ភ្នំពេញៈ មេធាវី​ចំនួន​ ១៣៥៥ ​រូប​នឹង​ធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៨ ដើម្បី​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​ ១ ​រូប​ក្នុង​អាណត្តិ​ទី​ ១២ ដែល​មាន​អាណត្តិ​ ២ ​ឆ្នាំ ហើយ​ប្រធាន​គណៈមេធាវី​អាច​កាន់​តំណែង​បាន​តែ​ ២ ​អាណត្តិ​ប៉ុណ្ណោះ​។

លោក សួន វិសាល ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​បច្ចុប្បន្ន​កំពុង​ត្រៀម​បន្ត​ឈរ​ជា​បេក្ខជន​សាជាថ្មី​ទៀត​នឹង​ត្រូវ​ប្រជែង​ជាមួយ​លោក សំ សុគង់ ជា​មេធាវី​ម្នាក់​មាន​ឈ្មោះ​ល្បី​ខាង​ការពារ​ក្ដី​ជូន​ដល់​សកម្មជន​អ្នក​នយោបាយ​រួម​ទាំង​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

បេក្ខជន​ប្រធាន​គណៈមេធាវី​ទាំង​ ២ ​រូប​លោក វិសាល និង លោក សុគង់ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​អំពី​ការធ្វើ​​កំណែទម្រង់​ក្នុង​គណៈមេធាវី​ដើម្បី​បំបាត់​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​នានា​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេវា​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សួន វិសាល ក្នុង​វ័យ ៥៣ ​ឆ្នាំ​បាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល​ ១៩ ​ឆ្នាំ​ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​អះអាង​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​បទសម្ភាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៤ ខែ តុលា ឲ្យ​ដឹង​ថា​លោក​នឹង​ជំរុញ​មេធាវី​ការពារ​ក្តី​ឲ្យ​មាន​គុណភាព និង​គោរព​ក្រម​សីលធម៌​ដែល​អាច​ជួយ​កាត់បន្ថយ​អំពើ​ពុករលួយ និង​ធ្វើការ​រួម​គ្នា​ជាមួយ​តុលាការ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​មេធាវី និង ធ្វើការ​តាមដាន​បុគ្គល​មេធាវី និង​ដាក់​ពិន័យ​បុគ្គល​ដែល​អសកម្ម​។

លោក វិសាល ថ្លែង​ថា​៖ «​នៅក្នុង​ប្រទេស​ជឿនលឿន ដើម្បី​បំបាត់​ចោល​នូវ​ភាព​អសកម្ម​នេះ​នៅពេល​ដែល​មេធាវី​ចង់​ជួប​ចៅក្រម​ត្រូវ​តែ​មាន​ព្រះរាជអាជ្ញា​ទៅ​ចូលរួម​ជាមួយ​ដែរ​។ មិន​អាច​ឲ្យ​ចៅក្រម​ទៅ​ជួប​ស្ងាត់ៗ​តែ​ឯង​បាន​ទេ ...​ការចរចា​ក្រោម​តុ​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ហើយ​ការជួប​ជា​សម្ងាត់​រវាង​ចៅក្រម​នឹង​មេធាវី និង​ការជួប​សម្ងាត់​រវាង​ចៅក្រម និង ព្រះរាជអាជ្ញា​គឺ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​នេះ​គឺជា​ចំណុច​មួយ​នៃ​ការកែទម្រង់​នៃ​ច្បាប់ ដូច្នេះ​អាច​កាត់បន្ថយ​នូវ​ភាព​អសកម្ម​បាន​»​។

លោក​បន្ត​អះអាង​ថា​ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​តុលាការ​កាន់តែ​ល្អ​ប្រសើរ ប្រទេស​ត្រូវ​ការ​ច្បាប់​ល្អ ដូច្នេះ​នៅ​អាណត្តិ​ក្រោយ​នេះ​គណៈមេធាវី​នឹង​បន្ត​យក​​ចិត្ត​ទុកដាក់ ហើយ​ដាក់​សំណើ​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​កែ​ច្បាប់​មួយ​ចំនួន និង​ព្យាយាម​លុបបំបាត់​អ្នក​រត់​ការ​ ឬ​មេធាវី​ក្លែងក្លាយ​ដើម្បី​ផ្តល់​អំណាច​បន្ថែម​ដល់​មេធាវី​ដើម្បី​ងាយស្រួល​ក្នុង​ការ​ការពារ​ក្តី និង​ផ្តល់​ភាពយុត្តិធម៌​ដល់​កូនក្តី​។

