ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​គ្រោង​យក​ថ្ងៃទី​ ១៤ កុម្ភៈ​ ឆ្នាំនេះ​​រៀបចំ​បាឋកថា​តាម​លំនាំ​ព្រះពុទ្ធ​សាសនា​ដើម្បី​ទាក់ទាញ​ក្រុម​យុវជន​ជា​សិស្សានុសិស្ស​ឲ្យ​យក​ថ្ងៃនេះ​ទៅ​ធ្វើ​ការងារ​សង្គម​ផ្សេងៗ បន្ទាប់ពី​បាន​ចេញ​លិខិត​ឲ្យ​សាលា​នានា​យកចិត្ត​ទុកដាក់​​លើ​សកម្មភាព​មិន​ត្រឹមត្រូវ​មួយចំនួន​​ ខណៈ​នៅមាន​សិស្ស​ខ្លះ​យក​ថ្ងៃនេះ​ទៅ​ប្រព្រឹត្ត​រឿង​មិនមាន​ប្រយោជន៍​។

លោក រស់ សុវាចា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពិធី​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​ដោយ​ផ្ដោតលើ​បាឋកថា​ស្ដីពី​ «​ការរក្សា​ផ្លូវ​ចិត្ដ​តាម​លំនាំ​ព្រះពុទ្ធសាសនា​» ​ដោយ​មាន​ព្រះ​វត្តមាន​ព្រះភិក្ខុ គូ សុភាព ព្រះគ្រូ​សូត្រ​ស្ដាំ​នៅ​វត្ដ​និគ្រោធ​វ័ន និង​ក្រោម​អធិបតីភាព​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ​ក៏ប៉ុន្តែ​នៅ​តាម​សាលា​នានា​សិស្សានុសិស្ស​នៅ​រៀន​ជាធម្មតា​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​​ក្រសួង​អប់រំ​សង្កេតឃើញ​ថា​សិស្សានុសិស្ស​ភាគច្រើន​បាន​យល់​ច្បាស់​ពី​អត្ថន័យ​ថ្ងៃ​ ១៤ ​កុម្ភៈ​ ថា ពុំមែន​ជា​ពិធី​បុណ្យប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ​។ ​ជាទូទៅ​យុវជន​បាន​ប្រែក្លាយ​ការចូលរួម​ថ្ងៃ​ ១៤ ​កុម្ភៈ​តាមរយ:​ការងារ​សង្គម​ផ្សេងៗ​ដូចជា បរិច្ចាគ​ឈាម​​កិច្ចការ​សប្បុរសធម៌ និង​ការរក្សាសុខភាព​ផ្លូវចិត្ត​តាម​លំនាំ​ព្រះពុទ្ធសាសនា​ជាដើម​»​។

ទោះ​ជា​យ៉ាងណា​នៅមុន​ពេល​កំណត់​យក​ថ្ងៃ​ ១៤ កុម្ភៈ​ រៀបចំ​ពិធី​នេះ​កាលពី​ថ្ងៃទី​ ៧ ខែ​កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្លាប់​បានចេញ​សេចក្ដី​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធាណៈ និង​ឯកជន​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដីស្រឡាញ់​ (Valentine’s Day) ​ខណៈ​សិស្សានុសិស្ស​មួយ​ចំនួន​នៅ​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​បុណ្យ​សង្សារ​ ឬ​ជា​ថ្ងៃ​ណាត់ជួប​គូស្នេហ៍​ ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេងៗ​។

នៅក្នុង​សេចក្ដី​ណែនាំ​នោះ​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ទិវា​នេះ​ពុំមែន​ជា​ពិធីបុណ្យ​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្ដីស្រឡាញ់​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើងៗ​ធ្វើឲ្យ​យុវវ័យ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏ផូរផង់​របស់​ខ្មែរ​ទៀតផង​»​។

បើ​តាម​លិខិត​ក្រសួង​អប់រំ​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទី​វា​បុណ្យ​នៃ​ក្ដីស្រឡាញ់​ដែល​តាម​​សាលា​ត្រូវធ្វើ​នេះ មានដូចជា ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ​កុំ​ឲ្យ​មាន​ការយល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដីស្រឡាញ់​។ ​ត្រូវ​ពង្រឹង​ការអនុវត្ដ​បទបញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ​ដោយ​តាមដាន​អវត្ដមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។

