្រប់ ទើប​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ។

សាច់ញាតិ​ជន​គ្រោះ​រូបនេះ​បញ្ជាក់ថា៖ «ស្នាមរបួស​ដែល​គេ​វះកាត់​ហើយ​ហ្នឹង គឺ​ហើម​ឡើង​ធំ ព្រោះ​គ្រូពេទ្យ​មិន​បាន​ចាក់​ថ្នាំ ឬ​ឲ្យ​ថ្នាំ​លេប​ទេ គេ​ថា ត្រូវ​សង​លុយ​គេ​ឲ្យ​គ្រប់​សិន​ហើយ​ជន​រង​គ្រោះ​អង្វរ​យ៉ាង​ណា​ក៏​គេ​មិន​ព្រម​ដែរ រហូត​ដល់​គាត់​ខ្ចី​ទូរស័ព្ទ​គេ​ខល​មក​ខ្ញុំ ទើប​បែក​ការណ៍​អ៊ីចឹង ហើយ​គាត់​យំ​រហូត​សន្លប់»។

អ្នក​ជំងឺនៅក្នុង​ទ្វារ​កញ្ចក់​មន្ទី​រពេទ្យ​ចាក់សោច្រវាក់។ សហការី

បុគ្គលិក​ម្នាក់​ដែល​តំណាង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ដោយ​មន្ទីរពេទ្យ​វ៉ិច​តូរៀ ចាប់​ពី​ម៉ោង ៧ យប់​ឡើង​ទៅ​នឹង​ចាក់​សោ​នៅ​ទ្វារ​ធំ​ខាង​មុខ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្ដែ​មន្ទីរពេទ្យ​នៅ​មាន​ទ្វារ​តូចៗ​ចំនួន ២ ទៀត​ដែល​មិន​បិទ ដោយ​អ្នក​ជំងឺ​បាន​មក​ឈរ​ខាង​មុខ​ទ្វារធំ​ដែល​បិទ ហើយ​ស្រែក​យំ​ថា មន្ទីរពេទ្យ​ចាក់​សោ​បង្ខាំង​ទៅ​វិញ។

លោក​បន្តថា៖ «បាទ គាត់​ត្រូវ​ចំណាយលុយ​បង់ប្រាក់​ឲ្យ​ខាង​មន្ទីរពេទ្យ​ចំនួន ២ ពាន់​ដុល្លារ​មែន ព្រោះ​គាត់​មាន​ជំងឺ ៤ ទៅ ៥ មុខ ដែល​បាន​ពិនិត្យ និង​ធ្វើការ​វះកាត់​ជំងឺ​ក្នុង​នោះ​គាត់​បាន​វះកាត់​គីស​ក្នុង​ដៃ​ស្បូន​ផង​ដែរ។ អ៊ីចឹង​ទឹក​ប្រាក់​ទាំង​នេះ គឺ​សរុប​ថ្លៃ​សេវា​ទាំង​អស់​តែ​ម្ដង»។

លោក ខាត់ ខុន​ទិ​ត្យ នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់​បឹងកក់ ២ បាន​ថ្លែងថា លោក​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​អ្វី​ទេ ប៉ុន្ដែ​គ្រាន់​តែ​ចុះ​ទៅ​ការពារ​សណ្ដាប់​ធ្នាប់ និង​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ប៉ុណ្ណោះ។ ដោយ​លោក​គ្រាន់​តែ​បាន​ឮ​ក្រុម​គ្រូពេទ្យ​និយាយ​ថា អ្នក​ជំងឺ​មិន​មាន​លុយ​គ្រប់​បង់​ថ្លៃ​សេវា​វះកាត់​ឲ្យ​ពួកគេ ខណៈ​ដែល​ពួកគេ​បាន​ចាក់​សោ​ទ្វារ​សម្រាក​ដូច​សព្វ​មួយ​ដង ប៉ុន្ដែ​មិន​មែន​ក្នុង​ន័យ​បង្ខាំង​ទុក​ទេ។

លោក ខុន​ទិ​ត្យ បាន​ថ្លែងបន្តថា៖ «តាម​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​គ្រូពេទ្យ​ថា ភាគី​ទាំង ២ ហ្នឹង​ព្រម​ព្រៀង​គ្នា​ថ្លៃ​វះកាត់​ហ្នឹង ២ ពាន់​ដុល្លារ ក្រោយ​មក​គ្រូពេទ្យ​បាន​វះកាត់ ក្រោយ​មក​គាត់​សម្រាក​បាន ៣ ថ្ងៃ​ក៏​ដល់​ថ្ងៃ​ចេញ​ពី​ពេទ្យ ប៉ុន្ដែ​អ្នក​ជំងឺ​ហ្នឹង​ថា គាត់​គ្មាន​លុយ​គ្រប់​ទេ ហើយ​ទៅ​ផ្ទះ​ទៅ​រក​លុយ​មក​សង​វិញ ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​ថា​គាត់​និយាយ​ប្រាប់​សាច់​ញាតិ​គាត់​ថា​ម៉េច​ខ្លះ​ទេ បាន​មាន​រឿង​ផ្អើល​ឆោ​ឡោ មាន​អ្នក​កាសែត មាន​អី​មក​ហ្នឹង»។

លោក ខុន​ទិ​ត្យ បាន​បន្ថែមថា ក្រោយពី​មានការ​ផ្អើល​ឆោឡោ​នេះ ភាគី​មន្ទីរពេទ្យ​បាន​យល់​ព្រម​ទទួល​យក​លុយ​ចំនួន ៦០០ ដុល្លារ​នេះ ដើម្បី​បញ្ចប់​រឿង ប៉ុន្ដែ​មិន​មាន​បណ្ដឹង​អ្វី​ទាំង​អស់។ លោក​បាន​បញ្ជាក់​ថា៖ «ឥឡូវ​នេះ គេ​បញ្ចប់​រឿង​អស់​ហើយ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា លុយ​ដែល​សេស​សល់​ហ្នឹង ខាង​មន្ទីរពេទ្យ​គេ​ឲ្យ​គាត់​ជំពាក់​សិន ឬ​យ៉ាង​ណា​ទេ ព្រោះ​អត់​ឃើញ​មាន​ពាក្យ​បណ្ដឹង​អ្វី​ផង»។

តាម​វិក្កយបត្រ​របស់​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ (Victoria International Hospital) ដែល​សាច់​ញាតិ​ជន​រង​គ្រោះ​បាន​បង្ហាញ​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា អ្នក​ជំងឺ​ត្រូវ​បង់​ទឹក​ប្រាក់​សរុប​ចំនួន ២ ពាន់​ដុល្លារ ក្នុង​នោះ​អ្នក​ជំងឺ​បាន​បង់​រួច​រាល់ ៦០០ ដុល្លារ ដោយ​នៅ​សល់​ចំនួន ១៤០០ ដុល្លារ​ទៀត៕