ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយ​ច្រានចោល​ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដែលថា មាន​ការរត់ការ ដើម្បី​ដំឡើង​តួនាទី​ឋានន្តរស័ក្តិ និង​កាំប្រាក់​ដោយ​ក្រសួង​ចាត់ទុកថា សកម្មភាព​ទាំងនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​បុគ្គលិក​អប់រំ​ព្រមទាំង​កិត្ដិយស​ស្ថាប័ន​យ៉ាង​ធ្ងន់ធ្ងរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដែល​ចេញ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា​៖ «​សូម​ជម្រាបជូន​បុគ្គលិក​អប់រំ​ និង​សាធារណជន​មេត្ដា​ជ្រាបថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការរត់ការ​ដើម្បី​ដំឡើង​តួនាទី ឋានន្តរស័ក្តិ និង​កាំប្រាក់​ជាដើម​។ អំពើ និង​សកម្មភាព​ទាំងនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​បុគ្គលិក​អប់រំ ព្រមទាំង​កិត្ដិយស​ស្ថាប័ន​យ៉ាងធ្ងន់ធ្ងរ​»​។

ក្រសួង​បញ្ជាក់ថា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការបំភ្លឺ​ចំពោះ​ព័ត៌មាន​ខាងលើ​ចំពោះ​ការដំឡើង​ឋានៈ​តួនាទី​សម្រាប់​មន្ដ្រី​គ្រប់គ្រង គ្រប់​លំដាប់​ថ្នាក់ និង​ឋានានុក្រម​ក្រសួង​បាន​អនុវត្ដ​តាម​លិខិតបទដ្ឋាន​ដែល​នៅ​ជា​ធរមាន​តាមរយៈ​គណកម្ម​ការវាយតម្លៃ​ការងារ​បុគ្គលិក​ដោយ​ផ្អែកលើ​ «​ឧបនិស្ស័យ​» ​នៃ​មុខតំណែង​តាម​ប្រភេទ​ក្របខ័ណ្ឌ និង​លក្ខណវិនិច្ឆ័យ​ដែល​បាន​កំណត់​ដោយ​ច្បាប់​។

ក្រសួង​បញ្ជាក់​ទៀត​ថា ការផ្លាស់ប្ដូរ​ក្របខ័ណ្ឌ​របស់​មន្ដ្រីរាជការ​ស៊ីវិល​អាច​ធ្វើ​ទៅបាន តែ​តាមរយៈ​ការប្រឡង​ជ្រើសរើស​របស់​ក្រសួង​/​ស្ថាប័ន​នីមួយៗ​ដែល​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។ ការផ្លាស់ប្ដូរ​ឋានន្តរស័ក្តិ និង​ថ្នាក់​របស់​មន្ដ្រីរាជការ​ស៊ីវិល ត្រូវ​ធ្វើ​ឡើង​តាម​វេន​ជ្រើសរើស និង​អតីតភាព​។

ក្រសួង​បញ្ជាក់ថា​៖ «​រយៈពេល​កំណត់​អប្បបរមា សម្រាប់​ការដំឡើង​ថ្នាក់​គឺ​ ២ ​ឆ្នាំ និង​ត្រូវ​មាន​ការស្នើសុំ​ត្រឹមត្រូវ​តាម​ច្បាប់​ពី​ឋានានុក្រម​នៃ​សាមីជន​នៅក្រោម​បង្គាប់​។ ការផ្ដល់​សេវា​លើ​ការងារ​ទាំងនេះ​មិនមាន​កំណត់​ការបង់ថ្លៃ​សេវា​សម្រាប់​ដំណើរ​ការជូន​សាមីជន​ទេ​»​។

ក្រសួង​អប់រំ​បាន​ជំរុញ​ឲ្យ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​សេចក្ដី​ប្រកាស​នេះ សំដៅ​​ចូលរួម​លុបបំបាត់​បាតុភាព​មិនប្រក្រតី​នានា និង​ជំរុញ​ទឹកចិត្ដ​បុគ្គលិក​តាម​អង្គភាព​ឲ្យ​បំពេញ​ការងារ​ក្នុង​ទិសដៅ​កំណែទម្រង់​ការគ្រប់គ្រង​បុគ្គលិក និង​ពង្រឹងគុណភាព​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​រឿង​នេះ​ដោយ​ស្នើ​ឲ្យ​យក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នេះ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា (CITA) ​បាន​សង្កេតឃើញថា រាល់​សកម្មភាព​របស់​មន្ដ្រី​តូចធំ​ដែល​ចង់​ឡើង​តួនាទី ឋានន្តរស័ក្តិ កាំប្រាក់​តែងតែ​មាន​ការរត់​ការសូកប៉ាន់​ពី​កន្លែង​ផ្សេងៗ​។ លោកស្រី​បាន​ថ្លែងថា​៖ «​នេះ​ជា​ទម្លាប់​ទៅហើយ ដែល​ប្រទេស​កម្ពុជា​យើង​តែងតែ​ប្រព្រឹត្ដ​។ នេះ​ជា​អំពើ​ពុករលួយ​ដែល​សមាគម​គ្រូបង្រៀន​ឯករាជ្យ​យើង តែងតែ​ចោទសួរ​ឲ្យ​រាជរដ្ឋាភិបាល​មាន​កំណែទម្រង់​ឲ្យ​បាន​ច្បាស់លាស់​»​។

លោកស្រី ឆាយ៉ាវី បាន​លើកឡើង​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ តែងតែ​ដាក់​លិខិត​ទៅ​នៅ​រៀងរាល់​ថ្ងៃទី​ ៥ ខែ​តុលា​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ស្នើ​ទៅ​ក្រសួង​កុំ​ឲ្យ​មាន​ការស៊ីសំណូក អំពើពុករលួយ​នៅក្នុង​វិស័យ​អប់រំ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការចង្អុល​បង្ហាញ​របស់​យើង​គឺ​ចង់​ឲ្យ​មាន​តម្លាភាព ដើម្បី​ឲ្យ​សិស្សានុសិស្ស​ដែល​បញ្ចប់​ការសិក្សា​បាន​ចូល​ធ្វើ​ការងារ​មាន​ថ្វីដៃ អាច​ទទួល​បាន​នូវ​អ្វី​ដែល​ជា​តួនាទី​របស់​ពួកគាត់​។ យើង​ឃើញ​ហើយ​ថា សព្វថ្ងៃ​នេះ សូម្បី​តែ​គ្រូបង្រៀន​ដែល​ធ្វើការ​ច្រើន​ឆ្នាំ​ក៏​គាត់​បាន​តួនាទី​ចាញ់​ក្មេងៗ​ជំនាន់​ក្រោយ​ជាពិសេស​កំណែទម្រង់​ថ្មីៗ​ធ្វើឲ្យ​មនុស្ស​ចាស់​ហាក់បី​ដូចជា​អស់សង្ឃឹម​ក្នុង​ការធ្វើ​ការងារ​ព្រោះ​ក្មេង​ដែល​ទើប​តែ​ចូល​មាន​ប្រាក់បៀវត្សរ៍​ស្មើ ឬ​លើស​គ្រូ​ដែល​មាន​អតីតភាព​ច្រើន​ឆ្នាំ​មកហើយ​»៕

វីដេអូ៖