ព្រះសីហនុៈ ពលរដ្ឋ​យ៉ាង​ហោចណាស់​ ១៨ ​គ្រួសារ​ដែល​​រស់នៅ​ភូមិ​ ២ សង្កាត់​លេខ​ ១ ​ក្រុង​ព្រះសីហនុ​បាន​ស្នើឲ្យ​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​រវាង​ពួកគាត់​ជាមួយ​អ្នកស្រី ឡឹក លក្ខិណា និង​ប្ដី​ឈ្មោះ គិត ប៊ុន ខណៈដី​លំនៅឋាន​ពួកគេ​ដែល​មាន​វិវាទ​​តាំងពី​ចុងឆ្នាំ​មុន​មក​នោះ កំពុង​ត្រូវ​បាន​ភាគី​ម្ខាង​យក​ទៅ​សង់​សំណង់​ផ្ទាល់ខ្លួន​។

លោក ឌុច ចាន់ សម័យ តំណាង​ពលរដ្ឋ​ទាំង​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ដី​ពួកគាត់​ដែល​កំពុង​មាន​វិវាទ​ខាង​លើ​មាន​ទំហំ​សរុប​ជាង​ ១ ​ហិកតា​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ក្នុង​ទីតាំង​​ដី​នោះ​ត្រូវបាន​ប្ដី​ប្រពន្ធ​ទាំង​ ២ ​នាក់​ខាងលើ​រំលោភ​យក​ទៅ​សង់​សំណង់​ផ្ទាល់ខ្លួន និង​ធ្វើ​​របង​បិទ​មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​ទេ តាំងពី​ចុង​ឆ្នាំ​ ២០១៨ ​មក​។

លោក​ថ្លែងថា ប្ដី​ប្រពន្ធ​ខាងលើ​បាន​អះអាង​ថា ដី​វិវាទ​នោះ​ជា​កម្មសិទ្ធិ​ពួកគាត់​ដោយ​សំអាង​លើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​លេខ A1.911 ​ចុះ​ថ្ងៃទី​ ២៧ ខែ​ធ្នូ ឆ្នាំ​ ១៩៩៣ ប៉ុន្តែ​ប័ណ្ណ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​និរាករណ៍​រួចហើយ​​តាម​លិខិត​លេខ​ ១០៣៩ ចុះ​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ១៩៩៩​។

លោក ចាន់ សម័យ ឲ្យ​ដឹងថា​៖ «​ពលរដ្ឋ​កំពុង​អស់​សង្ឃឹម​ក្រោយ​ការរំលោភ​យក​ដី​នេះ​ជិត​ ១ ​ឆ្នាំ​កន្លង​មក​ហើយ ទោះបី​ពលរដ្ឋ​ប្ដឹង​ទៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជាច្រើន​លើក និង​មាន​លិខិត​អន្តរាគមន៍​ពី​លោក​អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​មាន​ចំណាត់ការ​លើ​រឿងនេះ​។ ​ប៉ុន្តែ​រហូត​ទល់​ពេល​នេះ​មិនមាន​ដំណោះស្រាយ​ទេ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​ស្នើសុំ​ឯកឧត្ដម​អភិបាលខេត្ដ​ព្រះសីហនុ​អន្តរាគមន៍​ជួយ​ដោះស្រាយ​រឿងនេះ​ផង​។ ​ព្រោះ​គេ​ (​ប្ដី​ប្រពន្ធ​ខាងលើ​) ​មិន​ស្ដាប់​អាជ្ញាធរ​ក្រុង​ចុះ​មក​ដោះស្រាយ​ និង​ធ្វើ​កិច្ចសន្យា​ហាមឃាត់​ការសាងសង់​ទេ​គឺ​នៅ​តែ​បន្ដ​សង់​»​។

