ភ្នំពេញៈ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ មានអ្នកជំងឺកូវីដ ១៩ ចំនួន ៩ នាក់ ត្រូវបានព្យាបាលជាសះស្បើយបន្ថែមទៀត ខណៈរកឃើញវិជ្ជមាន ០១ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលទើបចេញផ្សាយមុននេះ។
អ្នកត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ ១៩ គឺបុរសជនជាតិខ្មែរអាយុ ៥៨ ឆ្នាំ (រស់នៅសណ្ឋាគារនៃខេត្តព្រះសីហនុ) ដែលជាអ្នកគ្រប់គ្រង និងជាអ្នកធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំង និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយទេសចរបារាំង ដែលមានផ្ទុកជំងឺកូវីដ ១៩ ដែលបានរកឃើញនៅក្រុងព្រះសីហនុ។
គិតមកដល់ពេលនេះ អ្នកព្យាបាលជាសះស្បើយសរុបកើនដល់ ៣៤ នាក់ ធ្វើឲ្យអ្នកដែលកំពុងសម្រាកព្យាបាលបានធ្លាក់ចុះមកនៅត្រឹម ៧៤ នាក់ ក្នុងចំណោមអ្នកកើតជំងឺកូវីដ ១៩ សរុបទាំងអស់ ១១០ នាក់ (ស្ត្រី ៣០ នាក់ និងបុរស ៨០ នាក់)។
បើតាមក្រសួងសុខាភិបាល អ្នកទាំង ៩ នាក់ ដែលទើបត្រូវបានព្យាបាលជាសះស្បើយនោះរួមមាន (ជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិកម្នាក់ នៅរាជធានីភ្នំពេញ និងជនជាតិបារាំង ៧ នាក់ នៅខេត្តព្រះសីហនុ)៕