មណ្ឌលគិរីៈ តំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានបដិសេធចំពោះការបោះបង្គោល និងការវាស់វែងព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំរបស់មន្ត្រីខេត្តនេះកាលពីដើមខែធ្នូ ដោយពួកគេយល់ថា មិនមានភាពត្រឹមត្រូវ ប៉ុន្តែមន្ត្រីខេត្តថា ករណីនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។
តាមញត្តិរបស់តំណាងជនជាតិដើមភាគតិច ៣ ច្បាប់ដែល ១ ច្បាប់បានដាក់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ២ ច្បាប់ដាក់ជូនអភិបាលខេត្ត និងប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរីចុះថ្ងៃទី ១១ ធ្នូ បានលើកឡើងថា ការដែលពួកគេបដិសេធនេះ ដោយសារកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំនេះសមាជិកសហគមន៍ជនជាតិដើមភាគតិចមួយចំនួនបានចុះផ្ទាល់ជាមួយមន្ត្រីជំនាញខេត្តដើម្បីកំណត់ និងវាស់វែងព្រំប្រទល់នៅទីតាំងមជ្ឈមណ្ឌល។ ប៉ុន្តែបែរជាឆ្វៀលដីរបស់មជ្ឈមណ្ឌលវប្បធម៌ចេញនៅត្រង់ផ្លូវ និងចង្កេះភ្នំដែលជាទីតាំងរបស់បុគ្គលឯកជន មន្ទីរចំនួន ៣ និងក្រុមហ៊ុនដែលបានទន្ទ្រានយក។
ញត្តិនោះបញ្ជាក់ថា៖ «សមាជិកនៃសហគមន៍ជនជាតិដើមភាគតិច សូមប្រកាសគោលជំហរមិនឯកភាពដាច់ខាតលើលទ្ធផលនៃការវាស់វែងដីរបស់មន្ត្រីជំនាញត្រង់ទីតាំងមួយចំនួនចាប់ពីទីតាំងបង្គោលព្រំលេខ ៤២ រហូតដល់លេខ ៥០ នៅត្រង់ចង្កេះភ្នំ ដោយសារមន្ត្រីជំនាញមិនបានធ្វើកំណត់ និងវាស់វែងដី និងដាក់បង្គោលព្រំការពារដីមជ្ឈមណ្ឌលទាំងស្រុង»។
បើតាមញត្តិដដែលទីតាំងដែលមិនបានកំណត់ត្រឹមត្រូវនោះរួមមាន ទីតាំងដីផ្ទះឈ្មោះ យាយ ម៉ៅ ទីតាំងដីផ្ទះលោកមេធាវី ឈាង មករា ទីតាំងដីមន្ទីរ និងគ្រឹះស្ថាន ដូចជា មន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរមុខងារសាធារណៈ គ្រឹះស្ថានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរ៉ែ និងថាមពល និងប្រេងកាតដែលទីតាំងទាំងនេះត្រូវបាននិរាករណ៍អស់ហើយ និងទីតាំងដីក្រុមហ៊ុនគីម៉ិចខនស្ត្រាក់សិន។
លោក គ្រើន តុលា តំណាង ជនជាតិដើមភាគតិចបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ទីតាំងដីខាងលើមានទំហំប្រមាណ ៥ ហិកតាដែលជារបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ ប៉ុន្តែមន្ត្រីចុះវាស់វែង មិនបានកំណត់ និងបោះបង្គោលព្រំនោះទេ ដោយបានអនុញ្ញាតឲ្យពួកគេបន្តកាន់កាប់ទាំងខុសច្បាប់ដដែល ហើយក៏មិនបានកំណត់ឲ្យគ្រប់ ១០២ ហិកតាតាមប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដែរ។
លោកថា៖ «សូមមេត្តាពិនិត្យមើលលទ្ធផលនៃការកំណត់ និងវាស់វែងនេះ និងស្នើសុំឲ្យជួយអន្តរាគមន៍បន្តទៅសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ឲ្យដកហូតដីទាំងនេះត្រឡប់មកធ្វើកម្មសិទិ្ធរបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចយើងវិញ ជាពិសេសទុកសម្រាប់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកឲ្យខាងតែបាន»។
លោក សុខ សេរ៉ា មន្ត្រីនាំពាក្យសាលាខេត្តមណ្ឌលគិរីបានឲ្យដឹងថា អាជ្ញាធរខេត្តបានទទួលញត្តិរបស់ជនជាតិដើមភាគតិចនេះហើយ។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះដោយអះអាងថា ការកំណត់ និងបោះបង្គោលព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្ប្ធម៌នេះកំពុងស្ថិតក្នុងការសិក្សានៅឡើយ ដូច្នេះលទ្ធផលយ៉ាងណាមិនទាន់បានសម្រេចនៅឡើយទេ។
លោកថា៖ «មិនទាន់ដឹងលទ្ធផលយ៉ាងម៉េចនៅឡើយទេ ព្រោះការកំណត់ GPS នេះគឺបោះយកចំណុចគោលសិន ហើយបានគេយកទៅផលិតជាផែនទី ហើយបានយកពិភាក្សាគ្នាសាឡើងវិញបន្តទៀត។ ដល់ពេលគាត់ឃើញយើងបោះអ៊ីចឹងថាយើងធ្វើខុសធ្វើអី។ ជារឿងសិទ្ធិរបស់គាត់ ប៉ុន្តែនៅពេលធ្វើហើយ យើងនឹងហៅភាគីទាំងសងខាងមកប្រជុំជជែកពិភាក្សា តើសម្រេចយ៉ាងម៉េចយ៉ាងម៉ា យើងមិនទាន់ដឹងទេ ព្រោះកំពុងធ្វើការនៅឡើយ»។
ក្រៅពីនេះលោក សុខ សេរ៉ា ក៏បានអះអាងដែរថា ចំពោះការកំណត់យកតាមផែនទីលើទំហំដីជាង ៨៥ ហិកតា ដែលផ្ទុយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ក៏ព្រោះតែទំហំ ១០២ ហិកតា ដែលបានកំណត់ពីមុន បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលមានលំនៅជាយូរមកហើយនៅជុំវិញភ្នំដោះក្រមុំនេះ ហើយដើម្បីកុំឲ្យមានជម្លោះ អាជ្ញាធរក៏សម្រេចកាត់ជូនពលរដ្ឋ។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា នៅពេលនីតិវិធីនៃការកំណត់ព្រំ និងបោះបង្គោលចប់រួចរាល់ អាជ្ញាធរខេត្តនឹងកសាងផ្លូវព័ទ្ធជុំវិញតាមព្រំទាំងនេះ ដើម្បីបង្ការការរំលោភបំពានដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំជាថ្មីទៀត។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ ព្រោះក្រសួងបានចូលរួមក្នុងការការពារជាច្រើនឆ្នាំមកហើយ ដើម្បីឲ្យមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំនេះបាននៅគង់វង្ស៕