ជាមួយ​គ្នា​នេះ​ក្រសួង​អប់រំ​ក៏បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទូទៅ​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ដោយ​អនុវត្ដ​វគ្គ​សកម្មភាព​ «​មិត្ដ​អប់រំ​មិត្ត​» ​និង​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍​ផងដែរ ដើម្បី​ផ្ដល់​ និង​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​មិន​ប្រក្រតី​របស់​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ​កែលម្អ​ឲ្យ​បាន​ទាន់ពេលវេលា​។

លោក ដេត សុខឧត្ដម សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន (Paragon International University) ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សម្រាប់​សាកល​វិទ្យាល័យ​របស់​លោក​មិនមាន​ការណែនាំ​​ជា​ផ្លូវការ​ដល់​និស្សិត​សម្រាប់​ថ្ងៃ​ ១៤ ​កុម្ភៈ​ទេ ហើយ​ជាទូទៅ​ក៏​មិន​ធ្លាប់​ឃើញ​​មាន​អ្វី​ប្លែក​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នៅថ្ងៃនេះ​ដែរ ពោលគឺ​បន្ត​ការបង្រៀន និង​សិក្សា​ជាធម្មតា​។

លោក​បាន​បញ្ជាក់​ថា​៖ «​គ្រាន់តែ​ជា​ការសង្កេត​មិន​ផ្លូវការ​របស់ខ្ញុំ​ និង​​មិនមាន​លក្ខណៈ​ស្រាវជ្រាវ​ស៊ីជម្រៅ​នោះ​ខ្ញុំ​ហាក់​ដូចជា​ឃើញថា​សម្ទុះ​នៃ​ការលក់​ និង​ទិញ​ផ្កា​ជូន​សង្សារ​ក្នុង​ចំណោម​យុវជន​ឥឡូវ​ហាក់ដូចជា មិនសូវ​ខ្លាំងក្លា​ទេ​បើ​ប្រៀបធៀប​ជាមួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​»​។

លោក ឃឹម ផុន ប្រធាន​នាយក​ប្រតិបត្តិ​ស្ថាប័ន​អប់រំ NTC Group ដែល​មាន​សាលារៀន សុវណ្ណភូមិ សាលា ប្រ៊ីជតុន សាលា ញូវតុនធីឡាយ សាលា​អន្ដរជាតិ​អាមេរិកាំង​ប៉ាស៊ីហ្វិក និង​សាលា​អន្ដរជាតិ​អ៊ីសវ៉េស​ជាដើម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សាលារៀន​របស់​លោក​ទាំងអស់​តែង​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​ពី​ទិវា​បុណ្យ​នៃ​ក្ដីស្រឡាញ់​នេះ​ថា ជា​ថ្ងៃបុណ្យ​របស់​បរទេស មិនមែន​វប្បធម៌​របស់​កម្ពុជា​នោះទេ​។

លោក​ថ្លែងថា​៖ «​ប៉ុន្ដែ​ការទទួល​យក​នូវ​វប្បធម៌​របស់​បរទេស​វា​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​យើង​មិន​មាន​សិទ្ធិ​ហាមឃាត់​ទេ ប៉ុន្ដែ​សំខាន់​ឲ្យ​គាត់​យល់ច្បាស់​ថា គាត់​ជា​ខ្មែរ វប្បធម៌​ខ្មែរ​យើង​មាន​បែបណាខ្លះ ឲ្យ​គាត់​យល់​ច្បាស់​ក្នុង​ចំណុច​ទាំងអស់​នេះ​។ ​ជាក់ស្ដែង​សាលារៀន​របស់​យើង​បាន​យក​ថ្ងៃ​ ១៤ ​កុម្ភៈ ​នេះ​អប់រំ​ដល់​សិស្សានុសិស្ស​កុំឲ្យ​ពួកគាត់​ភ្លើតភ្លើន កុំ​ឲ្យ​គាត់​ធ្វើ​នូវ​អ្វី​ទៅ​តាម​តែ​ពួកគាត់​ចង់​ធ្វើ​»៕

វីដេអូ៖