លោក វិសាល ក៏​បាន​ថ្លែង​ដោយ​បាន​បដិសេធ​ផង​ដែរ​នូវ​​ដំណឹង​ចចាម​អារ៉ាម​ទាក់ទង​ពី​បញ្ហា​ពុករលួយ​ក្នុង​ការ​ផ្ដល់ និង​ទទួល​សំណូក​ប្រមាណ​ជា​ ២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បាន​ចូល​ធ្វើ​ជា​មេធាវី ហើយ​គណៈមេធាវី​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ និង​អ្នក​ដែល​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​​ចំពោះ​ការចោទប្រកាន់​នានា​ចាប់​តាំងពី​ពេល​ដែល​គណៈមេធាវី​ត្រូវ​បាន​បង្កើតឡើង​។

ខណៈ​លោក សំ សុគង់ ស្ថិត​ក្នុង​វ័យ​ ៤១ ​ឆ្នាំ​បាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល ១៥ ឆ្នាំ​ហើយ ហើយ​បាន​ចាប់ផ្តើម​ការពារ​ក្តី​ឲ្យ​សកម្មជន និង​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​ចាប់​តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ ​មក​នោះ លោក​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​ដែល​ជាប់ឆ្នោត​លោក​នឹង​ធ្វើ​ការងារ​ជាមួយ​ក្រុម​គណៈមេធាវី​ថ្មី​ចំនួន ៣៣ ​រូប​កែទម្រង់​ហើយ​នឹង​ដាក់​ពិន័យ​ចំពោះ​មេធាវី​ដែល​ដើរតួនាទី​អន្តរការី​ ឬ​ក៏​អ្នករត់ការ​ដែល​សូកប៉ាន់​ទៅ​តុលាការ​។

លោក សុគង់ ថ្លែង​ថា​៖ «​យើង​នឹង​ធ្វើការ​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់​លក្ខន្តិកៈ​ក៏ដូចជា​សេចក្តី​សម្រេច​របស់​គណៈមេធាវី ហើយ​ប្រសិន​បើ​សមាជិក សមាជិកា​ណា​មួយ​គាត់​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ ឬ​ដើរតួ​ជា​អន្តរការី យើង​មាន​យន្តការ​ក្នុង​ការ​ប្តឹង​ទៅ​ស្ថាប័ន​ជាតិ​ដែល​មាន​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​មេធាវី​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​»​។

លោក​ សុគង់ ​ថ្លែង​ថា​នៅពេល​ដែល​លោក​ជាប់​ជា​ប្រធាន​គណៈមេធាវី​លោក​នឹង​ជួប​ក្រុមប្រឹក្សា​មេធាវី ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ គណៈមេធាវី​ឲ្យ​កាន់​តែ​ល្អប្រសើរ​ដើម្បី​ធ្វើឲ្យ​មេធាវី​ប្រកប​ការងារ​ឲ្យ​កាន់តែ​ល្អ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​ខ្ញុំ​ជាប់ឆ្នោត ខ្ញុំ​នឹង​ដឹកនាំ​គណៈមេធាវី​ដោយ​តម្លាភាព គណនេយ្យភាព​ និង​ភាព​ស្អាតស្អំ​។ យើង​នឹង​ធ្វើការ​ពិនិត្យ និង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ស្រប​ទៅ​តាម​ច្បាប់​លក្ខន្តិកៈ​មេធាវី ហើយ​គណៈមេធាវី​ធានា​ការប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹត ស្អាតស្អំ និង​តម្លាភាព​»​។

ខណៈ​លោក សួន វិសាល បាន​ថ្លែង​ថា​លោក​ពិតជា​បាន​​សុំ​ការគាំទ្រ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​លោក​ក៏​ជា​សមាជិក​គណៈមេធាវី ១ ​រូប ហើយ​ក៏​បាន​សុំ​ការគាំទ្រ​ពី​មេធាវី​ផ្សេងៗ​ទាំងអស់​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ និង​បន្ត​ជា​ប្រធាន​គណៈមេធាវី ហើយ​លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ទឹកចិត្ត​ឲ្យ​គណៈមេធាវី​ជួយ​ជំរុញ​ឲ្យ​មាន​មេធាវី​ទៅ​តាម​ខេត្ត​ឲ្យ​បាន​កាន់តែ​ច្រើន​។

