ភ្នំពេញៈ មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ទុក​ពេលវេលា​ ៣០ ​ថ្ងៃ​ដល់​សិស្ស​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​តែ​ផ្ទុះ​ការតវ៉ា ដោយសារ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប​ដោយ​គិត​ថា មាន​ភាព​មិន​ប្រក្រតី​លើ​មុខវិជ្ជា​គណិតវិទ្យា​។

លោក​ ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ត្រួតពិនិត្យ​បណ្ដឹង​ចំពោះ​វិញ្ញាសា​ប្រឡង​របស់​សិស្ស ហើយ​បេក្ខជន​មណ្ឌល​ភ្នំពេញ និង​កណ្ដាល​ដែល​មិន​សុខ​ចិត្ដ និង​ចង់​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​លទ្ធផល​ប្រឡង​អាច​ដាក់​ពាក្យ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ក្រសួង​អប់រំ​ចាប់ពី​ថ្ងៃទី​ ៩ ខែ​កញ្ញា​។ ចំណែក​សិស្ស​នៅ​តាម​បណ្ដា​ខេត្ដ​ផ្សេង​អាច​ដាក់​ពាក្យ​នៅ​មន្ទីរអប់រំ​ខេត្ដ ឬ​មក​ដាក់​ពាក្យ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ក្រសួង​ក៏​បាន​ចាប់ពី​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា​ដោយ​មាន​រយៈពេល​ ៣០ ​ថ្ងៃ​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក ខាំ បូលី ​ថ្លែង​អះអាង​ថា​មិន​ទាន់​មាន​គោលការណ៍​សម្រេច​។ ប៉ុន្ដែ​ក្រសួង​កំពុង​តែ​បង្កើត​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​បណ្ដឹង​របស់​សិស្ស ហើយ​គណៈកម្មការ​កោសល្យវិច័យ​នេះ​នឹង​ដឹកនាំ​ដោយ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ដោយ​ផ្ទាល់​ដែល​គណៈកម្មការ​នេះ​នឹង​ធ្វើការ​សម្រេច​។ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ចេញ​ជា​គោលការណ៍​ណា​មួយ​នៅ​ឡើយ​ទេ គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទទួល​ពាក្យបណ្ដឹង ហើយ​ក្រសួង​នឹង​អនុវត្ដ​ទៅ​តាម​គោលការណ៍​ច្បាប់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​កើត​មាន​។

លោក ខាំ បូលី ថ្លែង​ថា​៖ «​ក្រសួង​ស្វាគមន៍​រាល់​ការតវ៉ា​ទាំងអស់​ព្រោះ​ក្រសួង​អប់រំ គោរព​គោលការណ៍​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។ ពាក្យ​ថា​លទ្ធផល​ទទួល​យក​បាន​នេះ​ហើយ ដែល​ក្រសួង​បើក​ឱកាស​ឲ្យ​សិស្ស​ធ្វើការ​តវ៉ា​»​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ២០១៨ ថា​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យវិច័យ​លើ​សន្លឹក​កិច្ចការ​គណិតវិទ្យា​របស់​បេក្ខជន​តវ៉ា​មួយ​ចំនួន​។

បេក្ខជន​មួយ​ក្រុម​ជិត​ ១០០ ​នាក់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ចការ​របស់​ពួកគេ​រៀងៗ​ខ្លួន​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​។ ក្នុង​នោះ​ក៏​មាន​លោកគ្រូ អ្នកគ្រូ ដែល​បង្ហាត់​បង្រៀន​មុខ​វិទ្យា​គណិតវិទ្យា​បាន​នាំ​គ្នា​សរសេរ​ប្រតិកម្ម​ទៅ​ក្រសួង​អប់រំ នៅលើ​គេហទំព័រ​ក្រសួង​អប់រំ ព្រោះ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ពិន្ទុ​មុខវិជ្ជា​គណិត​ផង​ដែរ​។

