ព្រះសីហនុ/កំពង់ស្ពឺៈ ក្រុមចោរឆក់​សកម្ម​ចំនួន​ ១១ ​នាក់​ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​សម្រេច​ចោទប្រកាន់​កាលពី​ម្សិលមិញ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួនបាន​​នៅ​ថ្ងៃទី​ ៥ ​ធ្នូ​ ក្នុង​ក្រុង-ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់ ស្រប​ពេល​ដែល​ក្រុម​ជនសង្ស័យ​ ៨ ​នាក់ ​កំពុង​ត្រូវបាន​​សមត្ថកិច្ច​សាកសួរ​ពី​ករណី​​ស្រដៀង​គ្នា​នេះ​។

លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​ផ្នែក​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត ព្រះសីហនុ​បាន​​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្រុម​ចោរឆក់​ចំនួន​ ១១ ​នាក់​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ៨ ​ធ្នូ​ នោះ​ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចោទប្រកាន់​ហើយ​នៅ​ថ្ងៃទី​​ ៩ ​ធ្នូ ហើយ​ពួកគេ​ត្រូវបញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ជា​ចុងក្រោយ​។

លោក​បាន​ប្រាប់ថា​៖ «​ជនសង្ស័យ​ទាំង​ ១១ ​នាក់​ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ៣៥៣ និង​មាត្រា​ ៣៥៧ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

តាម​មាត្រា​ ៣៥៣ និង​មាត្រា​ ៣៥៧ ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចោទប្រកាន់​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជន​ត្រូវចោទ​ទាំង​ ១១ ​នាក់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។

លោក ហ៊ី សុខលី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ពីថ្ងៃ​អាទិត្យ​ថា​ជន​ទាំង​ ១១ ​នាក់​នោះ សុទ្ធតែ​ជា​ខ្មែរ​ទាំងអស់​ដែល​ ទី​១ មាន​​ឈ្មោះ សឿន ប៊ុនសែន ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ ទី​២- ​ឈ្មោះ យាន អាន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​​យីហោ​ទីងស៊ឹង ទី​៣- ​ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ​ ជា​សិស្ស ទី​៤- ​ឈ្មោះ ផាត សុភីន ភេទ​ប្រុស អាយុ ២០ ​ឆ្នាំ ទី​៥- ​ឈ្មោះ លីម គីមស្រ៊ុន ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ទី​៦- ​ឈ្មោះ នី សុវណ្ណឌឿន ភេទ​ប្រុស អាយុ​ ១៤ ​ឆ្នាំ ទី​៧- ​ឈ្មោះ សេង សៀវមិន ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ ទី​៨- ​ឈ្មោះ ឈុន ណេត ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ​ ទី​៩- ​ឈ្មោះ​ វ៉ុន វិច្ឆិកា ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ ទី​១០- ​ឈ្មោះ យន់ សុខលីន ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ និង​ទី​១១- ​ឈ្មោះ គី សំណាង ហៅ ប៊ី ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ​។ ​ពួកគេ​ទាំងនោះ​រស់នៅក្នុង​ក្រុង-ខេត្ត​ព្រះសីហនុ​។

លោក​ប្រាប់ថា ជនសង្ស័យ​ទាំង​ ១១ ​នាក់​នោះ ជា​ក្រុម​តែមួយ​ដែល​តែង​ដើរ​ធ្វើ​សកម្មភាព​ឆក់​ញឹកញាប់​។ ដំបូង​ឡើយ​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​បាន​ ២ ​នាក់​ នៅ​ចំណុច​អូរ​ ២ ​ស្ថិត​ក្នុងភូមិ​ ៥ សង្កាត់​ ៤ ក្រុង​ព្រះសីហនុ​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាព​ឆក់​អ្នក​ដំណើរ​ជា​ជនជាតិ​បរទេស​។ បន្ទាប់មក​​សមត្ថកិច្ច​ក៏​នាំ​ពួកគេ​ឲ្យ​ទៅ​ប្រាប់​កន្លែង​ស្នាក់នៅ​របស់​បក្ខពួក​ទៀត ហើយ​ក៏​ចាប់​បាន​សរុប​ទាំង​ ១១ ​នាក់​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​នេះ​ធ្វើ​សកម្មភាព​ឆក់​ចល័ត​គ្នា ហើយ​ទើប​ឆក់​ជាក់ស្តែង​ ៣ ​លើក និង​ពី​មុនៗ​មក​ច្រើន​លើក​តែ​ពួកគេ​ថា​ភ្លេច​ហើយ​។ ពួកគេ​ភាគច្រើន​ឆក់​ជនបរទេស​»​។

ពាក់ព័ន្ធ​ករណីនេះ​លោកស្រី ជាប សុធារី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត ព្រះសីហនុ​ប្រាប់​កាលពី​ថ្ងៃ​អាទិត្យ​ថា ការចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​លើ្មស​ឆក់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​នេះ​លោកស្រី​យល់​ថា គឺជា​ករណី​បង្ក្រាប​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​របស់​សមត្ថកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បាន​បន្តថា បទល្មើស​ដែល​បង្ក​ភាពអសន្តិសុខ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ លោកស្រី​តែងតែ​មាន​ការព្រួយបារម្ភ​ដោយសារ​បទល្មើស​នេះ​បង្ក​ឡើង​ជា​ក្រុម​បក្ខពួក​ច្រើន​ ហើយ​ក៏​មិន​ដឹងថា​ជនសង្ស័យ​នៅមាន​ប៉ុន្មាន​ក្រុម​ទៀត​ទេ​ដែល​ធ្វើ​សកម្មភាព​ឆក់​ប្លន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​។

