ក្រុមហ៊ុន Europe Travel Expert (ETE) Cambodia កំពុងផ្តល់​នូវ​កញ្ចប់​ដំណើរ​កម្សាន្ត​ថ្មី​សម្រាប់​អតិថិជន​កម្ពុជា​ទៅ​កាន់​ប្រទេស​តួកគី​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​តំបន់​ទេសចរណ៍ ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​។

ប្រទេស​តួកគី​ដែលមាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ទ្វីបអាស៊ី និង​អឺរ៉ុប​មាន​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏សម្បូរបែប និង​ស្រស់ស្អាត​ជាច្រើន​កន្លែង ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កម្ពុជា​ឲ្យ​ទៅ​កម្សាន្ត​បាន​គ្រប់​ពេលវេលា ដោយ​ទីតាំង​ទាំងនោះ​មាន​ដូចជា​ប្រាសាទ ruins of Troy , Pergamum, តំបន់​ទេសចរណ៍ Ephesus, ផ្ទះ Virgin Mary, តំបន់ Cappadocia, ប្រាសាទ Anitkabir, ព្រះវិហារ​ពណ៌​ខៀវ Blue Mosque ព្រះរាជវាំង Topkapi (​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​ជា​បេតិកភណ្ឌ​ពិភពលោក​) និង​ការដើរ​ទិញ​ទំនិញ​នៅ​ផ្សារ Grand Bazaar មាន​អាយុកាល​ ៥០០ ​ឆ្នាំ​។

ធ្វើដំណើរ​តាម​យន្តហោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​មាន​រយៈពេល​ប្រហែល​ ១១ ​ម៉ោង​។

«​យើង​ត្រូវបង្កើត​អ្វីដែល​សមស្រប​នឹង​មនុស្ស​ជំនាន់​ថ្មី​។ គោលដៅ​របស់​យើង​គឺ​ផ្តោតលើ​អ្នកដំណើរ​វ័យក្មេង ពីព្រោះ​ពួកគេ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ខ្លះ ពួកគេ​ជា​អ្នក​ដែល​សកម្ម​នៅលើ​បណ្តាញ​សង្គម ដូច្នេះ​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដ៏មាន​សក្តានុពល​»​។

លោក Conrad Wee ប្រធាន​ក្រុមហ៊ុន Europe Tour Expert Cambodia បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ភ្ញៀវទេសចរ​បច្ចុប្បន្ន​មាន​វ័យ​កាន់តែ​ក្មេង​នេះ​ជា​និន្នាការ​នៅ​ទូទាំង​ទ្វីបអាស៊ី ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​កន្លែង​ជាច្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ជំរុញ​ទេសចរ​វ័យក្មេង​ឲ្យ​ធ្វើដំណើរ​កម្សាន្ត​កាន់តែ​ច្រើន​»​។

ក្រុមហ៊ុន ETE Cambodia បាន​រៀបចំ​សិក្ខាសាលា​រយៈពេល​កន្លះ​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ដើម្បី​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីល្បាញ​នានា​នៅ​ប្រទេស​តួកគី​ដែល​មាន​ការចូលរួម​ពី​ភ្នាក់ងារ​ទេសចរណ៍​ជាច្រើន​ដូចជា ក្រុមហ៊ុន SKP Travel Co.,Ltd, Elite, Ann Leo, Hong Star Travel & Tours, Global Holiday Travel and Tour.,ltd, DLT Travel and Tours, RTR Tours Co., Ltd., H.I.S. (Cambodia) Travel Co., Ltd., STB Travel & Tours Co., Ltd., B2B Cambodia (Travel| Tours| Mice| More) Co., Ltd, Cina Travel Co. Ltd, និង May Flower Cambodia​។ ហើយ​ភោជនីយដ្ឋាន Le Petra Restaurant ផ្តល់ជូន​នូវ​អាហារ​តួកគី​ដ៏ឈ្ងុយឆ្ងាញ់​។ លើសពីនេះ​ទៀត​ក៏​មាន​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​តួកគី​នៅក្នុង​រាជធានី​ភ្នំពេញ​ចូលរួម​ផងដែរ​។

