ភ្នំពេញៈ ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំមួយពីសហរដ្ឋអាមេរិកបានមកស្វែងយល់ពីលក្ខខណ្ឌការងាររបស់កម្មករកម្ពុជាដើម្បីធានាថា ប្រភពទំនិញដែលពួកគេបានបញ្ជាទិញនោះ គ្មានការកេងប្រវ័ញ្ចទៅលើសិទ្ធិរបស់កម្មករ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សំហេង បានបញ្ជាក់បែបនេះប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីលោកបានជួបពិភាក្សាជាមួយលោក Sean Cady នាយកក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ VF Asia មកពីអាមេរិកកាលពីម្សិលមិញ។
លោក សំហេង ថ្លែងថា៖ «អ្វីដែលគេចង់ឃើញក៏ដូចជាគោលការណ៍របស់រដ្ឋាភិបាល គឺគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម ផលិតកម្មរបស់យើងជាមួយនឹងលក្ខខណ្ឌការងារល្អដែលបង្កើតឲ្យមានជាប្រភពទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចទៅលើសិទ្ធិសេរីភាពរបស់កម្មករ សេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព និងនិយោជក និងការចរចាជាសមូហភាពជាដើម»។
បើតាមលោក សំហេង ក្នុងមួយឆ្នាំកម្ពុជាបាននាំចេញទៅអាមេរិកមានទឹកប្រាក់ពី ១២ ពាន់លានទៅដល់ ២០ ពាន់លានដុល្លារដែលក្នុងនោះក្រុមហ៊ុន VF បានបញ្ជាទិញចន្លោះពី ៣៥០ ទៅ ៤០០ លានដុល្លារដោយមានរោងចក្រចំនួន ២៨ ជាអ្នកផ្គត់ផ្គង់ ហើយរោងចក្រទាំងនោះបានផ្តល់ការងារដល់កម្មករប្រមាណ ៥៥០០០ នាក់។
លោក សំហេង បញ្ជាក់ថា៖ «ការជួបគ្នាលើកនេះគឺយើងពិនិត្យមើលវឌ្ឍនភាពនៃការជួបគ្នាលើកមុន ហើយយើងក៏មានការពេញចិត្តនូវអ្វីដែលយើងធ្លាប់បានពិភាក្សាពីមុនមក ជាពិសេសកិច្ចសហប្រតិបត្តិការល្អការបញ្ជាទិញនៅតែមាន និងមានលើសមុនថែមទៀត»។
លោកបន្តថាអ្វីដែលជាតម្រូវការរបស់កម្មករ រួមមានការទទួលបានទឹកស្អាត បញ្ហាបរិស្ថាន កន្លែងស្នាក់នៅ ការអប់រំសិក្សារហូតទៅដល់បញ្ហាសុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករព្រមទាំងការដោះស្រាយបញ្ហាដួលសន្លប់ជាដើម។
លោកបន្ថែមថា៖ «អ្វីដែលគេចង់ឃើញក៏ដូចជាគោលការណ៍របស់រដ្ឋាភិបាល គឺគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មផលិតកម្មរបស់យើងជាមួយនឹងលក្ខខណ្ឌការងារល្អដែលបង្កើតឲ្យមានជាប្រភពទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចទៅលើសិទ្ធិសេរីភាពរបស់កម្មករ សេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព និងនិយោជក និងការចរចាជាសមូហភាពជាដើម»។
នៅពេលដែលសុំការបញ្ជាក់ពីបញ្ហានេះតំណាង VF គ្រាន់តែឆ្លើយយ៉ាងខ្លីថា «ក្នុងជំនួបនេះគឺយើងចង់ឲ្យមានភាពប្រាកដប្រជាថាសុខុមាលភាពរបស់កម្មករកម្ពុជាត្រូវបានយកចិត្តទុកដាក់ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្តទៅមុខទៀត»៕