លោកស្រី​បន្តថា​៖ «​យើង​ក៏​មិន​ដឹង​ថា​ពួកគាត់​ទាំង ​១១ ​នាក់​នោះ សុទ្ធតែ​ជា​ជនល្មើស​ទេ ប៉ុន្តែ​បើ​ពួកគេ​ជា​អ្នកប្រព្រឹត្ត​មែន​នោះ​ខ្ញុំ​ត្រេកអរ​ចំពោះ​ការបង្ក្រាប​នេះ​»​។

លោកស្រី​ថា​៖ «​ក្រុម​ជនសង្ស័យ​ទាំងនេះ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​ច្បាប់​សម្រេច​ឲ្យ​មាន​ទោស​ទៅ​វា​អាច​កាត់បន្ថយ​នូវ​បទល្មើស​ឆក់​នេះដែរ​»​។

ករណី​ដោយឡែក​មួយ​ទៀត​ក្រុម​ចោរឆក់​ប្លន់​ ៨ ​នាក់​ក្នុងនោះ​មាន​ស្ត្រី​ ២ ​នាក់​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បន្ទាប់​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ៨ ​ធ្នូ​ក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិស ស្រុក​សំរោងទង​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ជនទាំង​ ៨ ​នាក់​នោះ​ មាន​អាយុ​ពី​ ១៨ ​ដល់​ ២២ ​ឆ្នាំ​។ ពួកគេ​មិន​ត្រឹមតែ​ឆក់​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​ទេ តែ​ដើរ​ធ្វើ​សកម្មភាព​មិន​រើសមុខ​។ ​ប៉ុន្តែ​ពេល​សួរ​ទៅ​​ពួកគេ​ឆ្លើយថា មិន​ដែល​បាន​បាញ់​ប្លន់​សម្លាប់​មនុស្ស​ទេ​។ ​ពួកគេ​មកពី​ក្រុង​ច្បារមន​ខ្លះ និង​មកពី​ស្រុក​សំរោង​ទង​ខ្លះ​។ តែ​​ក៏​មាន​មកពី​ខេត្ត​ផ្សេងៗ​ទៀត​ដែរ តែ​លោក​សុំ​មិន​បញ្ជាក់​ឈ្មោះ​ខេត្ត​ទាំង​នោះទេ​។

លោក​ប្រាប់ថា​៖ «​យើង​ប្រើ​វិធានការ​បង្ក្រាប​ដោយ​ស៊ើបអង្កេត​។ ​ពួកគេ​ដើរ​បង្ក​បទល្មើស​​ក្នុង​ខេត្ត​កំពង់ស្ពឺ ប៉ះ​អី​ធ្វើ​ហ្នឹង​»​។

លោក ឃុត សុផល អធិការ​​នគរបាល​ស្រុក​សំរោងទង​ប្រាប់​ពី​ម្សិលមិញ​ថា មុន​ចាប់ខ្លួន សមត្ថកិច្ច​បាន​ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ចង្អុល​ប្រាប់​ពី​មុខ​សញ្ញា​។ បើតាម​ចម្លើយ​សារភាព ពួកគេ​ច្រើន​ធ្វើ​សកម្មភាព​លើ​ស្ត្រី​ជិះ​ម៉ូតូ​ម្នាក់ឯង​ ឬ​អ្នក​ដែល​ពួកគេ​គិតថា​អាច​នឹង​យក​ទ្រព្យសម្បត្តិ​បាន​គឺ​ពួកគេ​ធ្វើ​ភ្លាម​។

លោក​ថា​៖ «​ពលរដ្ឋ​ប្រាប់​យើង​ដឹងថា​មនុស្ស​ហ្នឹង​ជា​មុខសញ្ញា​បង្ក​បទល្មើស តែ​យើង​មិន​ទាន់​ជឿ​ទេ យើង​ដាក់​កម្លាំង​សម្ងាត់​ឃ្លាំមើល​ជិត​ផ្ទះ​គេ​។ បើ​មើលថា​គេ​ចេញ​ម៉ូតូ​ ២ ​គ្រឿង​មក​វិញ​ ៣ ​គ្រឿង​នោះ​ដូច​ការ​ប្រាប់​របស់​ពលរដ្ឋ​ហើយ​»​។

បើតាម​លោក ឃុត សុផល វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ម៉ូតូ​ ៦ ​គ្រឿង​, កាំបិត​ចម្រុះ​ ១៤ ដំបង​ឈើ​មួយ​ចំនួន​​រួមទាំង​កូនសោ​គ្រប់​ប្រភេទ​សម្រាប់​ដោះ​ខ្ចៅ​ម៉ូតូ និង​ក្បាំង​ម៉ូតូ​ខ្លះ​ទៀត​ផង​៕