យោងតាម​លោក Conrad បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន ETE Cambodia លោក​ឃើញ​មាន​ការរីកចម្រើន​ជា​លំដាប់​នៅក្នុង​អាជីវកម្ម​ទេសចរណ៍ ខណៈ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​មាន​លទ្ធភាព​ទិញ​កញ្ចប់​ដំណើរ​កម្សាន្ត​ដែល​មាន​តម្លៃ​សមរម្យ​ទៅកាន់​អឺរ៉ុប​។ ETE Cambodia មាន​បទពិសោធ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នេះ​អស់​រយៈពេល​ជិត​ ៣០ ​ឆ្នាំ​មកហើយ​។

លោក​បន្ថែមថា​៖ «​យើង​នាំយក​បទពិសោធ​របស់​យើង​មក​ប្រទេស​កម្ពុជា​។ ETE Cambodia មាន​មគ្គុទ្ទេសក៍ ម៉ាឡេស៊ី​នៅ​អឺរ៉ុប ដូច្នេះ​ពួកគេ​អាច​ផ្តល់នូវ​បដិសណ្ឋារកិច្ច​របស់​អាស៊ី​ដល់​អ្នកដំណើរ​។ មគ្គុទេសក៍​របស់​យើង​នៅ​អឺរ៉ុប​សុទ្ធ​តែមាន​បទពិសោធ​ច្រើន​ឆ្នាំ ហើយ​ពួកគេ​នឹង​នាំ​ភ្ញៀវទេសចរ​កម្ពុជា​ពី​កម្ពុជា​ទៅ​អឺរ៉ុប និង​ត្រឡប់មក​កម្ពុជា​វិញ ប្រកប​ដោយ​ភាពកក់ក្តៅ​»​។

ក្រុមហ៊ុន​ផ្តល់​កញ្ចប់​តម្លៃ​ពិសេស​សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា​ ១០ ​នាក់​ដំបូង សម្រាប់​កញ្ចប់​ដំណើរ​កម្សាន្ត​រយៈពេល​ ១០ ​ថ្ងៃ ៧ ​យប់​ទៅកាន់​ប្រទេស​តួកគី​ក្នុង​តម្លៃ​ត្រឹមតែ ១១៩៩ ដុល្លារ​ប៉ុណ្ណោះ​ ​ដោយ​ចេញដំណើរ​នៅ​ថ្ងៃទី​ ៩ និង​ទី​ ១១ ខែ​មេសា ឆ្នាំ​ ២០២០​។

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ដោយសារ​តែ​សេដ្ឋកិច្ច​មាន​ស្ថិរភាព និង​ប្រាក់ចំណូល​កាន់តែ​កើនឡើង​។ កាលពី​ឆ្នាំមុន ការធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​របស់​ប្រជាជន​កម្ពុជា​មាន​ជាង​ ២ ​លាន​នាក់​។

លោក Conrad ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០១៨ យើង​ទទួល​ទេសចរ​កម្ពុជា​ប្រមាណ​ ២០០ ​នាក់​ហើយ​កាលពី​ឆ្នាំមុន​ទទួល​ទេសចរ​កម្ពុជា​ប្រមាណ​ ៥០០ ​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​អឺរ៉ុប​។ ចំនួន​នៅតែ​បន្ត​កើនឡើង ដែល​វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​។ ដូច្នេះ​យើង​អាចនិយាយបាន​ថា​វា​មាន​កំណើន​ជាង ២ ​ខ្ទង់​»​។

លោក Conrad បន្ថែមថា​៖ «​កម្ពុជា​គឺជា​ទីផ្សារ​ដែលមាន​សក្តានុពល ខណៈ​ប្រជាជន​ថ្នាក់កណ្តាល​កំពុង​មាន​ចំនួន​កើនឡើង ហើយ​ប្រជាជន​វ័យក្មេង​កំពុងមាន​ទំនោរ​ធ្វើដំណើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេងៗ​កាន់តែច្រើន​។ សម្រាប់​ទិសដៅ​ថ្មី​របស់​យើង​នេះ យើង​កំណត់​គោលដៅ​ទទួល​ទេសចរ​កម្ពុជា​ចន្លោះ​ពី ៥០០ ទៅ ១០០០ នាក់​ក្នុង​ ១ ​ឆ្នាំ​៕