ភ្នំពេញៈ មន្ត្រីថានៅក្នុងឆ្នាំ ២០២០ មន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីតាមឃុំ សង្កាត់ទាំងអស់ចំនួន ១៦៤៨ នៅទូទាំងប្រទេសស្ដីពីការប្រើប្រាស់កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការផ្ដល់ថវិកាក្នុង ១ ឃុំសង្កាត់រយៈពេល ៣ ទៅ ៤ ឆ្នាំទៀតនឹងកើនដល់ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ឌី សូវ៉ាន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចបានលើកឡើងថា កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់គឺមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ ២០២០ នឹងកើនដល់រង្វង់ ៦ ដល់ ៧ ម៉ឺនដុល្លារ ហើយក្នុង ២០២៣ ឬ ២០២៤ ខាងមុខនឹងកើនឡើងបន្ថែមទៀតដល់ ១០ ម៉ឺនដុល្លារ។
លោកថាស្របពេលថវិកាថ្នាក់ជាតិទម្លាក់ទៅតាមឃុំសង្កាត់មានការកើនឡើងបែបនេះគឺទាមទារឲ្យមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុតាមឃុំសង្កាត់ទាំងអស់ ត្រូវមានសមត្ថភាពបន្ថែមទៀតក្នុងការប្រើប្រាស់ថវិកាទាំងនោះឲ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ និងនីតិវិធីលទ្ធកម្ម។
លោក សូវ៉ាន់ ថ្លែងថា៖ «ពាក់ព័ន្ធនឹងឃុំ សង្កាត់ ពីមុនយើងព្យាយាមបណ្ដុះបណ្ដាលដែរគឺក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃបានបណ្ដុះបណ្ដាលរហូតមក។ ប៉ុន្តែដូចខ្ញុំបានលើកអ៊ីចឹង! តម្រូវការនៃការប្រើប្រាស់ថវិកា និងសមត្ថភាពនៃការប្រើប្រាស់ថវិកា វាកាន់តែវិវឌ្ឍដោយសារថវិកាកើនឡើង អ៊ីចឹងទាមទារនូវ (សមត្ថភាពមន្ត្រីឃុំ សង្កាត់) រៀបចំថវិកាឲ្យបានល្អ ការទូទាត់ ការធ្វើផែនការ និងកិច្ចលទ្ធកម្មហ្នឹងឲ្យបានកាន់តែល្អ»។
មន្ត្រីរូបនេះបន្តថាក្នុងរយៈពេល ១ ឆ្នាំនៃឆ្នាំ ២០២០ ខាងមុខនេះ មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ១ ឬ ២ នាក់នៅតាមឃុំសង្កាត់ទូទាំងប្រទេសដែលត្រូវជាស្មៀន ឬជាជំនួយការរបស់ស្មៀននឹងត្រូវអញ្ជើញមកទទួលវគ្គបណ្ដុះបណ្ដាលដោយមន្ត្រីជំនាញនៅឯទីស្ដីការក្រសួងសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញស្ដីពីជំនាញ និងបច្ចេកទេសក្នុងការរៀបចំផែនការថវិកា ការប្រើប្រាស់ថវិកា និងការទូទាត់ថវិការបស់ឃុំសង្កាត់ ដើម្បីឲ្យកាន់តែមានគណនេយ្យភាពជាងមុន។
លោក កែវ ប៊ុនលី ប្រធានស្តីទីកម្មវិធីអភិវឌ្ឍន៍នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលចង់ឲ្យការបណ្ដុះបណ្ដាលនាឆ្នាំក្រោយនេះ ធ្វើយ៉ាងណាឲ្យឃុំសង្កាត់ទាំងអស់ចេះរៀបផែនការថវិកា និងការប្រើប្រាស់ថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋានស្របទៅតាមការចង់បានជាក់ស្ដែងរបស់ពលរដ្ឋតាមឃុំសង្កាត់នីមួយៗ និងត្រូវប្រាកដថា ការអភិវឌ្ឍទាំងនោះមាននិរន្តរភាពជាងពេលបច្ចុប្បន្ន។
លោក ប៊ុនលី ថ្លែងថា៖ «និរន្តរភាពហ្នឹងគឺមានន័យថា ជាយុទ្ធសាស្ដ្រវែងឆ្ងាយ។ ខ្ញុំលើកឧទាហរណ៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ (ក្នុងឃុំសង្កាត់) អ៊ីចឹងយើងគួរតែគិតមើលថា តើអ្វីដែលកសាងហ្នឹង វាមានលក្ខណៈធន់នឹងការប្រែប្រួលអាកាសធាតុដែរទេ ជាជាងធ្វើហើយខូច ខូចហើយធ្វើ ឬរើចុះរើឡើង»។
លោក លឹម ពីសៀក សមាជិកក្រុមប្រឹក្សាឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់បានឲ្យដឹងដែរថា កន្លងមកថវិកាដែលឃុំទទួលបានក្នុង ១ ឆ្នាំៗពីថ្នាក់ជាតិគឺបានប្រើប្រាស់ផ្ដោតសំខាន់តែទៅលើការសាងសង់ថ្មី ឬជួសជុលឡើងវិញផ្លូវក្រហម និងប្រព័ន្ធប្រឡាយទឹក។ ថវិកាកំណត់ដោយថ្នាក់ជាតិសម្រាប់ប្រគល់ឲ្យឃុំ គឺមិនអាចប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងអស់ដែលឃុំបានដាក់ចេញឡើយ។ កាលពីឆ្នាំ ២០១៨-២០១៩ កន្លងទៅនេះ ឃុំទទួលបានថវិកាជាង ១០០ លានរៀល ហើយក្នុងនោះចំនួន ១១០ លានរៀល គឺបានប្រើប្រាស់សម្រាប់ធ្វើប្រឡាយទឹកថ្មីមួយខ្សែអស់ចំនួន ១១០ លាន ហើយសេសសល់ពីនោះតិចតួចទៀត បង្វែរទៅធ្វើលូបង្ហូរទឹក។ ក្រៅពីហ្នឹង គម្រោងផ្សេងទៀតអត់បានធ្វើអីទេ។
ការលើកឡើងរបស់អ្នកពាក់ព័ន្ធទាំងនេះបានធ្វើឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចូលរួមរបស់ពលរដ្ឋដែលរៀបចំឡើងកាលពីថ្ងៃអង្គារក្នុងសប្ដាហ៍ទី ៣ ខែកញ្ញាក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ។ វេទិកានេះរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) និងអង្គការពាក់ព័ន្ធនានាមួយចំនួនទៀតហើយមានការចូលរួមពីតំណាងធនាគារ ADB តំណាងសហភាពអឺរ៉ុបមន្ត្រីឃុំសង្កាត់ និងនិស្សិតសរុបប្រហែល ២០០ នាក់។ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅនាពេលអនាគតក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