ភ្នំពេញៈ ក្រុមហ៊ុនសម្លៀកបំពាក់ H&M បានថ្លែងថា ពួកគេកំពុងវាយតម្លៃលើយុទ្ធសាស្ត្រ និងផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេស្របពេលដែលសម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFE-BA) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការខកចិត្តដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃ EBA ពីកម្ពុជា។
ការថ្លែងដូច្នេះធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុនបានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញសម្លៀកបំពាក់ និងស្បែកជើងជាក់លាក់ខ្លះ និងសម្ភារធ្វើដំណើរ និងស្ករសទាំងអស់ដែលសរុបទៅមានទឹកប្រាក់ប្រមាណ ២០ ភាគរយ ឬជាង ១ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ។
ក្រុមហ៊ុន H&M សរសេរថា៖ «បើសិនជាមិនមាន EBA ទេ វានឹងពិបាកបន្តការធ្វើឲ្យមានការវិវឌ្ឍចាំបាច់នៃឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជាដូចជាការបង្កើតកិច្ចព្រមព្រៀងអនុសញ្ញារួមសម្រាប់ឧស្សាហកម្មនេះទាំងមូល។ វានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានក្នុងការវិនិយោគនាពេលអនាគតក៏ដូចជាការព្យាករទុកមុន និងភាពជឿជាក់ដែលទាំង ២ នេះជាសមាសធាតុដ៏សំខាន់សម្រាប់ឧស្សាហកម្មដែលដំណើរការល្អ»។
សេចក្ដីថ្លែងការណ៍ចេញពីសប្តាហ៍មុនបន្តថា៖ «វាក៏នឹងធ្វើឲ្យកម្ពុជាមានការពិបាកក្នុងការបង្កើតបាននូវឧស្សហកម្មមួយដែលមានការប្រកួតប្រជែង និងមានភាពទំនើប»។ ក្រុមហ៊ុននេះនិយាយថា កម្ពុជានឹងនៅតែជាប្រទេសដែលមានភាពទាក់ទាញក្នុងការផលិតនូវផលិតផលរបស់ខ្លួន ប្រសិនបើប្រទេសនេះអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបក៏ដូចជាបង្កើតនូវគំនិតផ្ដួចផ្ដើមសំខាន់ៗ ដើម្បីធ្វើឲ្យឧស្សាហកម្មវាយនភណ្ឌមានភាពទំនើប។
H&M ថ្លែងថា៖ «កិច្ចការទាំងនេះរួមមានការបង្កើតនូវឧស្សាហកម្មមួយ ដែលមានការគោរពសិទ្ធិមនុស្សពេញលេញ ហើយមានស្ថិរភាព មានភាពប្រកួតប្រជែង និងការការពារ។ H&M Group ចង់បន្តចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងទិសដៅវិជ្ជមាន រួមមានការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសិទ្ធិមនុស្ស។ ប៉ុន្តែដោយសារតែមិនមានគំនិតផ្ដួចផ្ដើមគ្រប់គ្រាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌកម្ពុជា និងដោយសារតែមានការដកមួយផ្នែកនៃ EBA ពេលនេះយើងចាំបាច់ត្រូវវាយតម្លៃលើយុទ្ធសាស្ត្ររបស់យើងនៅកម្ពុជា»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករថ្លែងថា លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាល និងសហភាពអឺរ៉ុបធ្វើការជាមួយគ្នាធ្វើយ៉ាងណាអាចរក្សានូវ EBA បានឡើងវិញ។ លោកថា ជាក់ស្ដែងនៅកម្ពុជាវាពិបាកនឹងមានកិច្ចព្រមព្រៀងអនុសញ្ញារួមរវាងថៅកែ និងកម្មករណាស់ ពីព្រោះបើមានកិច្ចព្រមព្រៀងអនុសញ្ញារួមវាធ្វើឲ្យកម្មករអាចទាមទារអត្ថប្រយោជន៍បានជាច្រើនលើសអ្វីដែលច្បាប់អនុញ្ញាត។ «កិច្ចព្រមព្រៀងអនុសញ្ញារួមមានអនុវត្តនៅប្រហែល ៣០ ទៅ ៤០ រោងចក្រក្នុងចំណោមជាង ១ ពាន់រោងចក្រនៅកម្ពុជា»។
