ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងតំណាងអង្គការសង្គមស៊ីវិលគ្រោងជួបប្រជុំជាមួយគ្នាជាលើកទី ២ នៅថ្ងៃទី ៣ ខែធ្នូ ដើម្បីពិគ្រោះយោបល់ពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសំណើរបស់អង្គការសង្គមស៊ីវិល។
កិច្ចពិគ្រោះយោបល់លើកទី ២ នេះធ្វើឡើងបន្ទាប់ពីមានតំណាងអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧ មាត្រាដែលពួកគេថា បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យដែលពួកគេកំពុងធ្វើសកម្មភាពការងារនានា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែវិច្ឆិកាបានឲ្យដឹងថា ក្រសួងមហាផ្ទៃ និងជួបជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិភាក្សាគ្នាទៅលើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលអង្គការសង្គមស៊ីវិលបានស្នើសុំ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃសូមជម្រាបជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថាក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលនឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារ សំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល»។
លោក យឿង សុធារ៉ា ប្រធានផ្នែកកសាងបណ្តាញភាពជាដៃគូ និងការតស៊ូមតិ នៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាឲ្យដឹងថា អង្គការសង្គមស៊ីវិលនឹងធ្វើការជួបជុំគ្នា ដើម្បីស្វែងរកចំណុចរួមក្នុងការដោះស្រាយការខ្វែងគំនិតគ្នារវាងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធទៅលើពាក្យពេចន៍នឹងខ្លឹមសារនៃមាត្រាសិនមុនពេលទៅជួបប្រជុំពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «យើងគ្រោងជួបគ្នាដើម្បីជជែកគ្នាអំពីចំណុចមួយចំនួនដែលបានស្នើសុំដោយក្រសួងមហាផ្ទៃទៅឲ្យមានការយល់ស្របគ្នាទៅលើចំណុចទាំងនោះ។ វាមានទស្សនៈផ្សេងគ្នាដោយសារអង្គការសង្គមស៊ីវិលធ្វើការលើវិស័យខុសគ្នាដែលពិបាកក្នុងការស្វែងរកចំណុចរួមតែយ៉ាងណាក៏ដោយ យើងនឹងព្យាយាមស្វែងរកទស្សនៈ និងចំណុចរួមគ្នា»។
លោកថាមានមាត្រាសំខាន់ៗមួយចំនួនដែលតម្រូវឲ្យមានការកែសម្រួល ហើយមាត្រាមួយក្នុងចំណោមមាត្រាទាំងនោះមានមាត្រា ២៤ ដែលតម្រូវឲ្យមានការលុបចេញ ព្រោះមាត្រានេះចែងមិនច្បាស់អំពីអព្យាក្រឹតភាពរវាងអង្គការសមាគម និងគណបក្សនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា លោកកំពុងជាប់រវល់។ ប៉ុន្តែកន្លងមកលោកធ្លាប់ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៥ មករាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលក្នុងការចុះបញ្ជីចំពោះអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ហើយថាអង្គការសង្គមស៊ីវិលគឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍសង្គម ហើយរាជរដ្ឋាភិបាលមិនដែលបង្កបញ្ហាលំបាកទៅដល់អង្គការសង្គមស៊ីវិលដូចការចោទប្រកាន់នោះទេ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃគិតត្រឹមដំណាច់ឆ្នាំ ២០១៨ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនសរុប ៥ ៥២៣ ដែលក្នុងនោះសមាគមមានចំនួន ២ ២៩៧ សមាគម ហើយមានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង ២ ០០០ ស្ថាប័នប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពនៅកម្ពុជា៕