ភ្នំពេញៈ ក្រសួង​កិច្ចការ​នារី ​គ្រោង​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ការងារ​មក​ពី​អន្តរក្រសួង​ឆាប់ៗនេះ​ដើម្បី តាមដាន ​ផ្សព្វផ្សាយ​ អប់រំ​ និង​ចាត់​វិធានការ​លើ​អ្នកធ្វើ​សកម្មភាព ​ផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព ​ឬ​វីដេអូ អាសអាភាស ​តាម​បណ្ដាញ​សង្គម​ប្រព័ន្ធ​អនឡាញ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ឲ្យ​អប់រំ​អ្នក​ទាំងនោះ ​ប៉ុន្ដែ​សង្គម​ស៊ីវិល​ថា ​ជា​ ការ​បំបិទ​សិទ្ធិសេរី​ភាព​លើ​ស្ត្រី។

លោកស្រី ប៉ែន ​គន្ធា ​អនុ​ប្រធាន​​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី​ ថ្លែង​កាលពី​ថ្ងៃ​ទី ២៥ ​កុម្ភៈ ​ថា បន្ទាប់ពី​មាន​អនុសាសន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្រុម​ការងារ​ក្រសួង​កិច្ចការ​នារី ​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បាន​ជជែក​គ្នា​រក​វិធី​ទប់​ស្កាត់ ​អប់រំ ​ផ្សព្វផ្សាយ​ទៅ​លើ​សកម្មភាព​របស់​អ្នក​លក់​ផលិតផល​តាម​អន​ឡាញ ​ដែល​បញ្ចេញ ​និង​ប្រើ​ប្រាស់​រូបភាព​អាស​អាភាស ​សិច​ស៊ី​ ហួស​ហេតុ។ ក្រោយ​ពិភាក្សា ​ក្រសួង​កិច្ចការ​នារី​គ្រោង​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​សមាសភាព ​មក​ពី​អន្តរក្រសួង ​រួមមាន ​ក្រសួង​កិច្ចការ​នារី ​ក្រសួង ​ព័ត៌មាន ​ក្រសួង​ប្រៃសណីយ៍ ​និង​ ទូរគមនាគមន៍ ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ ក្រុម​ការងារ ​រួមគ្នា​ធ្វើការ​តាមដាន​ផ្សព្វផ្សាយ ​អប់រំ ​ឬ​ណែនាំ ​និង​ចាត់​វិធានការ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​បញ្ចេញ ​និង​ប្រើប្រាស់​ វីដេអូ​ រូបភាព​អាសអាភាស​លើ​បណ្ដាញ​សង្គម​ប្រព័ន្ធ​អនឡាញ​នានា។

លោកស្រី​ បញ្ជាក់ថា​៖ «ប៉ុន្ដែ​មិនមែនជា​គណៈកម្មការ​ទេ។ អ៊ីចឹង​ក្រុម​ការងារ​នេះយើង​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​ទៅលើ​បញ្ហា​ទាក់ទង​ការបង្ហាញ​ភាពសិច​ស៊ី​ខ្លាំង​ពេក​តាម​អនឡាញ​ ឬ​ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​ពី​មហាជន​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សង្គម​ វប្បធម៌​ ប្រពៃណី ទំនៀម​ទម្លាប់​ និង​តម្លៃ​ស្ត្រី​ខ្មែរ»។

លោក​ស្រី គន្ធា ​បន្ថែមថា ​ជា​ជំហាន​ដំបូង ​ក្រសួង​កិច្ចការ​នារី​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​ ផ្សព្វផ្សាយ ​និង​ណែនាំ​ក្រុម​ស្ត្រី​ដែល​ធ្លាប់​បង្ហាញ​ភាព​សិចស៊ី​តាម​អនឡាញ ឬ បណ្ដាញ​សង្គម​នានា​ជាមុន​សិន។ ប៉ុន្ដែ​ប្រសិនបើ​ពួកគាត់​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ ​នឹង​អនុវត្ត​តាម​ច្បាប់។

លោក​ ឡុង ប៊ុណ្ណា​ស៊ីរីវត្ថ​ អ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ថ្លែងថា​ លោក​មិន​ទាន់​បាន​ទទួល​ ​ដំណឹង​ជុំវិញ​គម្រោង​បង្កើត​ក្រុម​ការងារ​នេះ​ទេ។ ប៉ុន្ដែ​ក្រុមការងារ​ក្រសួង​វប្បធម៌​បាន​ប្រជុំគ្នា​ពី​បញ្ហា​ នេះ​ម្ដង​រួច​ហើយ។

ទោះ​យ៉ាងណា លោក​ស្វាគមន៍​ចូលរួម​ជាមួយ​ក្រុមការងារ​ជា​អន្តរ​ក្រសួង​នេះ។ ទោះ​បីជា​អ្នកលក់​ផលិតផល តាម​អន​ឡាញ​បង្ហាញ​ភាព​សិច​ស៊ី​ មិន​មែន​ជា​អ្នក​សិល្បៈ​ក៏​ដោយ ​ប៉ុន្ដែ​វា​ក៏​ពាក់ព័ន្ធ​ជាមួយ​វប្បធម៌​ដែរ។ ដូច្នេះ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ក៏មាន​ចំណែក​ចូល​រួម​ដោះ​ស្រាយ​ជាមួយ​អាជ្ញាធរ​ផ្សេងៗ​ដែរ។

