កណ្ដាល: ក្រសួង​រៀបចំ​ដែនដី​នៅ​មិនទាន់បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ចំណាត់ការ​របស់​ក្រសួង​នេះ​ចំពោះ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកណ្តាល​ម្នាក់ ដែល​រងការចោទ​ថា សមគំនិត​លួច​លក់​ដី​ពលរដ្ឋ​ចំនួន​ ៨៣ ​ហិកតា​ទៅតាម​ការជូន​ដំណឹង​របស់​ក្រសួង​យុត្តិធម៌​តាម​សំណើ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។

ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ងិន ពេជ បាន​រាយការណ៍​អំពី​ការឃុបឃិត​គ្នា ក្លែង​ឯកសារ​របស់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​ដែល​បាន​លក់​ដី​ពលរដ្ឋ​ចំនួន ៨៣ ហិកតា​ដាក់​ជូន​លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​រាយការណ៍​បន្ត​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ចាត់វិធានការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​។

តាម​លិខិត​របស់​លោក ងិន ពេជ ផ្ញើជូន​លោក​ អង្គវង្ស វឌ្ឍានា កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើបបាន​ទទួល​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​ចំនួន​ ៤ ​នាក់​ដែល​ប្ដឹង​លោក នៅ សាត អតីត​ប្រធាន​ភូមិបាល​ស្រុក​កណ្តាលស្ទឹង និង​បច្ចុប្បន្ន​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​ហើយ​បាន​ពិនិត្យ​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​ ១០ ​ខែ​មេសា ឆ្នាំ​ ២០១៩ ​រួច​មក​ហើយ​។

លោក ងិន ពេជ បន្តថា តំណាង​អយ្យការ​បាន​ស្រាវជ្រាវ​អង្កេត​បឋម​រកឃើញ​ថា​ឈ្មោះ នៅ សាត មាន​តម្រុយ​សន្មត​ថា ជាប់​ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ប្រើប្រាស់​លិខិត​ក្លែង​ និង​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​ ២០១៥ ​នៅ​ចំណុច​ក្នុងភូមិ​ជើងព្រៃ និង​ភូមិ​តាដោល ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង​។

លោក​បញ្ជាក់​ថា​៖ «​ហេតុ​ដូច្នេះ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​ការស៊ើបសួរ​លើ​ឈ្មោះ នៅ សាត ពីបទ​ក្លែងបន្លំ​តាម​មាត្រា ៦២៦ និង​មាត្រា ៦២៧ នៃ​ក្រម​ព្រហ្មទណ្ឌ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៣១៤០ ចុះ​ថ្ងៃទី​ ១៩ ​ខែ​កក្កដា ឆ្នាំ​ ២០១៩ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ពី​ម្សិលមិញ​ថា នីតិវិធី​ច្បាប់ គឺ​ការសម្រេច​នៅ​លើ​តុលាការ​បើ​មាន​ការចោទប្រកាន់​គឺ​គេ​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​បន្ថែម​ទៀត ប៉ុន្ដែ​មិនទាន់​កំណត់​ថា បុគ្គល​ម្នាក់​នោះ​មានទោស​នៅ​ឡើយ​ទេ គឺ​គ្រាន់តែ​មានការ​ចោទប្រកាន់ និង​បើក​ការ​ស៊ើបសួរ​នៅឡើយ​។

លោក​បន្តថា​ ជា​គោលការណ៍ បើ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រីរាជការ គឺ​ព្រះរាជអាជ្ញា​ត្រូវ​ជូនដំណឹង​មក​ក្រសួងយុត្តិធម៌​ហើយ​ក្រសួងយុត្តិធម៌​ជូនដំណឹង​បន្ត​ទៅ​ក្រសួងសាមី​។ បើ​គាត់​ជា​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​រៀបចំ​ដែនដី ទើប​ព្រះរាជអាជ្ញា​មិន​អាច​ធ្វើ​លិខិត​ដាក់​ទៅ​ក្រសួង​ដែនដី​ផ្ទាល់​ទេ​គឺ​គាត់​ត្រូវ​រាយការណ៍​មក​ក្រសួង​យុត្តិធម៌​សិន ហើយ​ក្រសួង​យុត្តិធម៌​បន្ត​ជូនដំណឹង​នេះ​ទៅ​សាមី​ក្រសួង​របស់​ជនសង្ស័យ​។

