ភ្នំពេញៈ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា សង្ស័យថាតុលាការបានប្រើប្រាស់ឯកសារមិនប្រក្រតីធ្វើជាភ័ស្ដុតាង ដើម្បីសួរដេញដោលលើកូនក្ដីខ្លួន។ ការសង្ស័យនេះដោយសារនៅក្នុងសវនាការកាលពីម្សិលមិញ ក្រុមប្រឹក្សាជំនុំជម្រះមេធាវីតំណាងរដ្ឋាភិបាល និងអយ្យការបានបង្ហាញឯកសារមួយដែលជាភ័ស្ដុតាងដើម្បីសួរដេញដោលលោក កឹម សុខា ប៉ុន្តែឯកសារនោះត្រូវបានក្រុមមេធាវីការពារក្ដីលោក កឹម សុខា អះអាងថា ពួកគេមិនធ្លាប់ទទួលបាននោះទេ។
នៅក្នុងសវនាការពេញ ១ ថ្ងៃ គឺមានការពិភាក្សាយ៉ាងតានតឹងអំពីភ័ស្ដុតាងដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ដូចជាភ័ស្ដុតាងយកចេញពីម្ចាស់ហ្វេសប៊ុកឈ្មោះ កូនខ្មែរ និងឯកសារដែលជាសេចក្ដីថ្លែងការណ៍រួមអំពីការបង្កើតគណបក្សសង្គ្រោះជាតិ។ តំណាងអយ្យការបានយកឯកសារភ័ស្ដុតាងដែលជាសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើត CNRP ដើម្បីសួរដេញដោលលោក កឹម សុខា ប៉ុន្តែភ្លាមៗនោះត្រូវបានក្រុមមេធាវីការពារក្ដីរបស់លោក កឹម សុខា បានស្នើសុំតំណាងអយ្យការបង្ហាញលេខសម្គាល់នៃឯកសារនោះដោយសារពួកគេសំអាងថា រកមិនឃើញនូវឯកសារភ័ស្ដុតាងនេះ។
តំណាងអយ្យការប្រាប់លេខសម្គាល់នៃឯកសារភ័ស្ដុតាងនោះ ហើយមេធាវីតំណាងឱ្យរដ្ឋាភិបាល អយ្យការ និងក្រុមប្រឹក្សាជំនុំជម្រះថែមទាំងបានលើកបង្ហាញឯកសារទាំងនោះហើយអះអាងថា ពួកគេសុទ្ធតែមានឯកសារនេះ គឺមាននៅក្នុងសំណុំរឿងតាំងពីពេលក្រុមប្រឹក្សាស៊ើបសួរ។
លោកស្រី ម៉េង សុធារី មេធាវីការពារក្ដីជនជាប់ចោទម្នាក់បានលើកឡើងថា ឯកសារដែលតុលាការយកមកសួរដេញដោលនេះ គឺជាឯកសារមិនប្រក្រតី មិនមានបញ្ចូលនៅក្នុងសំណុំរឿងតាំងពីដើម និងជាឯកសារទើបបញ្ចូលថ្មី។ ការអះអាងនេះ បន្ទាប់ពីលោកស្រីសុំឯកសាររបស់តំណាងអយ្យការមកពិនិត្យឃើញមានលេខសម្គាល់ តែចំណែកឯកសារដែលក្រុមប្រឹក្សាកំពុងមាន បែរជាគ្មានលេខតែមានអក្សរសម្គាល់ទៅវិញ។
លោកស្រីថា៖ «សុំចៅក្រមពិចារណា តើភ័ស្ដុតាងទើបតែអយ្យការបញ្ចូលថ្មីឬយ៉ាងណា»។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកឡើងក្នុងសវនាការថា ឯកសារនេះគឺមាននៅក្នុងឌីស ១២៦ នៅក្នុងសំណុំរឿងដែលទទួលបានពីក្រុមប្រឹក្សាស៊ើបសួរ ហើយប្រហែលក្រុមមេធាវីការពារក្ដីលោក កឹម សុខា មិនទាន់បានអាន ឬមិនទាន់បានកូពីឯកសារទាំងនោះ។
ការទទូចឱ្យបង្ហាញពីសុចរិតភាពភ័ស្ដុតាងនេះគឺកើតឡើងនៅចុងម៉ោងបញ្ចប់នៃសវនាការសម្រាប់ថ្ងៃម្សិលមិញ។ លោក កូយ សៅ បានលើកឡើងថា ការដេញដោលរឿងសុចរិតភាពភ័ស្ដុតាងដ៏តានតឹងនេះបានធ្វើឱ្យខាតពេលតាំងពីព្រឹករហូតដល់រសៀល ហើយបានប្រកាសថា ឌីស ១២៦ នឹងយកចាក់បង្ហាញនៅសវនាការនៅថ្ងៃនេះ។
