ភ្នំពេញៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសឲ្យមានការស្វែងយល់បន្ថែមអំពីតួនាទីភារកិច្ច និងនីតិវិធីនគរបាលយុត្តិធម៌ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានសហការជាមួយក្រសួងយុត្តិធម៌ បើកវគ្គ «បណ្តុះបណ្តាលមន្ត្រីអធិការកិច្ចវិស័យប្រេងកាត» ដល់មន្ត្រីជំនាញ ២១៦ នាក់ មកពីអគ្គនាយកដ្ឋានប្រេងកាត និងមន្ទីររ៉ែ និងថាមពលទូទាំង ២៥ រាជធានី-ខេត្ត។ នេះបើតាមការអះអាងរបស់លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកាលពីព្រឹកថ្ងៃអង្គារ។
លោក សួរ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចវិស័យប្រេងកាតបន្ថែមទៀតអំពីបែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចក្នុងនាមជានគរបាលយុត្តិធម៌ ដើម្បីចូលរួមបំពេញការងារត្រួតពិនិត្យ និងអនុវត្តនីតិវិធីស៊ើបអង្កេតលើរឿងក្ដីដែលពាក់ព័ន្ធទៅនឹងបទល្មើសក្នុងវិស័យប្រេងកាត និងឧស្ម័ននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
លោក សួរ បានបញ្ជាក់ថា៖ «នេះជាវគ្គបណ្ដុះបណ្ដាលដំបូងបំផុត បន្ទាប់ពីច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ដែលក្នុងបទប្បញ្ញត្តិនៃច្បាប់នេះបានតម្រូវឲ្យក្រសួងរ៉ែ និង ថាមពល បង្កើតក្រុមការងារត្រួតពិនិត្យ និង អធិការកិច្ចក្នុងវិស័យប្រេងកាតនេះ»។
លោក សួរ ថ្លែងថា វគ្គបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ចវិស័យប្រេងកាតនេះធ្វើឡើងរយៈពេល ៣ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ២០១៩។
លោកក៏បានសម្ដែងនូវក្ដីរំពឹងទុកជាមុនផងដែរថាសិក្ខាកាមទាំងអស់នៅក្នុងវគ្គនេះនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗបន្ថែមទៀតពីគ្រូឧទ្ទេសដែលមកពីក្រសួងយុត្តិធម៌ទាក់ទងទៅនឹងការកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវីធី ដើម្បីជាប្រយោជន៍យកទៅអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពឲ្យបានហ្មត់ចត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ក្នុងពិធីនោះលោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងថា ការទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ គឺជាកត្តាចាំបាច់ពុំអាចខ្វះបានសម្រាប់មន្ត្រីអធិការកិច្ចក្នុងវិស័យប្រេងកាត។ ជាការពិត ជំនាញបច្ចេកទេសពាក់ព័ន្ធវិស័យប្រេងកាតគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចុះត្រួតពិនិត្យ និង អធិការកិច្ចលើរាល់សកម្មភាពក្នុងវិស័យប្រេងកាត ប៉ុន្តែការយល់ដឹងអំពីបែបបទ នីតិវិធីបំពេញការងារ និងតួនាទីជានគរបាលយុត្តិធម៌ រឹតតែមានសារៈសំខាន់។
លោក ខាវ៉ាន់ បានបញ្ជាក់ថា៖ «បើយើងអនុវត្តតួនាទី និងមុខងាររបស់ខ្លួនពុំបានសមស្រប យើងមិនត្រឹមតែប្រឈមនឹងកំហុសឆ្គងក្នុងការអនុវត្តមុខងារនោះទេ ថែមទាំងអាចធ្វើឲ្យបុគ្គលដែលប្រព្រឹត្តល្មើសក្នុងវិស័យប្រេងកាត រួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ»។
លោក ខាវ៉ាន់ បានឲ្យដឹងថា កន្លងមកដោយសារកង្វះច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និង មន្ត្រីនគរបាលយុត្តិធម៌ក្នុងវិស័យប្រេងកាតបានធ្វើឲ្យបុគ្គលប្រព្រឹត្តបទល្មើសក្នុងវិស័យប្រេងកាតរួចផុតពីការផាកពិន័យ និង ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃស្ថាប័នជំនាញ ពិសេសថ្នាក់ដឹកនាំ ក្រសួងរ៉ែ និង ថាមពល បច្ចុប្បន្នប្រទេសកម្ពុជាមានច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និង ផលិតផលប្រេងកាត និងបានបង្កើតក្រុមការងារត្រួតពិនិត្យ និងអធិការកិច្ចក្នុងវិស័យប្រេងកាតដែលមានតួនាទីជានគរបាលយុត្តិធម៌ក្នុងការចុះត្រួតពិនិត្យ ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបនូវរាល់បទល្មើសក្នុងវិស័យប្រេងកាត។
លោក ខាវ៉ាន់ ក៏បានជំរុញផងដែរដល់សិក្ខាកាមទាំងអស់ផ្ដោតការយកចិត្តទុកដាក់ស្ដាប់ កត់ត្រា និងសួរដេញដោលទៅលើចំណុចសំខាន់ៗនៃបទបង្ហាញរបស់គ្រូឧទ្ទេសនាមទាក់ទងនឹងបែបបទនីតិវិធីបំពេញការងារ និងតួនាទីភារកិច្ចជានគរបាលយុត្តិធម៌ ដើម្បីជាប្រយោជន៍យកទៅអនុវត្តការងារនៃថ្ងៃខាងមុខឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ដោយត្រូវគិតគូរផលប្រយោជន៍ជាតិជាធំ និងចៀសវាងនូវការប្រើប្រាស់សិទ្ធិ អំណាច ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្រសួងយុត្តិធម៌បានចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី និងភារកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីសាធារណៈជាច្រើនដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌។
លោក សន្តិភាព បានថ្លែងថា៖ «ចំណុចសំខាន់របស់មន្ត្រីនគរបាលយុត្តិធម៌ គឺការចុះស្រាវជ្រាវស៊ើបអង្កេតលើរឿងក្ដី ការប្រមូលភ័ស្ដុតាង និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់»៕