ព្រះសីហនុ: ក្រសួង​រៀបចំ​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​​បាន​រកឃើញ​សំណង់​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​សាងសង់ និង​ខ្លះ​សង់​រួច​ទាំង​ពុំ​មាន​លិខិត​អនុញ្ញាត និង​ស្នើសុំ​បញ្ឈប់ ខណៈ​សកម្មភាព​​នេះ​មាន​ត្រឹម​តែ​គោលការណ៍​ឱ្យ​ដំណើរការ​ជា​អ្វី​ដែល​មន្ត្រី​អាជ្ញាធរ​អះអាង​ថា ដើម្បី​សម្រួល​ពេលវេលា​ជូន​វិនិយោគិន​។

តាម​លិខិត​ ១ ​ចុះ​ថ្ងៃទី​ ៣ តុលា លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ជម្រាប​ជូន​លោក​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​កម្មវត្ថុ​ថា «​ការបញ្ឈប់​ផ្តល់​គោលការណ៍​ឱ្យ​ដំណើរការ​សាងសង់​មុន​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​»​។

លិខិត​បន្ត​ថា​ការដ្ឋាន​ជាច្រើន​​ក្នុង​ខេត្ត​នេះ​បាន​និង​កំពុង​សាងសង់ ខ្លះ​ជិត​រួចរាល់​ទាំង​ស្រុង​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​សាងសង់ មាន​តែ​គោលការណ៍​ឱ្យ​ដំណើរ​ការសាងសង់​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ ៨៦ អនក្រ.បក ចុះ​ថ្ងៃទី​ ១៩ ខែ​ធ្នូ ឆ្នាំ​ ១៩៩៧ ស្តីពី​លិខិត​អនុញ្ញាត​​សាងសង់​បណ្តាល​ឱ្យ​មាន​បទល្មើស​សំណង់​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ សោភណភាព និង​គុណភាព​សំណង់​។

ក្នុង​លិខិត​នោះ​លោក ឆាន់ សាផាន បាន​ស្នើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ការចេញ​លិខិត​ជាគោលការណ៍​នេះ​មុន​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់​ឱ្យ​គោរព​តាម​បទដ្ឋាន​គតិយុត្ត​ និង​បច្ចេកទេស​ជា​ធរមាន​។

លោក​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា លោក​នឹង​អនុវត្ត​តាម​ការណែនាំ​នេះ​ និង​សុំ​អនុសាសន៍​បន្ថែម​ប្រសិន​បើ​មាន​កិច្ចការ​ចាំបាច់​។ លោក​ថា​ខ្វះ​ចន្លោះ​កន្លង​មក​គឺ​​ដើម្បី​សម្រួល​ពេល​ដល់​វិនិយោគិន​ព្រោះ​បើ​ចាំ​ច្បាប់​ពេញ​លេញ​នឹង​ត្រូវ​ចំណាយពេល​យូរ​។

លោក​បន្ត​ថា​ការរកឃើញ​នេះ​​គឺ​ត្រឹមត្រូវ​ហើយ ព្រោះ​កន្លង​មក​អាជ្ញាធរ​ខេត្តុ​ធ្លាប់​បាន​ចុះ​ហាមឃាត់​ការដ្ឋាន​ច្រើន​កន្លែង​ដែរ​ ខណៈ​ពួកគេ​ផ្ដើម​សាងសង់​ដោយ​មិន​បាន​ជូន​ដំណឹង​។ ​ប៉ុន្តែ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទថា លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

លោក យន្ត មីន បញ្ជាក់​ថា​៖ «​បញ្ហា​គេ​ចោទ​ខ្ញុំ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​អនុញ្ញាត​ឲ្យ​គេ​សាងសង់​ខុស​ច្បាប់​បែប​នេះ​គឺ​ថា​គេ​ចេះ​តែ​ថា​ទៅ ខ្ញុំ​មិន​អាច​ទៅ​បិទមាត់​ពួកគេ​បាន​ទេ ខ្ញុំ​គ្មាន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​អ្វី​ទេ​។ កន្លង​មក​យើង​ចេះ​តែ​យោគយល់​ដល់​ភ្ញៀវ​គេ​មក​វិនិយោគ​ប្រទេស​យើង អ៊ីចឹង​យើង​ចេះ​តែ​ជួយ​សម្រួល​ទៅ ប៉ុន្ដែ​បើ​មាន​ការ​ណែនាំ​អ៊ីចឹង ខ្ញុំ​គ្រាន់​តែ​អនុវត្តតាម​ហ្នឹង​ទៅ​»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​ និង​ព្រៃឈើ​កម្ពុជា​បាន​យល់​ឃើញ​ថា មិន​ថា​តែ​ច្បាប់​សាងសង់​នៅ​​ខេត្ត​ព្រះសីហនុ​ទេ សូម្បី​សំណង់​​នៅ​ភ្នំពេញ​ក៏​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ដែរ​។ ការអនុវត្ត​ច្បាប់​សាងសង់​មួយ​ចំនួន​នៅ​កម្ពុជា​អនុវត្ត​មិន​ស្មើភាព និង​នៅ​មាន​កម្រិត​ច្រើន​។

លោក​បន្ត​ថា​ករណី​នៅ​ខេត្ត​ព្រះសីហនុ​នេះ​លោក​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​ហាក់​មាន​ការ​សាងសង់​អនាធិបតេយ្យ ហើយ​អាច​នឹង​មាន​ការលំបាក​ច្រើន​ក្នុង​ការ​ទប់ស្កាត់​ដោយ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចៀសវាង​បង្ក​ភាព​អនាធិបតេយ្យ​។

លោក​ថា​៖ «​ខ្ញុំ​មិន​អាច​វាយតម្លៃ​អ្វីឲ្យ​ស៊ីជម្រៅ​ទេ ប៉ុន្ដែ​កន្លង​មក​ការអនុវត្ត​ច្បាប់​ធូររលុង​​គឺ​វា​តែងតែ​អម​ជាមួយ​នឹង​អំពើ​ពុករលួយ​ជាក់​ជា​មិនខាន​ទេ ហើយ​បើ​ចង់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព វា​ទាល់​តែ​យើង​កុំ​លូកលាន់​នឹង​អំពើ​ពុករលួយ​»​។

យ៉ាង​ណា​ក្ដី​ក្រោយ​ចេញ​លិខិត​នេះ​ផ្ញើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្រសួង​រៀបចំ​ដែនដី​កាលពី​ម្សិលមិញ​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ ៦ ​ក្រុម​ឲ្យ​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​។

តាម​សេចក្តី​សម្រេច​ «​ក្រុម​ការងារ​ត្រូវ​មាន​ភារកិច្ច​ចុះ​តាមដាន​ និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ឲ្យ​អនុវត្ត​ស្រប​តាម​លិខិត​អនុញ្ញាត​សាងសង់​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស និង​ធ្វើ​របាយការណ៍​ផ្ញើជូន​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី​ដើម្បី​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ និង​សម្រេច​»៕