ភ្នំពេញៈ មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ករណី​ជាប់ចោទ​បទ «​រួមគំនិត​ក្បត់​» ​សារភាព​កំហុស​ដើម្បី​ទទួលបាន​ការអនុគ្រោះ ក្រោយពី​ជន​ដែល​ពាក់ព័ន្ធ​ជិត​ ១៥០ ​នាក់​បាន​ចេញ​មុខ​សារភាព​មុនពេល​ចាប់ខ្លួន​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា អ្នក​ដែល​ត្រូវបាន​ចាប់​ខ្លួន​ហើយ​នៅតែ​អាច​មាន​ឱកាស​ចេញ​ក្រៅ​ឃុំ​ដោយការ​ដោះលែង ប្រសិន​បើ​ពួកគេ​សារភាព​កំហុស​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​។

លោក​ ម៉ាលីន ថ្លែងថា​៖ «​ច្បាប់​លើកទឹកចិត្ត​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ចូល​សារភាព ហើយ​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​នីតិវិធី​បាន​ន័យ​ថា​ដំណាក់កាល​ទី​ ១ គឺ​មុនពេល​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​។ តាម​មាត្រា​ ៤៥៤ ​នៃ​ក្រមព្រហ្មទណ្ឌ អ្នក​ដែល​ចូល​សារភាព​អាច​រួច​ផុតពី​ការចោទប្រកាន់​គឺ​មិន​ទទួលរង​ការចោទប្រកាន់ ឬ​ផ្ដន្ទាទោស​»​។

លោក​បន្តថា​៖ «​ដំណាក់កាល​ ១ ​ទៀត​គឺ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​គឺ​អ្នក​ដែល​រង​ការចោទប្រកាន់ ហើយ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ច្បាប់​ក៏​លើកទឹកចិត្ត​ឲ្យ​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ដែរ ដើម្បី​ទទួល​បាន​ការអនុគ្រោះ​។ ក្នុងពេល​នោះ​ចៅក្រម​ស៊ើបសួរ​អាច​អនុគ្រោះ​ដោយ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាដើម​។ យើង​ឃើញ​ថា​អ្នក​ដែល​ចូល​សារភាព​កន្លង​មក​មាន​ចំនួន​ច្រើន​អ្នកខ្លះ​សារភាព​មុន​ទទួល​រងការ​ចោទប្រកាន់​។ ចំណែក​ខ្លះទៀត​បាន​សារភាព​ក្រោយ​ពេល​ចោទប្រកាន់​ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែ​តុលា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ ៤៥ ​នាក់ ​ដែល​ជាប់ចោទ​បទ​ «​រួមគំនិត​ក្បត់​» ​ខណៈ​ដែល​មនុស្ស​ ៥៥ ​នាក់​ទៀត​ កំពុងស្ថិត​ក្រោម​ការតាម​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​។ ជាមួយ​គ្នា​នេះ​មនុស្ស​ចំនួន ១៤៣ នាក់​ បាន​ចេញមុខ​សារភាព​ទោស​កំហុស​របស់ខ្លួន​។ នេះ​បើ​យោងតាម​លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។

តួលេខ​នេះ​គឺ​គិត​ចាប់តាំងពី​ពាក់កណ្ដាល​ខែ​កញ្ញា​មក បន្ទាប់ពី​រដ្ឋាភិបាល​បានចាត់ទុក​ការវិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថា​ជា​ផែនការ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​រាជបល្ល័ង្ក​។ ដោយសារ​តែ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ លោក​ប្រកាស​ផ្ដល់​ថវិកា​ដល់​កងទ័ព​ផ្ដាច់ខ្លួន​ក៏​ដូចជា​ការអំពាវនាវ​ពលរដ្ឋ​ឲ្យ​ងើប​ឡើង​ចាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ប៉ុន្តែ​បើតាម​តួលេខ​ពី​សកម្មជន​អតីត​គណបក្សប្រឆាំង​គិត​ចាប់ពី​ដើម​ឆ្នាំ​ ២០១៩ ​នេះ​មក​សកម្មជន និង​អតីត​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ ៥៧ ​នាក់​ ត្រូវបាន​ចាប់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ «​រួមគំនិត​ក្បត់​» និង​បទញុះញង់​។