លោក​បញ្ជាក់ថា​៖ «ប្រសិន​បើ​ក្រុម​ការងារ​នេះ​បង្កើតបាន​មែន ​គឺជា​ការល្អ​ណាស់ ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សង្គម​ រក្សា​វប្បធម៌​ ប្រពៃណី ​និង​ទំនៀម​ទម្លាប់​ខ្មែរ​យើង។ ម្យ៉ាង​ទៀត ​យើង​ក៏​ចង់​រក្សា​ តម្លៃ​លើ​ស្ត្រី​ខ្មែរ​យើង​ដែរ។ ការ​ដែល​បង្ហាញ​ភាព​សិចស៊ី​ខ្លាំង​ពេក ​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​មិន​ល្អ»។

កញ្ញា បុណ្យ រចនា ​នាយិកាប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន និង​ជា​អ្នកស្រាវជ្រាវ ​និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ការរើសអើង​លើ​ស្ត្រី​ថ្លែងថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ ​ក៏ដូចជា ​ការ​បង្ហាញ​ពី​អារម្មណ៍​ផ្នែក​រាងកាយ​របស់​អាជ្ញាធរ នឹង​មិន​ជួយ​ឲ្យ​សង្គម​មាន​សន្ដិភាព​ពេញលេញ ​ឬ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​នោះ​ទេ។ នេះ​អាចជា​ការ​ហាម​ឃាត់​ស្ត្រី​ពី​ការ​ស្លៀក​ពាក់​តាម​ជម្រើស​ចិត្ត​ពួកគាត់។

កញ្ញា​បន្តថា ​ប្រសិន​មិន​មាន​ការ​បញ្ជ្រាប​ទស្សនទាន​យែន​ឌ័រ​នៅក្នុង​កម្មវិធី​អប់រំ​តាំងពី​បឋម​សិក្សា​មក​ទេ ​វា​នឹងធ្វើ​ឲ្យ​មាន​ផ្នត់គំនិត​សង្គម​មួយ​ដែល​គិត​ថា បុរស មានតម្លៃ​លើស​លប់​ទៅលើ​ខ្លួន​ប្រាណ​ស្ត្រី​ដដែល។ ​ការគិត​បែប​នេះ ​វា​គ្មានអ្វី​ក្រៅពី​ចង់​ស្ដី​បន្ទោស ​ឲ្យ​ជនរងគ្រោះ​ជា​ស្ត្រី​ទេ ខណៈ​អ្នកប្រព្រឹត្ត​បទល្មើស​នានា​ភាគ​ច្រើន​ជា​បុរស។

កញ្ញា​រចនាថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​​បញ្ជាក់ថា ​ខ្ញុំ​ចាប់​អារម្មណ៍ ​ឬ​មិន​​ចាប់​អារម្មណ៍​ចំពោះ​ក្រុម​ការងារ​ ដែល​អន្តរក្រសួង​គ្រោង​បង្កើត​នេះ​ទេ។ ប៉ុន្ដែ​បើ​ក្រុម​ការងារ នេះ​បង្កើតឡើង​ក្នុងន័យ​រឹតត្បិត​សេរីភាព​ស្ត្រី ​ខ្ញុំ​ថា​មិន​ចាំ​បាច់​បង្កើត​ទេ ​ប៉ុន្ដែ​ការ​បង្កើត​ឡើង​ក្នុងន័យ​អប់រំ ​ផ្សព្វផ្សាយ ​លើក​កម្ពស់​ស្ដ្រី ​និង​បង្កើន​សិទ្ធិសេរីភាព​ស្ដ្រី ​ទើប​ជា​រឿង​ចាំបាច់»។

ក្រសួង​កិច្ចការ​នារី នៅ​ថ្ងៃទី​ ២៥ កុម្ភៈ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ឲ្យ​ដឹងថា​វិធានការ​នេះ ​បាននិង​កំពុង​ទទួល​ការ​សាទរ​ពី​មហាជន ព្រោះ​ជា​វិធានការ ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្សព្វផ្សាយ​ និង ​ចែកចាយ​រូបភាព​អាសអាភាស​ តាម​បណ្ដាញ​សង្គម​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ​ដែល​ភាគច្រើន​ជា​ក្រុម​មនុស្ស​វ័យក្មេង។ វិធានការ​នេះ ​សំដៅ​ការពារ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ​ជាពិសេស​ស្ដ្រី ​បង្កើន​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ​និង​រក្សា​ការពារ ​លើក​កម្ពស់​ទំនៀម​ទម្លាប់​ប្រពៃណី ដ៏​ល្អ​របស់​ជាតិ។ វិធាន​ការ​នេះ​សំដៅ​លើ​ករណី​លក់​ផលិតផល​អនឡាញ​មួយ​ចំនួន​តូច ​ដែល​ប្រើប្រាស់​រូបភាព​អាសអាភាស ​ដែលជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​និង​មិន​សំដៅ​​រឹតបន្ដឹង​សិទ្ធិ​សេរីភាព​របស់​ស្ដ្រី​ខ្មែរ​នោះ​ទេ។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​បន្ដ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី កាលពី​ថ្ងៃទី​ ១៧ កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ធ្វើការ​អប់រំ​ដល់​អ្នកលក់​ផលិតផល​តាម​អនឡាញ ដែល​ប្រើប្រាស់​រូបភាព​អាសអាភាស ​ឬ​អាក្រាត​កាយ ​មុននឹង​ឈានទៅ​ចាត់​វិធានការ​ជាក់លាក់​ណា​មួយ។

រហូត​មកដល់​ពេលនេះ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ដ្រី​លក់​អនឡាញ​ម្នាក់​ស្លៀកពាក់​សិចស៊ី​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ ​ក្រោយ​ធ្វើការ​អប់រំ និង​ណែនាំ​នៅតែ​មិន​អនុវត្ត​តាម៕

វីដេអូ៖