ភ្នំពេញៈ ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា ​ដោយមាន​កិច្ចសហ​ការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ កំពុងស្វែង​រក​ជន​ដែល​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ទទួល​ធ្វើ​សញ្ញាបត្រ​បាក់ឌុប ​និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក។

ក្រសួង​អប់រំ យុវជន​ និង​កីឡា កាល​ពី​ម្សិល​មិញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មួយ​ដែល​ក្រសួង​អះអាងថា​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បោក​ប្រាស់​ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រសួង​អប់​រំ យុវជន​ និង​កីឡា។ ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ក្រសួង​នោះ​គឺ​ការ​ប្រកាស​ទទួល​ធ្វើ​សញ្ញាបត្រ​បាក់​ឌុប និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​បាន​បញ្ជាក់​ថា ​ការ​ប្រ​កាស​ធ្វើ​សញ្ញា​បត្រ​នេះ​ត្រូវបាន​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​ឈ្មោះ​ «សេ​វា​ផ្សេង​ទៀត»​ ប៉ុន្តែ​បើ​តាម​រូបភាព​ដែល​ចែក​ចាយ​នៅ​​លើ​បណ្ដាញ​ហ្វេសប៊ុក ​សេវាកម្ម​ធ្វើ​សញ្ញាបត្រ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៤ ​ឧសភា ២០១៩ ​នៅ​លើ​គេហទំព័រ​សម្រាប់​លក់​ផលិតផល​តាម​អនឡាញ។

បើ​តាម​រូបភាព​នៅ​លើហ្វេសប៊ុក ​ម្ចាស់​អាខោន​លក់​តាម​អនឡាញ​ដែល​បង្ហោះ​មាន​ឈ្មោះ Ty Hak ​បាន​សរសេរ​ថា ​«តម្លៃ​សម្រាប់​សញ្ញា​បត្រ​បាក់​ឌុប​គឺនិទ្ទេស E $១៣០០ ​D $១៤០០ C $១៥០០​ ធានា​​អាច​ប្រើ​ប្រាស់​បាន​ និង​មាន​កូដ​របស់​ក្រសួង​ តម្លៃ​សម្រាប់​បរិញ្ញាបត្រ $៣០០០​ គ្រប់​ផ្នែក​លើក​លែង​តែ​សញ្ញាបត្រ​ពេទ្យ»។

ព័ត៌មាន​អំពី​សេវាកម្ម​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​លក់​ផលិត​ផល​អន​ឡាញ​ ២ គឺ ​ khmer24 ​និង myphsar​ កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា​កន្លង​ទៅ ប៉ុន្តែ​ម្ចាស់​អាខោន​បាន​លុប​ចោល​វិញ​។ ភ្នំពេញប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លេខ​ដែល​ដាក់​នៅ​លើ​សេវាកម្ម​នោះ ​ប៉ុន្តែ​បុរស​ម្នាក់​បាន​លើក​ហើយ​និយាយ​ថា ខ្លួន​មិន​មែន​ម្ចាស់​អាខោន​ឈ្មោះ Ty Hak ទេ។

ក្រសួង​អប់​រំ​ថ្លែង​ថា​៖ «ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ​ជា​អំពើ​ខុស​ច្បាប់ ដែល​បំពាន​លើ​សេច​ក្តី​​ថ្លៃថ្នូរ​ និង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ការ​អនុវត្ត​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ក្នុង​ការ​លើក​កម្ពស់​គុណភាព​​អប់រំ​នៅ​កម្ពុជា​ ជាពិសេស​ប៉ះពាល់​ដល់​ស្មារតី​ និង​ការ​ខិតខំ​រៀន​សូត្រ​របស់​សិស្សានុ​សិស្ស​កម្ពុជា»។

ក្រសួង​​ចាត់​ទុក​ការ​ផ្ដល់​សេវា​​នេះ​ថា​ជា​ព័ត៌មាន​ក្លែង​ក្លាយ ​ហើយ​ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ដើម្បី​ស្វែង​រក​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ក្រសួង​ក៏​អំពាវ​នាវ​ឲ្យ​សាធារណជន​ទប់​ស្កាត់​ព័ត៌មាន​នេះ ​និង​សហការ​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់​ការ​រឿង​នេះ។

លោក ​រស់ សុវាចារ ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង កីឡា បាន​ថ្លែង​ថា​ ក្រសួង​កំពុង​ សហការ​ជាមួយ​សមត្ថកិច្ច​​ ដើម្បី​វែក​រកមុខ​អ្នកបង្ហោះ​ ​ព័ត៌​មាន​ពីការ​ធ្វើ​សញ្ញា​បត្រ​ ហើយ​រហូត​មក​ទល់​ថ្ងៃ​ម្សិលមិញ​​នៅ​មិន​ទាន់​មាន​តម្រុយ​​​ឡើយ៕