ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដោយ​ព្រមាន​ថា ក្រសួង​នឹង​លុបឈ្មោះ​សិស្សានុសិស្ស​ណា​ដែល​បាន​ប្រព្រឹត្ត និង​បង្ក​បក្ខពួក​ប្រើ​អំពើ​ហិង្សា​ទៅលើ​សិស្សានុសិស្ស​ដទៃទៀត​នៅក្នុង​សាលា បើសិន​ជា​ពួកគេ​មិន​រាងចាល​ក្រោយពី​ទទួល​បាន​ការអប់រំ​ចំនួន​ ២ ​ដង​។

ការដាក់ចេញ​វិធានការ​ព្រមាន​បែបនេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​មាន​សកម្មភាព​របស់​សិស្សានុសិស្ស​បាន​បង្កើត​បក្ខពួក​បង្ក​ហិង្សា​ទៅលើ​សិស្សានុសិស្ស​ដទៃទៀត ដោយ​អសីលធម៌​រហូត​ដល់​មាន​អ្នក​បាត់បង់​ជីវិត ហើយ​ត្រូវបាន​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅក្នុង​បណ្ដាញ​ហ្វេសប៊ុក​សង្គម​។

កាលពី​ថ្ងៃទី​ ១៨ ខែ​មករា ឆ្នាំ​ ២០២០ មាន​សិស្សសាលា​អន្ដរទ្វីប​អាមេរិកកាំង AIS ២ ​នាក់​បង្ក​អំពើហិង្សា​ដោយ​វាយតប់​គ្នា​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ អំពើហិង្សា​នោះបាន​កើត​នៅ​ចំណុច​ផ្លូវ​ ៤៣០ ភូមិ​២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ខណៈ​មាន​ករណី​ដោយឡែក​មួយទៀត​ គឺ​ក្មេងស្រីៗ​ជា​សិស្សានុសិស្ស​មួយក្រុម​វ័យ​ប្រមាណ ១៥ ទៅ ១៦ ឆ្នាំ​ បាន​វាយ​ធ្វើបាប​ក្មេងស្រី​ម្នាក់​នៅក្នុង​សាលា​ផ្សារ​ដើមថ្កូវ ហើយ​បាន​ធ្វើការ​បង្ហោះ​ចែកចាយ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ហើយ​អាជ្ញាធរ​ក៏មាន​វិធានការ​ភ្លាមៗ​ផងដែរ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​ពង្រឹង​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ ប្រចាំ​ថ្នាក់​ឲ្យ​បន្ត​ណែនាំ​ និង​អប់រំ​សិស្សានុសិស្ស​អំពី​ក្រម​សីលធម៌​របស់​សិស្សានុសិស្ស​។

លោក សុវាចា បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​នីតិកម្ម​ដែល​ជា​សេនាធិការ​ក្រសួង​អប់រំ​បាន​រៀបចំ​វិធានការ​ជារួម​ផងដែរ ដោយ​កំណត់​ចំពោះ​សិស្សានុសិស្ស​ណា​ដែល​ប្រព្រឹត្ត​កំហុស​លើក​ទី​ ១ នោះ​គណៈ​គ្រប់គ្រង​សាលារៀន​នឹងត្រូវ​ហៅ​មក​ទទួល​ការអប់រំ​។

លោក សុវាចា បាន​ថ្លែងថា​៖ «​ហើយ​ក្នុងករណី​ដែល​សិស្សានុសិស្ស​ទាំង​នោះបាន​ប្រព្រឹត្ត​កំហុស​លើក​ទី​ ៣ ដោយ​មិន​រាងចាល គឺ​នឹង​ត្រូវ​លុបឈ្មោះ ចេញពី​បញ្ចី​សិក្សា​»​។

លោក រស់ សុវាចា ក៏បាន​អះអាង​ផងដែរ​ថា ក្នុង​ករណី​ដែល​សិស្សានុសិស្ស​ប្រព្រឹត្ត​កំហុស​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី​នោះ គឺ​ស្ថិត​លើ​សមត្ថកិច្ច​របស់​អាជ្ញាធរ​ចាត់ការ​តាម​វិធានការ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែងថា បញ្ហា​ដែល​បាន​កើតឡើង​នោះ គឺ​មិន​អាច​បន្ទោស​ភាគី​ណា​តែ​ម្ខាង​បានទេ ព្រោះ​ការដែល​ក្មេង​ភ្លើតភ្លើន​ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នកបង្ក​ហិង្សា គឺ​សុទ្ធ​មាន​កត្តា​គួបផ្សំ​ដែល​ធ្វើឲ្យ​បញ្ហា​សីលធម៌​សង្គម​ធ្លាក់ចុះ​យ៉ាង​គំហុក​។

លោកស្រី ថ្លែងថា​៖ «​សូម្បីតែ​ការបង្រៀន​សព្វថ្ងៃ មុខវិជ្ជា​សីលធម៌​មិន​បាន​បង្រៀន​សិស្ស​ឲ្យ​បាន​ដិតដល់​ទេ និង​មិនមាន​សម្រាប់​ឲ្យ​សិស្ស​ប្រឡង​ទៀត​ (​មុខវិជ្ជា​សីលធម៌​)​។ កត្តា​នេះ​ក៏​បាន​ធ្វើឲ្យ​សិស្ស​បាត់បង់​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ​ក្នុងការ​រស់នៅ​ផងដែរ ហើយ​ធ្វើឲ្យ​សីលធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ខ្ញុំ​សូម​ឲ្យ​គ្រប់ភាគី​គិត​ឡើងវិញ​។ យើង​ត្រូវ​ធ្វើជា​គំរូ​សម្រាប់​ក្មេងៗ​ដែល​គាត់​នឹង​ធ្វើ​តាម​។ បើ​យើង​ជា​ថ្នាក់ដឹកនាំ ឬ​អាណាព្យាបាល​ធ្វើ​មិន​ល្អ​បែប​នេះ ដូច្នេះ​ពួកគេ​ក៏​ធ្វើតាម​»៕