លោកពន្យល់ថា នៅពេល EBA បាត់បង់ផលិតផលរបស់កម្ពុជានាំចូលអឺរ៉ុប និងមានការប្រកួតប្រជែង និងទំនិញនាំចូលអឺរ៉ុបអាចនឹងមានតម្លៃថ្លៃជាងទំនិញដូចគ្នាដែលនាំចូលពីប្រទេសផ្សេងដែលបន្តមាន EBA។
លោក មាស សុខ សេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងកាលពីម្សិលមិញថា លោកមិនធ្វើអត្ថាធិប្បាយលើសេចក្ដីថ្លែងការណ៍របស់ H&M ទេ។ ប៉ុន្តែលោកពន្យល់ថា រដ្ឋាភិបាលបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមរួចហើយ។ «នៅពេលពន្ធនៅលើមុខទំនិញមួយចំនួនត្រូវបានយកដោយសហភាពអឺរ៉ុបតាមការសម្រេចនេះ បើយើងមើលជារួម បើយើងមើលព្រៃទាំងមូលវាអាចមិនដូចអ្វីដែលយើងគិត។ មានន័យថា យើងគិតថាពេលដំឡើងពន្ធគេនឹងដកចេញ ប៉ុន្តែមានផ្នែកខ្លះទៀតពេលដំឡើងពន្ធគេនៅតស៊ូនៅជាមួយទៀតបានដែរ ដោយគេមើលឃើញពីស្ថានភាពបរិស្ថានការងារនៅស្រុកយើង មិនជាធ្ងន់ធ្ងរ មានការកែលម្អការវិនិយោគមានន័យថា ការចូលរួមរបស់រដ្ឋាភិបាល ការលើកទឹកចិត្តទាំងអស់នេះធ្វើឲ្យគាត់ទោះបីដំឡើងពន្ធប៉ុណ្ណឹងក៏គាត់បន្តផលិតនៅស្រុកខ្មែរទៀត»។
ទោះយ៉ាងណាលោកថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ពីបញ្ហាប្រឈមនៅលើពិភពលោករួមមានបញ្ហាសន្តិសុខ និងបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺ Covid-19។ ផលប៉ះពាល់មិនមែនបណ្ដាលមកតែពីរឿងបាត់ EBA មួយផ្នែកខ្លះនោះទេ។
លោក សុខ សេនសាន ថ្លែងថា រដ្ឋាភិបាលកំពុងធ្វើកិច្ចការសំខាន់ ៤ យ៉ាង ដើម្បីដោះស្រាយបញ្ហាប្រឈមរួមមានការបង្កើតការងារសម្រាប់អ្នកដែលរងផលប៉ះពាល់ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួយស្វែងរកការងារនៅក្រៅប្រទេសតាមដែលកម្មករកម្ពុជាអាចធ្វើបាន។ រដ្ឋាភិបាលក៏បានធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយចំណាយមិនចាំបាច់ និងនីតិវិធីស្មុគស្មាញជាច្រើន។ លើសពីនេះទៀតរដ្ឋាភិបាលកំពុងតម្រង់ការចំណាយឲ្យត្រូវទិសដៅ និងត្រូវនឹងពេលវេលារួមទាំងការធ្វើកំណែទម្រង់កម្រិតដឹកនាំនៅតាមក្រសួងស្ថាប័ន។
ស្របពេលជាមួយគ្នានេះសម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា CAMFEBA បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៧ កុម្ភៈបង្ហាញពីការខកចិត្តដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃ EBA។ តាមសេចក្ដីថ្លែងការណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ CAMFEBA លើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុបនឹងមិនចូលរួមសម្រេចបាននូវអ្វីដែលសហភាពអឺរ៉ុបចង់ឃើញកើតមាននៅកម្ពុជាទេ។
CAMFEBA ថ្លែងថា ពួកគេរួមជាមួយនឹងសមាជិកក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មកម្ពុជាឲ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ «យើងស្នើសុំឲ្យអ្នកបញ្ជាទិញនៅក្នុងវិស័យដែលរងផលប៉ះពាល់ ពិនិត្យមើលលទ្ធភាពក្នុងការធ្វើពិពិធកម្មនៃការដាក់បញ្ជាទិញនៅកម្ពុជា ដើម្បីរក្សាបាននូវកម្រិតការងារកម្មកររបស់យើង។ យើងលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឲ្យរួមសហការយ៉ាងជិតស្និទ្ធក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៃបរិយាកាសសេដ្ឋកិច្ចឲ្យមានភាពប្រក្រតី»។
CAMFEBA ក៏ស្នើឲ្យរដ្ឋាភិបាលមានវិធានការឆាប់រហ័ស និងច្នៃប្រឌិតក្នុងការគាំទ្រដល់កម្មករដែលរងផលប៉ះពាល់៕