ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​ ៤០០ ​ក្រុមហ៊ុន បាន​ចាត់ទុក ថា ប្រសិន​ជា មាន​ការដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU​។ បញ្ហា​នេះ​តំណាង​ធុរកិច្ច EU-Asean និង​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ខាតបង់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​។

យោង​តាម​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​ក្រុមហ៊ុន​ធុរកិច្ច​នេះ​បាន​ឲ្យ​ដឹងថា​៖ «​លោក​អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សភា​អឺរ៉ុប​ដែល​មាន​ក្រុមហ៊ុន​ប្រមាណ​ ៤០០ ​ក្រុមហ៊ុន​បាន​ចាត់​ទុក​ថា ប្រសិន​បើ​មាន​ការ​ដកចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU»​។

ក្ដីបារម្ភ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​ជំនួប​ទ្វេភាគី​កាលពី​ម្សិលមិញ​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក ខណៈ​ដែល​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ដោយ​បាន​អះអាង​ថា កម្ពុជា​គ្មាន​បំណង​តបត​បង្ក​ការលំបាក​ដល់​ក្រុមហ៊ុន​អឺរ៉ុប​ទេ ទោះបី​មាន​ការ​គំរាម​ដក EBA ក៏ដោយ​។

លោក​ ហ៊ុន សែន នៅ​ថ្ងៃទី ១៨ តុលា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាទីន ហេយ តំណាង​ក្រុមប្រឹក្សា ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បូសស៍ (Bosch) ប្រចាំ​អាស៊ីអាគ្នេយ៍​បាន​លើក​បញ្ហា​ថា កន្លងមក​មាន​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប​បាន​ធ្វើការ​គំរាម​ដល់​កម្ពុជា និង​សហភាព​មីយ៉ាន់ម៉ា​ក្នុង​ការ​ដកចេញ​នូវ “​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (Everything But Arms (EBA) ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន​។

លោក ហ៊ុន សែន ថ្លែង​ចំពោះមុខ​វិនិយោគិន និង​មន្ត្រី​សំខាន់ៗ​មកពី ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប​ថា​៖ «​ទោះបី​ជា​សហភាព​អឺរ៉ុប​មាន​បំណង​ដាក់​ទណ្ឌកម្ម​ដក EBA ពី​កម្ពុជា​យ៉ាង​ណា​ក្តី​ក៏​កម្ពុជា​មិន​សងសឹក​ទៅលើ​ក្រុមហ៊ុន​មកពី​សហគមន៍​អឺរ៉ុប ឬ​មកពី​បណ្តា​ប្រទេស​ដទៃ​ឲ្យ​មាន​ការ​ពិបាក ឬ​ទទួល​ការខាតបង់​ដោយសារ​ការសម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប​ដែរ គឺ​សម្តេច​​តេជោ សុំ​ធានា​មិន​ឲ្យ​កើតមាន​ឡើយ ប៉ុន្តែ​ធានា​ការពារ​នូវ​​ផលប្រយោជន៍ ហើយ​សម្តេច​តេជោ​សូម​អញ្ជើញ​ក្រុមហ៊ុន​អឺរ៉ុប​ទៅ​វិនិយោគ​ឲ្យ​កាន់តែ​​ច្រើន​ឡើង​ថែមទៀត​នៅ​ប្រទេស​កម្ពុជា​។

ប្រតិភូ​កម្ពុជា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប​។ រូប SPM

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ការពិភាក្សា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​គឺ​មិនមែន​ត្រឹម​តែ​ការពិភាក្សា​លើ​បញ្ហា​នយោបាយ​នោះ​ទេ គឺ​យើង​ពិភាក្សា​គ្នា​ផងដែរ​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ កន្លងមក EU ក៏​បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន​ព្រោះ​ចង់ឃើញ​កម្ពុជា​រីកចម្រើន​។ ប៉ុន្តែ​ប្រសិន​ជា EU សម្រេច​ដកចេញ EBA គឺ​ហាក់បី​ដូចជា EU បោះបង់​ចោល​នូវ​អ្វីៗ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លង​មក​នៅ​កម្ពុជា​។ ដូច្នេះ​សូម​ឲ្យ​សហភាព​អឺរ៉ុប​មុន​សម្រេច​អ្វី​គឺ​ត្រូវ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ស្តាប់​ចំពោះ​មតិយោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អឺរ៉ុប​ផង​ដែរ​»​។

លោក ហ៊ុន សែន ក៏​បាន​អះអាង​ថា​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប មាន​គម្រោង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ចំនួន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឆ្នាំ​ ២០១៩ ដើម្បី​ណែនាំ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​មួយ​ចំនួន​ធំ​ថែម​ទៀត​ទៅ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្រុម​ធុរកិច្ច​អឺរ៉ុប​មាន​ជំនឿ​ និង​ទុកចិត្ត​កម្ពុជា ហើយ​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​រយៈពេល​វែង​។ ទី​ ១ ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​រយៈពេល​វែង និង​ទី​ ២ ​ជួយ​គាំពារ​លើ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​បច្ចេកវិទ្យា ABS ដែល​ជា​បច្ចេកវិទ្យា​ដ៏ល្អ​របស់​ក្រុមហ៊ុន BOSCH សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​បាន​ដឹង​ហើយ​អំពី​សភាពការណ៍​ពិត​របស់​កម្ពុជា សហភាព​អឺរ៉ុប​ខ្លួនឯង​គឺ​ត្រូវ​ស្តាប់​តាម​មតិ​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់ តើ​ពួកគេ​ពេញចិត្ត​វិនិយោគ​នៅ​កម្ពុជា​ដែរ​ទេ​? គឺ​មិន​ត្រូវ​ដាក់​ការគាបសង្កត់​ណា​មួយ​ដែល​ប្រាសចាក​ការពិត​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា និង​អ្នក​វិនិយោគិន​អឺរ៉ុប​ឡើយ ព្រោះ​លក្ខខណ្ឌ​ការងារ ប្រាក់ខែ និង​ផលប្រយោជន៍​បុគ្គលិក​កម្មករ ជាពិសេស​កម្មការិនី​ក៏​កាន់តែ​ប្រសើរ​ឡើង​»​។