កាលពី​ថ្ងៃទី​ ២៨ តុលា មនុស្ស​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង​កុបកម្ម​នៅ​អតីត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ ២០១៤ គឺ​លោក​ សំ វុទ្ធី បាន​ចេញ​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បន្ទាប់ពី​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​យោធា​សេវា​ក្រសួង​ការពារជាតិ​។

លោក សំ វុទ្ធី ថ្លែងថា​លោក​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ ថៃ​ ពេល​នោះ​បាន​ជួប​លោក ម៉ន ផល្លា ហើយ​លោក ផល្លា ដែល​ជាប់ចោទ​ពីបទ​ «​រួមគំនិត​ក្បត់​» ​ដែរនោះ​បាន​ឲ្យ​លោក​កៀរគរ​កម្លាំង​មក​ស្វាគមន៍​លោក​ សម រង្ស៊ី នៅ​ថ្ងៃទី ​៩ វិច្ឆិកា​។ ប៉ុន្តែ​លោក​មិន​ធ្វើតាម​ទេ ព្រោះ​ខ្លាច​មាន​ទោស​ម្ដងទៀត​។

លោក វុទ្ធី បាន​ប្រាប់​សមត្ថកិច្ច​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ទណ្ឌិត សម រង្ស៊ី​ និង​បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ក្បត់ជាតិ​។ ដូច្នេះ​ខ្ញុំ​មិន​ធ្វើតាម ខ្ញុំ​ខ្លាច​មាន​រឿង​ម្តងទៀត ព្រោះ​ខ្ញុំ​មាន​រឿង​រួចហើយ​ជាប់គុក​ ២ ​ដង​មិន​មាន​អ្នក​ទៅ​មើល​ទេ ចេញ​មកវិញ​ត្រូវ​រើសអើង​»​។

លោក​មេធាវី សំ សុគង់ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លោក​ទទួល​ការពារ​ក្ដី​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រួមគំនិត​ក្បត់​ប្រមាណ ៣០ ​នាក់ ខណៈ​ដែល​មេធាវី​ផ្សេងទៀត​រួមមាន លោក ជូង ជូងី លោក កែត ឃី និង​លោក ហែម សុជាតិ ត្រូវ​បាន​ពឹងពាក់​ការពារ​ក្ដី​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ផ្សេងទៀត​។ លោក​ថា​ជន​ត្រូវ​ចោទ​ដែល​លោក​ការពារ​នឹង​ចាប់ផ្ដើម​នាំទៅ​តុលាការ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​ ៣១ ​តុលា​តទៅ ដើម្បី​សាកសួរ​បន្ត​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើប​ដែល​លោក​នឹង​អម​ពួកគេ​នៅពេល​ស្ដាប់​ចម្លើយ​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ពលរដ្ឋ​ពិចារណា​ជ្រើសរើស​យក​រវាង «​អំបុក​» ឬ​ «​អំបែង​» នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ខាង​មុខ​នេះ​។

លោក​សរសេរ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​ថា «​អន្តរជាតិ​អម ខ្មែរ​ក្រៅ​ជូន ខ្មែរ​ក្នុង​ទទួល​ប្រៀប​ដូច​ទឹកបាក់​ទំនប់​មិន​អាច​ទប់​បាន​» គឺ​គ្រាន់តែ​ជា​ខ្យល់​ប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា គ្មាន​បរទេស ពិសេស​គ្មាន​ខ្មែរ​ណា​ដែល​ឆោត​ទៅ​ស៊ី​អំបែង​ជំនួស​អំបុក​ឡើយ​។

លោក​បន្តថា​ មាន​តែ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​តែ​មួយ​គត់ និង​ការបោះឆ្នោត​ជា​ទៀងទាត់​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង​តែ​ប៉ុណ្ណោះ ទើប​អាចមាន​របប​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​ចីរភាព​សម្រាប់​ប្រទេស​ជាតិ​បាន​៕

វីដេអូ៖