លោក​ ម៉ាលីន ​បន្ត​ថា​៖ «​ចំណែក​ដំណើរការ​នីតិវិធី​គឺ​ដំណើរការ​ទៅ​មុខ​ជានិច្ច​ហើយ​គាត់​មានទោស​ ឬ​មិន​មានទោស​គឺ​ស្ថិត​នៅលើ​តុលាការ​ជា​អ្នកសម្រេច បើ​រក​មិនឃើញ​មានទោស​ទេ​គឺ​គាត់​រួច​ផុត​ពី​ការចោទប្រកាន់​ទៅ​»​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី និង​លោក លឹម ចាន់សូភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្តកណ្ដាល មិនទាន់​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ពលរដ្ឋ​ជាដើម​បណ្ដឹង​ចំនួន ៤ នាក់​រួមមាន ឈ្មោះ អៀ ម៉េងឃីម អាយុ​ ៤៤ ​ឆ្នាំ រស់នៅ​ខណ្ឌ​ដូនពេញ ប្រាក់ លីម អាយុ​ ៤៩ ​ឆ្នាំ​រស់នៅ​ខណ្ឌ​ទួលគោក ថេង គឹមសាយ អាយុ​ ៥០ ​ឆ្នាំ​រស់នៅ​ស្រុក​ល្វាឯម និង​ឈ្មោះ កុល ច័ន្ទសុវត្ថា អាយុ​ ៥០ ​ឆ្នាំ រស់នៅ​ខណ្ឌ​ចំការមន​។

ពួកគាត់​ទាំង​ ៤ ​នាក់​សរសេរ​លិខិត​រួមគ្នា​រាយការណ៍​ជូនទៅ​សាលាដំបូង​រាជធានី​ចុះ​ថ្ងៃទី​ ១០ ខែ​មិថុនា​ឆ្នាំ​ ២០១៩ ​ដោយ​រៀបរាប់​ថា កាលពី​អំឡុង​ឆ្នាំ​ ២០០៧-២០០៨ ​ពួកគាត់​បានរួម​គ្នា​ទិញ​ដីស្រែប្រាំង​ពី​ពលរដ្ឋ​សរុប​ ៨៣ ហិកតា​ដែល​ស្ថិត​នៅ​ភូមិ​ជើងព្រៃ និង​ភូមិ​តាដោល ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង​ក្នុង​តម្លៃ ០,៧ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ដោយ​ពួកគាត់​មាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ និង​លិខិត​ប្រគល់​ប្រាក់​ថ្លៃ​ដី​ព្រមទាំង​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ត្រឹមត្រូវ​តាមច្បាប់​។ លិខិត​បន្តថា​លុះ​ដល់​ថ្ងៃ​ ១០ ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ឈ្មោះ នៅ ភារម្យ និង​មាន​បក្ខពួក​ ៩ ​នាក់​ផ្សេងទៀត​បាន​ឃុបឃិត​គ្នា​ក្លែងបន្លំ​ស្នាម​មេដៃ​ពួកគាត់​នៅក្នុង​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដីស្រែ​នេះ​។

ដោយ​មាន​ការសម្របសម្រួល​ឯកសារ​ពី​លោក នៅ សាត អតីត​ប្រធាន​ភូមិបាល​ស្រុក​កណ្តាលស្ទឹង​ និង​បច្ចុប្បន្ន​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត ហើយ​ប្រើប្រាស់​លិខិត​ក្លែង​ខាងលើ​ដើម្បី​យក​ដី​របស់​ពួកគាត់​ទៅ​លក់​ឲ្យ​ឈ្មោះ យ៉ែម រចនា ​រហូត​ឈាន​ដល់​ការចេញ​បណ្ណ​កម្មសិទ្ធិ​​ (​ប្លង់រឹង​) ​នៅ​ទីតាំង​ដី​ខាង​លើ​នេះ​បើ​ទោះបី​ជា​មានការ​ប្ដឹង​ជំទាស់​នឹង​ការចេញ​បណ្ណកម្មសិទ្ធិ​ពី​សំណាក់​ពួកគាត់​ដែល​ជា​ម្ចាស់​ដី​ក្តី​។

«​បច្ចុប្បន្ន​តុលាការ​រាជធានី​បាន​និង​កំពុង​ចេញ​ដីកា​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​នៅ ភារម្យ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្លែង​ឯកសារ​ខាងលើនេះ​។ អាស្រ័យ​ហេតុនេះ​សូម​លោក​ព្រះរាជអាជ្ញា​ជួយ​ពិនិត្យ និង​សម្រេច​ចោទប្រកាន់​ជនល្មើស​ខាងលើ​ទៅ​តាម​ផ្លូវច្បាប់ ហើយ​យើង​ខ្ញុំ​សុំ​ទាមទារ​ដី​ទាំងអស់​មកវិញ និង​សុំ​ទាមទារ​សំណង​ការ​ខូចខាត​ពេលវេលា​ជំងឺ​ចិត្ត​ជា​ប្រាក់​ចំនួន​ ៤០ ​ម៉ឺន​ដុល្លារ​អាមេរិក​»​។

មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​លោក នៅ សាត ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ថា​លោក​ នៅ សាត កាលពី​ថ្ងៃទី​ ៣ ខែ​មិថុនា ឆ្នាំ ២០១៩ បាន​ចូលទៅ​បំភ្លឺ​ទៅតាម​ការកោះហៅ​របស់​លោក ងិន ពេជ ម្តង​រួចហើយ ពាក់ព័ន្ធ​សំណុំរឿង​ «​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ប្រើប្រាស់​លិខិត និង​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​»​នេះ​៕