នៅថ្ងៃម្សិលមិញ គឺជាសវនាការសប្ដាហ៍ទី ៥ ថ្ងៃទី ៩ លើសំណុំរឿងរបស់លោក កឹម សុខា ជុំវិញបទចោទប្រកាន់សន្ទិដ្ឋភាពជាមួយបរទេស។ សវនាការនេះបានបើកការសួរដេញដោលឈានដល់អង្គហេតុក្រោយឆ្នាំ ២០១២ ជាពិសេសគឺទំនាក់ទំនងលោក កឹម សុខា ជាមួយលោក សម រង្ស៊ី។
ការចាប់ផ្ដើមសវនាការនេះដំបូងគឺផ្ដើមដោយលោក លី ច័ន្ទតុលា មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៤ នាក់តំណាងឱ្យរដ្ឋាភិបាលបានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះចោទសួរទៅលោក កឹម សុខា នូវសំនួរមួយចំនួនមុនឆ្នាំ ២០១២ គឺពាក់ព័ន្ធនឹងទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោក សម រង្ស៊ី។
លោក លី ច័ន្ទតុលា បានសួរលោកលោក កឹម សុខា ថា ហេតុអ្វីបានស្គាល់លោក សម រង្ស៊ី តើធ្លាប់ជជែកជាមួយលោក សម រង្ស៊ី ដែរទេ តើធ្លាប់តាមដានសារនយោបាយរបស់លោក សម រង្ស៊ី ដែរទេ និងធ្លាប់ចាំសារនយោបាយសំខាន់ៗអ្វីខ្លះរបស់លោក សម រង្ស៊ី។
លោក កឹម សុខា បានឆ្លើយថាលោកបានស្គាល់លោក សម រង្ស៊ី ក្នុងនាមជាអ្នកនយោបាយដូចគ្នា ហើយមិនបានតាមដានសារនយោបាយរបស់លោក សម រង្ស៊ី ទាំងអស់ឡើយ ហើយក៏មិនបានចាំនូវសារនយោបាយរបស់លោក សម រង្ស៊ី ទាំងអស់នោះដែរ។
បន្ទាប់ពីការសាកសួរសំនួរទាំងនេះទៅលោក កឹម សុខា លោក លី ច័ន្ទតុលា បានស្នើសុំលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះចាក់ខ្សែវីដេអូខ្លីមួយដែលបង្ហាញអំពីការថ្លែងរបស់លោក សម រង្ស៊ី ទៅកាន់អ្នកគាំទ្រដែលកាលនោះលោកនៅធ្វើជាប្រធានគណបក្សសមរង្ស៊ី។ នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានប្រើពាក្យមួយចំនួនដូចជា កងកម្លាំងប្រដាប់អាវុធរបស់លោក គឺកើតចេញពីគ្រួសារខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ពាក្យសម្ដីខ្លះទៀតបញ្ជាក់ថា លោកមិនចរចាជាមួយលោក ហ៊ុន សែន ឡើយ ហើយចង់ឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងកាន់តែឆាប់គឺកាន់តែល្អជាដើម។
ក្រោយការចាក់វីដេអូនេះចប់ លោក លី ច័ន្ទតុលា បានចាប់ផ្ដើមសួរជាថ្មីទៅលោក កឹម សុខា ថាតើលោក កឹម សុខា ធ្លាប់បានឃើញវីដេអូដែលជាការថ្លែងរបស់លោក សម រង្ស៊ី នេះដែរទេ តែត្រូវបានលោក កឹម សុខា ឆ្លើយថាលោកមិនធ្លាប់បានឃើញឡើយ។
តំណាងអយ្យការបានចោទលោក កឹម សុខា ថាបិទបាំងព័ត៌មាន ខណៈលោក កឹម សុខា បានឆ្លើយថា មិនចាំនៅពេលអយ្យការសួរថា តើការចរចាដំបូងរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ធ្វើឡើងនៅពេលណា កន្លែងណា ហើយអ្នកណាខ្លះបានចូលរួម។ លោក កឹម សុខា ថា៖ «ខ្ញុំបិទបាំងព័ត៌មានម៉េច បើខ្ញុំអត់ចាំមែន ខ្ញុំស្បថក៏ស្បថដែរ»។
លោក កឹម សុខា បានឆ្លើយថា លោកប្រកាន់យកគោលការណ៍របស់គណបក្សសង្គ្រោះជាតិគឺគោលការណ៍អហិង្សាមិនធ្វើបដិវត្តន៍ពណ៌ មិនបង្ហូរឈាមខ្មែរ និងផ្លាស់ប្ដូរតាមបែបលទ្ធិប្រជាធិបតេយ្យ។ លោកថា៖ «ខ្មែរបែកបាក់ ខ្មែរបាត់បង់ទឹកដី ខ្មែរបែកបាក់ ខ្មែរត្រូវបរទេសត្រួតត្រា»៕