ក៏ប៉ុន្តែ​អ្នកស្រី ឡឹក លក្ខិណា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អ្នកស្រី​ធ្លាប់​បាន​ហៅ​ពលរដ្ឋ​ភាគី​ជម្លោះ​ទៅ​ដោះស្រាយ​នៅ​រដ្ឋបាល​ខេត្ដ​ជាច្រើន​លើក​លើ​បញ្ហា​នេះ ប៉ុន្ដែ​ពួកគេ​មិន​ព្រម​ចូល​ទេ​។

អ្នកស្រី​ថា​៖ «​ឯកសារ​ដី​របស់ខ្ញុំៗ​ទាមទារ​តាំងពី​អភិបាលខេត្ដ​ចាស់​រហូតដល់​ឥឡូវ​ថា បើ​បុគ្គល​ណា​បាន​ដី​ពី​រដ្ឋបាល​ខេត្ដ​ចែក​ឲ្យ​យកមក​ដោះស្រាយ​។ ព្រោះ​ដី​ខ្ញុំ​នេះ​ពួកគាត់​អះអាង​ថា រដ្ឋបាល​ខេត្ដ​ចែក​ឲ្យ​គាត់​។ ​ខ្ញុំ​កាន់កាប់​ដី​នេះ និង​បាន​បង់ពន្ធ​រាល់​​ឆ្នាំ​។ ​បើ​គាត់​សំអាងថា រដ្ឋបាល​ខេត្ដ​ចែក​ដី​នេះ​ឲ្យ​សូម​យក​ឯកសារ​មក​។ ពាក្យ​ថា និរាករណ៍​ដី​នេះ​តើ​អ្នកណា​ជា​អ្នក​នរាករណ៍​ដី​ខ្ញុំ​?...​ដី​របស់​ខ្ញុំ​មាន​ជាង​ ២ ​ហិកតា​»​។

បើ​តាម​អ្នកស្រី លក្ខិណា រឿង​ដី​នេះ​មិនមែន​អ្នកស្រី​មាន​បញ្ហា​ជាមួយ​ក្រុម​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះទេ​។ ​ប៉ុន្ដែ​មាន​បញ្ហា​ជាមួយ​បុគ្គល ដែល​កំពុងកាន់កាប់​ដី​អ្នកស្រី​ជាង​ ១ ​ហិកតា​កន្លះ តែ​គេ​យក​ពលរដ្ឋ​មក​លាប​ពណ៌​ដាក់​ពី​មុខ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្ដឹង​តាំងពី​ខេត្ត​រហូត​ដល់​តុលាការ​ហើយ​។ ​ប្រសិន​បើ​ខ្ញុំ​រំលោភ​ដី​ពលរដ្ឋ​ ឬ​ពលរដ្ឋ​រំលោភ​ដី​ខ្ញុំ​​នោះ​គឺ​ខ្ញុំ​សុំ​ឯកសារ​តាំងពី​អភិបាល​ខេត្ដ​ចាស់​នៅ​គ្រប់គ្រង​រហូត​មក​មាន​រយៈពេល​ជាង​ ១ ​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនមែន​សុំ​ត្រឹម​ប្រជាជន​ទេ គឺ​បាន​សុំ​ដល់​រដ្ឋបាល​ខេត្ដ​តែម្ដង​»​។

លោក អ៊ី ធារិន ជា​នាយកស្តីទី​ទីចាត់ការ​អន្តរវិស័យ​នៃ​​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា កន្លងមក​លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ក្រុង​ចុះទៅ​ហាមឃាត់​ការសាងសង់​នៅ​​ដី​វិវាទ​ខាង​លើ​នេះ​។ ប៉ុន្ដែ​មិនទាន់​បាន​ដោះស្រាយ​រួចរាល់​នៅ​ឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​ខេត្ដ​នៅ​មាន​ការប្រជុំ​ជា​បន្តបន្ទាប់​ទៀត​លើ​បញ្ហា​ដី​នេះ​។ ​ប៉ុន្ដែ​យើង​មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ​។ ឥឡូវ​ខាង​សមត្ថកិច្ច​ក្រុង​គេ​បាន​ចុះ​ទៅ​ហាមឃាត់​ហើយ​អាច​ទាក់ទង​បន្ដ​ទៅខាង​អាជ្ញាធរ​ក្រុង​»​។

