ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សំណើ​របស់​អង្គការ​សមាគម​ចំនួន​ ១០០ ​ស្ថាប័ន​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លុបចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រសួង​លើកឡើង​ថា ច្បាប់​នេះ​បាន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ហើយ​មុនពេល​មាន​ការអនុម័ត សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​។

ការច្រានចោល​របស់​ក្រសួងមហាផ្ទៃ​នេះ​ធ្វើ​ឡើង​ ២ ​ថ្ងៃ​បន្ទាប់ពី​មាន​ក្រុម​បណ្ដាញ​អង្គការ​ទាំង ១០០ ​បាន​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លុបចោល ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​ដោយ​អង្គការ​ទាំងនេះ​អះអាង​ថា ការបន្ត​រក្សាទុក​ច្បាប់​នេះ​ឱ្យ​នៅ​ដដែល​ ឬ​ការធ្វើ​វិសោធនកម្ម​ដោយ​មិនបាន​កែប្រែ​ឱ្យបាន​ត្រឹមត្រូវ​នោះ​ការអនុវត្ត​ច្បាប់​នេះ​នឹង​មិន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​សមាគម​ និង​ក្រុម​សហគមន៍​មូលដ្ឋាន​ទៀតផង​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១២ ​ខែកុម្ភៈ​បញ្ជាក់​ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​ ១៩៩៣ មាត្រា​ ៤២ កថាខណ្ឌ​ទី​ ១ ចែងថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ​។ សិទ្ធិ​នេះ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​»​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ផ្អែក​តាម​មូលដ្ឋាន​ខាងលើ​នេះ​នៅ​ឆ្នាំ ១៩៩៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។ «​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើនលើក​ច្រើនសា​អស់​រយៈពេល​ ២០ ​ឆ្នាំ​ទើប​សេចក្តីព្រាង​នេះ​ត្រូវ​បានអនុម័ត​ និង​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ខែសីហា​ ២០១៥​។ ក្នុងពេល​អនុវត្ត​ដោយ​ស្តាប់​នូវ​មតិយោបល់ អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បាន​ឯកភាព​ទទួលយក​នូវ​សំណើ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​។ ក្រសួងមហាផ្ទៃ​សង្ឃឹមថា​នឹង​បន្ត​ការពិភាក្សា ស្វែងរក​ការស្រុះស្រួល​គ្នា​លើ​មាត្រា​ដែល​នៅ​សេសសល់ នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។

សេចក្តី​ថ្លែងការណ៍​លើកឡើង​ថា ក្រសួងមហាផ្ទៃ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​លើ​កិច្ចការ​នេះ នៅតែ​មាន​ឆន្ទៈ​យ៉ាង​មោះមុត បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ​នឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​សុទ្ធចិត្ត​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រហូត​ដល់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។

អនុប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត ​បាន​ការពារ​នូវ​ការស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​ដោយ​លើកឡើងថា សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​គឺ​ឆ្លុះបញ្ចាំង​ពី​ភាពជាក់ស្តែង​ដែល​សង្គម​ស៊ីវិល​បាន​ជួបប្រទះ ហើយ​លោក​មាន​ការខកចិត្ត​ដែល​រាជរដ្ឋាភិបាល​បាន​បដិសេធ​ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​។

តែ​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​រឿង​ធម្មតា​ទេ ដែល​យើង​បានឃើញ និង​ដឹង​កន្លងមកហើយ​។ របាយការណ៍​ ឬ​សេចក្តីថ្លែងការណ៍​នានា​តែងតែ​ទទួលបាន​ការបដិសេធ​ ឬ​ច្រានចោល​ពី​រាជរដ្ឋាភិបាល​។ យើង​មិនដឹង​មូលហេតុ​អ្វី​ទេ តែ​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បានលើកឡើង​ភាគច្រើន​កន្លងមក​គាត់​ (​រដ្ឋាភិបាល​) ​ថា របាយការណ៍​ ឬ​សេចក្តីថ្លែងការណ៍​ខ្លះ​ប្រឆាំង ឬ​មាន​ចរិត​នយោបាយ​។ តែ​របាយការណ៍​កន្លងមក​គឺ​ឆ្លុះបញ្ចាំង​ទិដ្ឋភាព​ជាក់ស្តែង​ដែល​សង្គម​ស៊ីវិល​បាន​រកឃើញ​»​។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក​ ប៊ុន ហុន ​ដែល​ទទួលបន្ទុក​រៀបចំ​តាក់តែង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែនរដ្ឋាភិបាល​បាន​បដិសេធ​ធ្វើ​អត្ថាធិបាយ​។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​និរាករណ៍​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ចោល​ដោយ​លើក​ហេតុផល​ថា​មិន​ចាំបាច់ និង​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការជួបជុំ ការបង្កើត​អង្គការ និង​ការសម្ដែង​មតិ​ផ្សេងៗ​តែប៉ុណ្ណោះ​។ ក្រុម​អង្គការ​ទាំងនេះ​លើកឡើងថា​កិច្ចប្រជុំ​រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រសួងមហាផ្ទៃ​កាលពី​ពេល​កន្លងមក​បានបញ្ចប់​ទៅដោយ​មិនមាន​លទ្ធផល​ជា​វិជ្ជមាន ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ច្បាប់​នេះ​មាន​ភាពល្អប្រសើរ​ទេ​ពោល​គឺ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​តែម្ដង​។

សេចក្តី​ថ្លែងការណ៍​នោះបាន​បញ្ជាក់​ថា​៖ «​យើងខ្ញុំ​ជឿជាក់​ថា​ក្រុម​សង្គម​ស៊ីវិល​សហគមន៍​មូលដ្ឋាន និង​សមាគម​ក្នុងស្រុក​គួរ​ត្រូវបាន​អនុវត្ត​ការងារ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការរឹតត្បិត​និង​រំលោភបំពាន​ក៏ដូចជា​ការជ្រៀតជ្រែក​ពី​សំណាក់​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​»៕