ព្រះសីហនុៈ ក្នុង​ជំនួប​ទ្វេភាគី​រវាង​អភិបាល​ខេត្ដ​ព្រះសីហនុ និង​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​ចិន​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ភាគី​ចិន​បាន​ប្ដេជ្ញា​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ជនជាតិ​ចិន​ដែល​បាន​មក​វិនិយោគ និង​ស្នាក់នៅ​ប្រកប​អាជីវកម្ម​នៅ​ខេត្ដ​ព្រះសីហនុ​ឲ្យ​គោរព​ច្បាប់​កម្ពុជា​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​ជំនួប​ទ្វេភាគី​នេះ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​បង្ហាញ​ពី​សម្ទុះ​នៃ​ការអភិវឌ្ឍ​យ៉ាង​គំហុក​របស់​ខេត្ដ​នាពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​កើត​មានឡើង​។ លោក​ថ្លែង​ថា​៖ «​ក្នុង​នោះ​ភាគី​ចិន​បាន​ប្ដេជ្ញា​នឹង​បន្ត​ការអប់រំ ផ្សព្វផ្សាយ ដល់​វិនិយោគិន​ជនជាតិ​ចិន​របស់​ខ្លួន​ដែល​មក​រក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវតែ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​»​។

លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី​នេះ​ថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន​ដោយ​អនុវត្ត​គោលនយោបាយ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ​និង​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ​អនុវត្ត​នូវ​ «​គោលនយោបាយ​ចតុកោណ​» ​ធ្វើឲ្យ​ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ល្អ​ទំហំ​ពាណិជ្ជកម្ម​វិនិយោគ​មាន​ការកើនឡើង ហើយ​លំហូរ​ចូល​នៃ​វិនិយោគិន​ចិន​ធ្វើឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ការកើនឡើង​យ៉ាងខ្ពស់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។ លោក​ថា​ខេត្ត​ព្រះសីហនុ​ប្រែក្លាយ​ការអភិវឌ្ឍ​ជាទី​ក្រុង​សេដ្ឋកិច្ច​ពិសេស​ពហុមុខ​ងារ ដែល​មាន​សំណង់​អគារ​ខ្ពស់ៗ ការដឹកជញ្ជូន សម្ភារ​សំណង់ និង​ទំនិញ​ផ្សេងៗ​ទៀត​តាម​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​មាន​ការកើនឡើង​។ តែ​ក៏​មាន​បញ្ហា​ប្រឈម​ធ្វើឲ្យ​មានការ​ខូចខាត​ផ្លូវថ្នល់ ហើយ​សំរាម ទឹក​កខ្វក់ ក៏មាន​ការកើនឡើង​ដែរ​។

លោក ចំរើន ថ្លែង​ថា​៖ «​ចំណុច​ដែល​រដ្ឋបាលខេត្ត​ត្រូវ​ដោះស្រាយ​គឺ​បញ្ហា​ទឹក​កខ្វក់ ទឹកស្អាត ភ្លើង​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​បំពេញ​បន្ថែម​នៃ​កំណើន​វិនិយោគ​យ៉ាងគំហុក​នេះ​។ លំហូរ​ចូល​នៃ​វិនិយោគិន ពិតជា​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​យើង​មានលទ្ធភាព​ក្នុង​ការកសាង​តាមរយៈ​ចំណូល ពន្ធដារ ចំណូល​ថវិកាជាតិ និង​ថ្នាក់ក្រោម​ជាតិ​មាន​ការកើនឡើង​»​។ «​ទន្ទឹម​នោះ​ការងារ​សន្តិសុខ​ទាមទារ​ឲ្យ​កងកម្លាំង​របស់​យើង​មាន​សមត្ថភាព និង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

លោក LIAO JINRONG អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សន្តិសុខ​សាធារណរដ្ឋ​ចិន​ថ្លែង​ក្នុងជំនួប​នេះ​ថា ប្រទេស​ចិន និង​កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ​យូរអង្វែង និង​រហូត​មក​ដល់​បច្ចុប្បន្ន​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ គឺ​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក​។ លោក​ថ្លែង​ថា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ខែ​កុម្ភៈ​ជា​រៀងរាល់​ឆ្នាំ​។ លោក​ ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​បាន​ពិភាក្សា​ក្នុងការ​អនុវត្ត​ច្បាប់​សម្រាប់​ឆ្នាំ​ ២០១៩ រវាង​ចិន​និង​កម្ពុជា​។ ការកសាង​មិត្តភាព​ប្រទេស​ទាំង​ ២ បង្កលក្ខណៈ​ល្អ​លើ​វិស័យ​ទេសចរណ៍​សេដ្ឋកិច្ច​។

លោក​បញ្ជាក់​ថា​៖ «​ភាគី​ចិន​នឹង​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​ខេត្ដ​ព្រះសីហនុ ត្រូវ​តែ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។ យើង​សង្ឃឹមថា សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មាន​ការអភិវឌ្ឍ​កើនឡើង ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អ​ថែម​ទៀត​នៅពេល​ខាង​មុខ​»​។

លោក សុខ សុខុម ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​សាទរ ចំពោះ​ការប្តេជ្ញា​ចិត្ដ​របស់​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​ចិន​នេះ ដោយ​បញ្ជាក់​ថា​បើសិន​ជា​ការសហការ​រវាង​ប្រទេស​ទាំង​ ២ ​បាន​ល្អ​អំពី​សន្ដិសុខ សុវត្ថិភាព​នោះ​នឹង​ជួយ​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​កាន់តែ​មាន​ល្បឿន​លឿន​ជាង​មុន​។ ប៉ុន្តែ​លោក​ថា​៖ «​បើ​សិន​ការអនុវត្ដ​ច្បាប់​មាន​ការ​ធូររលុង​ធ្វើឲ្យ​អ្នកវិនិយោគ​បរទេស​ដែល​មក​វិនិយោគ​អាច​ផ្គើន​នឹង​ច្បាប់​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​កើត​មានឡើង​។ ជាក់ស្ដែង​ដូច​ពេល​កន្លង​មក​មាន​ករណី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​»​។

ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​កម្ពុជា​បាន​ចាប់បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ជាង ៥០០ ​នាក់​ត្រឡប់​ទៅ​ចិន​វិញ ហើយ​កាលពី​ថ្ងៃទី​ ១៥ សីហា សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​បាន​ចាប់​ជនជាតិ​ចិន ​១២៧ ​នាក់​ទៀត​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​៕