ភ្នំពេញៈ ក្រសួងការបរទេស កម្ពុជា​នឹងធ្វើ​មោឃភាព​លិខិត​ឆ្លង​ដែន​ការទូត​ដែល​បាន​ចេញ​ឲ្យ​ជន​បរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឯ​ក្រុម​អ្នក​វិភាគ​ជឿជាក់​ថា វា​អាច​មាន​អ្វី​មួយ​ជាប់​ទាក់​ទង​ទៅ​នឹង​សេចក្តី​រាយ​ការណ៍​ដែល​លើក​ឡើង​ថា​លោកស្រី​យីង​ឡាក់ កំពុង​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា។

កាលពី​ចុង​សប្តាហ៍​នេះ​រដ្ឋាភិ​បាល​បានចេញ​សារាចរ​ណែនាំ​មួយ​ស្តីពី​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ការទូត​ដល់​ជន​បរទេស​ដែល​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជា​ទីប្រឹក្សា​ឬ​ជំនួយការ​សម្រាប់​ឥស្សរជន​នយោបាយ និង​ស្ថាប័ន​នានា។

សារាចរ​ណែនាំ ២ ទំព័រ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី៩ ខែមករា ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​កាល​ពី​ថ្ងៃ​សៅរ៍ បញ្ជាក់​ថា​កន្លង​មក​រាជ​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា ឥស្សរជន និង​ក្រសួង ស្ថាប័ន​មួយ​ចំនួន​បាន​តែង​តាំង​បុគ្គល​ដែល​ជា​ពលរដ្ឋ​បរទេស ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជំនួយការ ហើយ​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ​មាន​ខ្លះ​បាន​ចូល​សញ្ជាតិ​ខ្មែរ និង​បាន​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ការទូត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

សារាចរ​ណែនាំ​នោះ​រៀបរាប់ថា ដើម្បី​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​លិខិត​ឆ្លង​ដែន​ការទូត​មិន​ត្រឹមត្រូវ​ទៅ​តាម​បេសកកម្ម​ស្រប​តាម​អនុ​ក្រឹត្យ​ចុះ​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០០៨ នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ថា លិខិត​ឆ្លង​ដែន​ការទូត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​ត្រូវ​ផ្តល់​ជូន​ទីប្រឹក្សា​ឬ​ជំនួយ​ការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ​ទេ លើក​លែង​តែ​ក្នុង​ករណី​ដែល​រាជ​រដ្ឋាភិបាល​យល់​ថា ចាំបាច់​បំផុត។

សារាចរ​ណែនាំ​បញ្ជាក់ថា៖ «រាល់​ក្រសួង​ស្ថាប័ន​មាន​ភារកិច្ច​ប្រមូល​លិខិត​ឆ្លង​ដែន​ការទូត​ដែល​ក្រសួង​ស្ថាប័ន​នោះ​បាន​ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន​ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិ​តឆ្លង​ដែន​ការទូត​ទាំង​នោះ​ជូន​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្ដិការ​អន្តរជាតិ មិន​ឲ្យ​ហួស​រយៈពេល ១ ខែ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​សារាចរ​នេះ»។

លិខិត​ដដែល​បន្ថែមថា៖ «ក្រសួង​ការបរទេស និង​សហ​ប្រតិបត្ដិការ​អន្ដរជាតិ​មាន​ភារកិច្ច​ពិនិត្យ​និង​ធ្វើ​មោឃភាព​លិខិត​ឆ្លង​ដែន​ការទូត​ទាំង​នោះ ដែល​កន្លង​មក​ត្រូវ​បាន​ផ្តល់​ជូន​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត»។

សារាចរ​ណែនាំ​ក៏បាន​បង្គាប់​ឲ្យ​ក្រសួងមហាផ្ទៃ​ទប់ស្កាត់​ការប្រើប្រាស់​លិខិត​ឆ្លង​ដែន​ការទូត​ទាំង​នោះ​សម្រាប់​ការ​ចេញ​ចូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែរ។

លោក​កេ​ត សុផាន់ អ្នក​នាំពាក្យ​ក្រសួងការបរទេស ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ក្រសួង​ការបរទេសបានស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ចេញ​សារាចរ​ណែនាំ​នេះ។

