ភ្នំពេញៈ ក្រសួងសុខាភិបាលបានចេញលិខិតមួយច្បាប់ផ្សព្វផ្សាយដល់សាធារណជន និងហាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កុំផ្សព្វផ្សាយ និងប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ដែលមិនមានការត្រួតពិនិត្យគុណភាព និងមិនបានចុះបញ្ជិកាពី ក្រសួងសុខាភិបាល ដោយក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ មានខ្លឹមសារថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញតាមបណ្តាញសង្គម (FACEBOOK) រៀងរាល់ថ្ងៃមានគណនីឈ្មោះ Ecoslim Cambodia កំពុងលក់ និងផ្សព្វផ្សាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM បំផ្លើសហួសពីការពិតដូចជាឱសថថ្មីសម្រាប់សម្រកទម្ងន់ដែលស្រកបាន ១៥ គីឡូក្រាម ក្នុងពេល ៤ សប្តាហ៍ដោយមិនមានជាតិគីមីមិនតមអាហារ មិនហាត់ប្រាណ និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើដើម្បីបោកប្រាស់ដល់សាធារណជន។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះគ្មានការត្រួតពិនិត្យគុណភាពនិងគ្មានការចុះបញ្ជិកាពីក្រសួងសុខាភិបាលឡើយ។
សេចក្តីជូនដំណឹងបានបន្តថា ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះបន្តទៀត ហើយក្រសួងសុខាភិបាលសុំឲ្យម្ចាស់គណនីឈ្មោះ Ecoslim Cambodia ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ និងចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់នេះជាបន្ទាន់។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ស្តីពីការគ្រប់គ្រងឱសថចំពោះម្ចាស់គណនីឈ្មោះ Ecoslim Cambodia ដែលនាំចូលផ្សព្វផ្សាយលក់ឬចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខាងលើនេះទៅតាមផ្លូវច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញកំពុងប្រើប្រាស់ លក់ ឬចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIMខាងលើសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧ ៤៧ ៤៧, ០៩៥ ៣៥ ៩៣ ៩៩, ០១២ ៩៨ ៣៣ ៣៤ ឬ០១២ ៨៩ ២០ ២២។
លោកហឿន គឹមសៀត អនុប្រធានការិយាល័យនិយតកម្មនៃនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ការដែលក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងពីឱសថឈ្មោះ ECOSLIMដោយសារទី ១ ឱសថនេះគ្មានចុះបញ្ជិកា ហើយកាលណាបើឱសថនោះមិនបានចុះបញ្ជិកាមានន័យថា ឱសថនោះមិនបានត្រួតពិនិត្យគុណភាពហើយមិនមានការនាំចូលត្រឹមត្រូវ ធ្វើការផ្សព្វផ្សាយមិនត្រឹមត្រូវ។
លោកថ្លែងថា៖ «អ៊ីចឹងវាទាក់ទងនឹងគុណភាពដល់ប្រជាពលរដ្ឋប្រើប្រាស់ទៅ គាត់អាចប៉ះពាល់ដល់សុខភាព។ អ៊ីចឹងយើងប្រកាសកុំឲ្យប្រជាជនប្រើ។ កន្លងមកយើងមិនទាន់បានសិក្សាថាមានប្រជាពលរដ្ឋណាម្នាក់រងផលប៉ះពាល់ទេ ប៉ុន្តែយើងបានឃើញការផ្សព្វផ្សាយឱសថប្រភេទនេះនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកហើយឱសថនេះគ្មានអ្នកនាំចូលត្រឹមត្រូវ។ យើងមិនបានយកឱសថនោះមកពិនិត្យទេអ៊ីចឹងយើងធ្វើការផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋប្រើប្រាស់»។
លោកបន្តថា តាមធម្មតាឱសថណាមួយមុននឹងផ្សព្វផ្សាយ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាលសិន ដើម្បីត្រួតពិនិត្យមើលគុណភាពដើម្បីឈានទៅចុះបញ្ជីត្រឹមត្រូវ។ ភាគច្រើនថ្នាំសម្រកទម្ងន់គឺអាចប៉ះពាល់ដល់សុខភាពដែលវាផ្ទុកនូវសារធាតុមួយដែលក្រសួងសុខាភិបាលហាមឃាត់ហើយប្រជាពលរដ្ឋប្រើវាទៅវាធ្វើឲ្យស្រកទម្ងន់តែវាប៉ះពាល់ដល់សុខភាពខ្លាំង៕