លោក​ថ្លែង​ថា​៖ «​ពេល​ដែល​ខ្ញុំ​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈមេធាវី ខ្ញុំ​ចង់​ជាប់​ហើយ ដើម្បី​បំពេញ​គោលបំណង ខ្ញុំ​ដើរ​សុំ​ការគាំទ្រ​ទាំងអស់​ខ្ញុំ​មិន​អាច​ប្រាប់​យុទ្ធសាស្ត្រ​បាន​ទេ ធម្មតា​ការប្រកួត​ប្រជែង​រឿង​បោះឆ្នោត​។ ឲ្យ​តែ​យុទ្ធសាស្ត្រ​នោះ​ស្រប​ច្បាប់ យើង​ធ្វើ​ហើយ​មិន​មាន​បញ្ហា​អី​ទេ ហើយ​យុទ្ធសាស្ត្រ​នោះ​យើង​មិន​អាច​ឲ្យ​គេ​ដឹង​បាន​ដែរ​។ យើង​ព្យាយាម​ជំរុញ​ឲ្យ​មេធាវី​ទៅ​តាម​ខេត្ត​ឲ្យ​បាន​ច្រើន​»​។

ចំណែក​លោក សំ សុគង់ បាន​ថ្លែង​ផង​ដែរ​ថា​ការឃោសនា​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព និង​បទពិសោធ តែ​មិន​ប្រើប្រាស់​ការឃោសនា​បែប​ប្រជាភិថុតិ​ហើយ​ឃោសនា​ប្រកួត​ប្រជែង​តាម​បែប​លក្ខណៈ​ប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ប្រើប្រាស់​ការឃោសនា​តាមរយៈ​ការទិញ​ទឹកចិត្ត ការ​ជប់លៀង​ ឬ​ការបង្ខិតបង្ខំ​ផ្សេងៗ​។ ខ្ញុំ​ធ្វើ​ឃោសនា​ប្រកួត​ប្រជែង​តាម​បែប​លក្ខណៈ​ប្រជាធិបតេយ្យ​ និង​តាមរយៈ​ការដាក់​ចេញ​គោលការណ៍​សំខាន់ៗ​ទៅ​កាន់​សមាជិក សមាជិកា​ដើម្បី​ឲ្យ​គាត់​ពិនិត្យ​ និង​ធ្វើការ​សម្រេចចិត្ត​»​។

លោក សួន វិសាល បាន​ថ្លែង​ថា​មាន​មេធាវី​ ២ ​រូប​ត្រូវ​បាន​ដាក់​ពិន័យ​ទាំង​ការព្រមាន​ផ្ទាល់​មាត់​ និង​ជា​លាយលក្ខណ៍អក្សរ ហើយ​គណៈមេធាវី​ក៏​បាន​ទទួល​ពាក្យ​បណ្តឹង​ច្រើន​ទាក់ទង​នឹង​ការទទួល​លុយ​ពី​កូនក្តី​ហើយ​មិន​ការពារ​កូនក្ដី ហើយ​គណៈមេធាវី​ក៏​កំពុង​ស៊ើបអង្កេត​ករណី​មួយ​ចំនួន​ផ្សេង​ទៀត​។ រដ្ឋាភិបាល​នឹង​បង្កើត​ថវិកា​មួយ​ចំនួន​សម្រាប់​ការពារ​ក្តី​ដល់​ជនក្រីក្រ និង​រក​មូលនិធិ​ពី​ខាង​ក្រៅ​ដើម្បី​ជួយ​ការពារ​ក្តី​ដល់​ជនក្រីក្រ និង​គោលការណ៍​ស្ម័គ្រចិត្ត​របស់​មេធាវី ហើយ​លោក​នឹង​ផ្តល់​រង្វាន់​ដល់​មេធាវី​ណា​ដែល​ការពារ​ក្តី​បាន​ច្រើន​ហើយ​នឹង​ឈ្នះ​សម្រាប់​ជនក្រីក្រ​ដែល​មាន​​ប្រមាណ ៣០ ភាគរយ​៕