ព្រះសីហនុៈ ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ​ជាង​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​បន្ទាប់ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​មិន​ទាន់​មាន​មន្ត្រី​ណា​ម្នាក់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅ​ឡើយ​ទេ លើស​ពី​នេះ​ក្រុមហ៊ុន​បែរ​ជា​មិន​កាយ​ដី​ចេញ​ថែម​ទាំង​ធ្វើ​របង​ព័ទ្ធជុំវិញ​បន្ថែម​ទៀត​។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​បាន​បញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ចំពោះ​ការចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ហើយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នោះ​កាយ​យក​ដី​ចេញ​វិញ និង​ត្រូវ​រក្សា​ឆ្នេរ​ធម្មជាតិ​ឲ្យ​នៅ​ដូច​ដើម​វិញ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ម្សិលមិញ​ថា បន្ទាប់ពី​លោក​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចាក់ដី​លុប​ឆ្នេរ​នៅ​តំបន់​ព្រែកត្រែង​នោះ​ជាង​ ១ ​សប្ដាហ៍ ប៉ុន្ដែ​មិន​មាន​សកម្មភាព​កាយ​ដី​ចេញ​ទេ បែរ​ជា​មាន​សកម្មភាព​ធ្វើ​របង​បន្ថែម​ទៅវិញ​។

លោក សុខុម បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​លោក​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី ចុះ​ទៅ​ប្រហែល​ ១ ​សប្ដាហ៍​ខ្ញុំ​ក៏​ចុះ​ទៅ​អង្កេត ប៉ុន្ដែ​មិន​ទាន់​ឃើញ​មាន​កាយ​ដី​ចេញ​ទេ ហើយ​បាន​ធ្វើ​របង​ព័ទ្ធជុំវិញ​បន្ថែម​ជិត​ពេញ​ទៅ​ហើយ ខ្ញុំ​មាន​ការ​សោកស្ដាយ​ចំពោះ​ករណី​ចាក់ដី​រំលោភ​យក​ដី​រដ្ឋ ហើយ​ទោះបី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ដ្រី​ក៏​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ចំពោះ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ចាក់​រំលោភ​យក​ដី​ឆ្នេរ​ធម្មជាតិ ដែល​ជា​ឆ្នេរ​ស្អាត​នៅក្នុង​ពិភពលោក​នេះ​»​។

លោក សុខសុវណ្ណ វឌ្ឍនាសារពង្ស​ក្នុង​នាម​ជា​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​​ និង​ផ្ដល់យោបល់​ដែល​មាន​សមាសភាព​ពី​គណបក្ស​ខ្មែរ​ក្រោក​ថា ក្រុមហ៊ុន​នេះ​គឺ​ឈ្មួញ​ខិលខូច​ដែល​មាន​ងារ​ជា​ជំទាវ និង​មាន​ប្ដី​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ក្រុមហ៊ុន Pheapimex Group បាន​យក​ដី​ក្រហម​ទៅ​ចាក់​លុប​សមុទ្រ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ទៀត​។

លោក ឱ សារឿន អ្នក​នាំ​ពាក្យ​ខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ខេត្ដ​បាន​ធ្វើ​​នីតិវិធី​ជាច្រើន​កន្លង​មក​ចំពោះ​ករណី​ក្រុមហ៊ុន​មួយ​នេះ​ហើយ ប៉ុន្ដែ​មិន​ទាន់​បាន​ស្អាត​ទាំង​ស្រុង​ទេ​។

លោក សារឿន ថ្លែង​ថា​៖ «​ដី​ដែល​ចាក់​លុប​ឆ្នេរ​នោះ​នៅ​មិន​ទាន់​កាយ​ចេញ​អស់​ទាំងស្រុង​នៅ​ឡើយ​ទេ​។ នេះ​បើ​យើង​និយាយ​ដោយ​ត្រង់​។ ប៉ុន្ដែ​ជា​គោលជំហរ​យើង​មិន​ទាន់​បញ្ចប់​ទេ​»​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ម្សិលមិញ​សុំ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ព្រោះ​នៅ​​រង់ចាំ​ទៅ​ប្រមូល​ព័ត៌មាន​ពី​មូលដ្ឋាន​សិន​។

ខណៈ​លោក នេត ភក្ដ្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ​ក្រសួង​បរិស្ថាន​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ព្រោះ​ទុក​តួនាទី​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​បន្ត​នីតិវិធី​លើ​ចំណាត់ការ​តាម​ជំនាញ​របស់​គេ​។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​បាន​បញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ចំពោះ​ការចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ ​ព្រែកត្រែង ហើយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នោះ​កាយ​យក​ដី​ចេញ​វិញ និង​ត្រូវ​រក្សា​ឆ្នេរ​ធម្មជាតិ​ឲ្យ​នៅ​ដូចដើម​វិញ​។ ការសម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ពី សាធារណជន​៕