ទន្ទឹម​នឹង​នេះ​លោក​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប​ទៅ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) ក្នុង​ឆ្នាំ​ ២០២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ការផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) គឺ​សម្រាប់​ប្រទេស​ក្រីក្រ​ក្នុង​ការ​នាំយក​ផលិតផល​ និង​ទំនិញ​នានា​មក​កាន់​ទីផ្សារ​ EU ដោយ​មាន​ការអនុគ្រោះ​ពន្ធ ហើយ​មិន​អាច​ផ្តល់​ជូន​ជា​រៀងរហូត​នោះ​បាន​ឡើយ​។

លោក ​ហ៊ុន សែន កំពុង​បំពេញ​បេសកកម្ម​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១២ ដែល​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ ១៨ និង ១៩ ខែ​តុលា​ក្រោម​ប្រធានបទ​៖ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ដើម្បី​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប​ក្នុង​នោះ​មាន​ជំនួប​ទ្វេភាគី​ជា​បន្តបន្ទាប់​ជាមួយ​មេដឹកនាំ​សំខាន់ៗ ដូចជា​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang​។

កិច្ចប្រជុំ​ដោយឡែក​នៅ​សហភាព​អន្តរសភា (IPU):

លោកស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរសភា Inter-Parliamentary Union (IPU) ​បាន​ស្នើ​ដល់​លោកស្រី ឃួន សុដារី អនុប្រធាន​ទី​ ២ ​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​បង្កើត​ឲ្យ​មាន​បេសកកម្ម​មួយ​របស់​អ្នកច្បាប់ IPU ដើម្បី​ជួប​ជជែក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​អំពី​ការរំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ​ខណៈ​ដែល​សភា​កម្ពុជា​អះអាង​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ «​មជ្ឈដ្ឋាន​ខាងក្រៅ និង​ពួកអគតិ​» នាំគ្នា​ដើរ​បំភ្លៃ​ការពិត បោកប្រាស់​អន្តរជាតិ​ក្នុង​ចេតនា​យង់ឃ្នង​បំផ្លិចបំផ្លាញ​ជាតិ​កម្ពុជា​។

លោកស្រី ឃួន សុដារី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សមាជិក​រដ្ឋសភា​ចូលរួម​មហាសន្និបាត​សហភាព​អន្តរសភា (IPU) លើក​ទី ១៣៩ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៨ ខែ​តុលា​នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការជំរុញ​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាមបែប​បច្ចេកវិទ្យា​។

ថ្លែង​នៅ​ចំពោះ​មហាសន្និបាត​កាលពី​ថ្ងៃ​ពុធ​លោកស្រី សុដារី បាន​អះអាង​ថា នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ច្រើន​កំពុង​អនុវត្ត​សកម្មភាព​របស់​ពួកគេ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​អនុលោម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

លោកស្រី​ថ្លែង​ក្នុង​ន័យ​ដើម​ថា​៖ «​ប្រទេស​កម្ពុជា​ឥឡូវ​ជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាងមុតមាំ​នូវ​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​ដោយ​មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែល​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​បាន​។ យើង​គឺជា​រដ្ឋ អធិបតេយ្យ ឯករាជ្យ បូរណភាព ដែនដី​ពេញលេញ​មួយ​ដែល​គ្រប់គ្រង​ដោយ​ច្បាប់ ហើយ​និយាយ​រួម​គឺជា​នីតិរដ្ឋ​។ សន្តិភាព​បើ​គ្មាន​ការអភិវឌ្ឍ​គឺ​មិន​អាច​មាន​ស្ថិរភាព​បាន​ទេ​»​។

កាលពី​ល្ងាច​ថ្ងៃទី​ ១៦ តុលា លោកស្រី សុដារី បាន​អះអាង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី Gabriela Cuevas Barron ថា​មជ្ឈដ្ឋាន​ខាងក្រៅ និង​ពួកអគតិ​មួយ​ក្តាប់​តូច​នាំគ្នា​ដើរ​បំភ្លៃ​ការពិត បោកប្រាស់​អន្តរជាតិ​ក្នុង​ចេតនា​យង់ឃ្នង​ក្នុង​ការ​បំផ្លិចបំផ្លាញ​ជាតិ​កម្ពុជា​អំពី​ស្ថានភាព​សិទ្ធិ​មនុសុ្ស​ដែល​កំពុង​តែ​រីកចម្រើន​ឥត​ឈប់ឈរ​ក្នុង​កំណើន​សេដ្ឋកិច្ច​ ៧% ​ជា​ប្រចាំ​។ លោកស្រី Gabriela Cueva Barron បាន​ឯកភាព​ការលើក​ឡើង​របស់​លោកស្រី ឃួន សុដារី​៕