លោក​បន្តថា៖ «យើង​ស្នើ​ក្រសួងមហាផ្ទៃ​និង​ក្រសួង​ពាក់ព័ន្ធ​នានា​ឲ្យ​ប្រមូល​លិខិត​ឆ្លង​ដែន​ការទូត​សម្រាប់​ទីប្រឹក្សា​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រមូល​ទៅ​ក្រសួង​ការបរទេស​ឲ្យ​អស់​ក្នុង​រយៈពេល ១ ខែ»។

ប៉ុន្តែ​លោក​បាន​បដិសេធ​អត្ថាធិប្បាយ​ថា តើ​នឹងមាន​ចំណាត់ការ​អ្វី​បន្ទាប់​ប្រសិន​បើ​ជន​បរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ទាំង​នោះ​នៅ​តែ​បន្ត​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​បែប​នេះ​នោះ។

សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយពេល​កាសែត​ជា​ភាសារ​អង់គ្លេស South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​កាល​ពី​សប្ដាហ៍​មុន​បាន​រាយការណ៍​ថា លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​កំពុង​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ខែ​សីហា។

ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​កាល​ពី​សប្តាហ៍​មុន​ដោយ​បាន​និយាយ​ថា កម្ពុជា​មិន​ធ្លាប់​បាន​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​លោកស្រី​យីងឡាក់ ទេ។

ទាក់ទង​ទៅនឹង​សេចក្តី​រាយការណ៍​ថា តើ​លោកស្រី​យី​ង​ឡាក់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដែរ​ឬទេ​នោះ លោក​សុផាន់ ថ្លែង​ថា ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត South China Morning Post គឺមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​កាសែត Asia Times ដែរ​ដែល​ធ្លាប់​រាយ​ការណ៍​ថា មាន​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ចិន​នៅ​ខេត្ត​កោះកុង។

លោក​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ពួកគេ​ចេញ​ផ្សាយ​ព័ត៌មាន​ដោយ​មាន​ចេតនា ពី​មុន​កាសែត Asia Times ឥឡូវ​កាសែត South China Morning Post»។

លោក​ផាត សុ​ផានិត អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ម្សិលមិញ​ថា ក្រសួង​មហាផ្ទៃ​មិន​បាន​ពិនិត្យ​លិខិត​ឆ្លង​ដែន​ការទូត​ហើយ​មិន​មាន​តួលេខ​ថា តើ​លិខិត​ឆ្លង​ដែន​បែប​នោះ​ត្រូវ​បាន​ផ្តល់​ជូន​ឲ្យ​ប៉ុន្មាន​នាក់​ហើយ​នោះ​ទេ។ ក្រសួង​មហាផ្ទៃ​គ្រប់គ្រង​តែ​លិខិត​ឆ្លង​ដែន​ធម្មតា​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យើង​កំពុង​ព្យាយាម​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នេះ​ឱ្យ​បាន​ជោគ​ជ័យ»។

លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា​សារាចរ​នេះ​អាច​ជាប់​ទាក់​ទង​នឹង​ព័ត៌មាន​ដែល​រាយ​ការណ៍​ថា​លោកស្រី​យីង​ឡាក់ កំពុង​ប្រើ​លិខិត​ឆ្លង​ដែន​កម្ពុជា។

លោក​ថា៖ «វា​មិន​ចាំបាច់​ឲ្យ​ក្រសួង​ធ្វើការ​ស៊ើប​អង្កេត​ទេ។ ប្រសិន​បើ​សារ​ព័ត៌មាន​ផ្សព្វផ្សាយ​ហើយ​យើង​ធ្វើការ​ស៊ើប​អង្កេត​លើ​រឿង​នេះ​រឿង​នោះ សួរថា តើ​ក្រសួង​នឹង​រវល់​ជាមួយ​នឹង​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន​ទាំង​នោះ​យ៉ាង​ណា​ទៅ? ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា ការ​បដិសេធ​របស់​ក្រសួង​នេះ​គឺ​គ្រប់គ្រាន់​ហើយ។ មិន​ចាំបាច់​ធ្វើការ​ស៊ើបអង្កេត​អ្វី​ទេ​ប្រសិន​បើ​វា​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ថៃ​នោះ»៕NS