នៅក្នុង​លិខិត​ដោយឡែក​មួយទៀត​កាលពី​ថ្ងៃទី​ ២០ ខែ​សីហា​កន្លង​ទៅ​លោក អ៊ី ធារិន ធ្លាប់​បាន​ដាក់​របាយការណ៍​ជុំវិញ​​វិវាទ​ដីធ្លី​នេះ​ទៅ​អភិបាលខេត្ដ​ព្រះសីហនុ​ផង​ដែរ ក្រោយពី​​រាជរដ្ឋាភិបាល​លុបចោល​រាល់​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​ក្បាលឆាយ​ក្នុង​នោះ​ក៏​គ្របដណ្ដប់​លើ​ទីតាំង​ដី​សម្គាល់​កម្មសិទ្ធិ​របស់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ​ផង​។

តាម​លិខិត​នោះ​លោក ធារិន បញ្ជាក់​ថា​ផ្ទៃដី​នៅ​សល់​ក្រោយពី​ការកែសម្រួល​អនុក្រឹត្យ​ខាងលើ​រួចមក​ត្រូវ​បាន​រដ្ឋបាល​ខេត្ដ​បែងចែក​ជូន​ពលរដ្ឋ​ក្នុងនោះ​មាន​ចំណុច​ដី​ទីតាំង​ដែល​ប្ដី​ប្រពន្ធ​ខាងលើ​ទៅ​ទាមទារ និង​សាងសង់​ផ្សេងៗ​គឺ​នៅលើ​ទីតាំង​ដី​បម្រុង​របស់​រដ្ឋបាល​ខេត្ដ​ និង​ដី​បែង​ចែកជូន​ពលរដ្ឋ​។

លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​ដែល​ធ្លាប់​បាន​ចុះ​ហាមឃាត់ និង​ដោះស្រាយ​វិវាទ​ដី​នេះ​បាន​ថ្លែង​ថា រដ្ឋបាល​ក្រុង​បាន​បញ្ជូន​របាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​ខេត្ដ​រួចហើយ​។

លោក​ថា​៖ «​ការងារ​នេះ​ផុតដៃ​រដ្ឋបាល​ក្រុង​ហើយ ឥឡូវ​បញ្ជូនទៅ​រដ្ឋបាល​ខេត្ដ​ជា​អ្នកសម្រេច​។ ប៉ុន្ដែ​លោក ចាន់ សម័យ​ថា​កាលពី​អភិបាលខេត្ដ យន្ត មីន នៅ គាត់​បាន​បែងចែក​ដី​នោះ​ឲ្យ​រួម​នឹង​ពលរដ្ឋ​ដែល​មាន​ការខ្វះខាត​ផង​»​។

លោក សុខ សុខុម ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បាន​លើកឡើង​ថា ប្ដី​ប្រពន្ធ​ទាំង​ ២ ​នាក់​ខាងលើ​មាន​ប័ណ្ណ​សម្គាល់​ដី​។ ប៉ុន្ដែ​មិនដឹង​ស្ថិត​នៅ​ទីតាំង​ណា​ជាក់លាក់​ទេ​​តែ​ប័ណ្ណ​នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​និរាករណ៍​ចោល​រួចហើយ​។

លោក​ថា​៖ «​ពលរដ្ឋ​ទាំង​ ១៨ ​គ្រួសារ​នោះ​ជា​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​ជា​ពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​បែងចែក​ដី​ខាងលើ​នោះ​ជូន​ពួកគាត់​រស់នៅ​។ ដូច្នេះ​ការទាមទារ​របស់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ​គឺ​ខុសច្បាប់​ហើយ​»៕