យុវតី​ម្នាក់​តំណាង​ក្រុម​បេក្ខជន​តវ៉ា​ប្រហែល​ ៣០ ​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​៖ «​ពួក​ខ្ញុំ​ពិតជា​មិន​ពេញចិត្ដ​ចំពោះ​លទ្ធផល​ប្រឡង​បាក់ឌុប​លើ​មុខវិជ្ជា​គណិតវិទ្យា​ជា​ខ្លាំង ព្រោះ​សិស្ស​ភាគច្រើន​គឺ​ធ្លាក់​មុខវិជ្ជា​គណិត​ទាំងអស់​។ ពួក​ខ្ញុំ​ជឿជាក់​ចំពោះ​សមត្ថភាព​ខ្លួនឯង​ថា សមត្ថភាព​របស់​ពួកខ្ញុំ​អាច​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ​»​។

យុវតី​រូប​នេះ​ថ្លែង​ថា​៖ «​អ្វី​ដែល​សំខាន់​នោះ​គឺ សាកលវិទ្យាល័យ​នានា​ដូចជា​សាកល​វិទ្យាល័យ​តិចណូ​ភាគច្រើន​បើ​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​គឺ​មិន​អាច​ចូលរៀន​នៅ​ទី​នោះ​បាន​ទេ ចំណែក​អាហារូបករណ៍​ជាច្រើន​ទៀត​ក៏​ពួកខ្ញុំ​មិន​អាច​ដាក់​ពាក្យ​ប្រឡង​បាន​ដែរ​»​។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​ក៏​មាន​សិស្ស​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​មិន​បាន​ប្រឡង ដោយសារ​សាលា​លុប​ឈ្មោះ​ច្រឡំ​។ ដោយ​យុវជន សុំ រស្មី ជា​សិស្ស​នៃ​វិទ្យាល័យ​ស្ទឹងសែន​ក្នុង​ខេត្ដ​កំពង់ធំ​បាត់​ឈ្មោះ​នៅ​ថ្ងៃ​ប្រឡង​។

លោក សឿង ភា ជា​នាយប៉ុស្តិ៍​រដ្ឋបាល ឃុំ ប្រាសាទ ស្រុក​សន្ទុក ដែល​ត្រូវ​ជា​ឪពុក​ យុវជន​រូបនេះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា គ្រូ និង​នាយកសាលា​បាន​ទទួល​ស្គាល់ ព្រោះ​តែ​បច្ចេកទេស​របស់​សាលា​ដែល​បាន​លុប​ឈ្មោះ​សិស្ស​ខុស​ធ្វើឲ្យ​គាត់​អត់​មាន​ឈ្មោះ​ប្រឡង​នឹង​គេ​។ ដូច្នេះ​ក្រសួង​អប់រំ និង​នាយក​សាលា​បាន​ស្វែងរក​ដំណោះស្រាយ​ដោយ​លើក​ពេល​ទៅ​រៀន​នៅ​ឆ្នាំ​ក្រោយ​។

លោក សឿង ភា បន្ថែម​ថា​៖ «​បន្ទាប់ពី​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ និង​កូនប្រុស​ខ្ញុំ​ក៏​យល់ព្រម​ទទួល​យក​ការដោះស្រាយ​ដោយ​ក្រសួង​សុំ​សំណូមពរ​ឲ្យ​យើង​រៀន​ ១ ​ឆ្នាំ​ទៀត ហើយ​ក្រសួង​នឹង​ជួយ​អាហារូបករណ៍​ដល់​កូន​ខ្ញុំ និង​មួយ​ទៀត​លោកគ្រូ​អ្នកគ្រូ គាត់​បាន​សារភាព​កំហុស​របស់​គាត់​រៀងៗ​ខ្លួន ហើយ​គាត់​សុខចិត្ដ​ថា រាល់​សម្ភារ​សិក្សា និង​ថវិកា​ចំពោះ​ការសិក្សា​ ១ ​ឆ្នាំ​ទៀត​នេះ ពួកគាត់​ជា​អ្នក​ចំណាយ​»​។

អ្នក​ជាប់​បាក់ឌុប​ឆ្នាំ​នេះ​មាន ៦៦,២១ ភាគរយ​ស្មើ​នឹង ៧៥ ០៥៩ នាក់​។ យោង​តាម​សេចក្ដី​ប្រកាស​ក្រសួង​អប់រំ​៕