មណ្ឌលគិរីៈ ក្រុមហ៊ុន​ដាំ​កៅស៊ូ​មួយ​របស់​វៀតណាម​ ឈ្មោះ​ ដាក់ឡាក់ ​ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​​គិរី ​សន្យា​ជាមួយ​ពលរដ្ឋ​ និង​អាជ្ញាធរ​ថា ​នឹង​បញ្ឈប់​កា​រធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន។

ការសន្យា​នេះ ​បន្ទាប់ពី​មាន​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ប្ដឹង​ថា​ ក្រុមហ៊ុន​នេះ​មិនបាន​គ្រប់គ្រង​ជ័រកៅស៊ូ​ឱ្យបាន​ល្អ ​និង​ការ​បោះចោល​ធុងថ្នាំ​បាញ់​ស្មៅ​ ដែល​ប្រើ​រួច​ពាសវាល​ពាសកាល ​ដោយ​មាន​ជាតិ​គីមី​ធ្វើឱ្យ​ប៉ះពាល់​ទឹក​អូរ​ជ្រោះ​ប៊ូស្រា។

លោក ​គ្រើង តុលា ​តំណាង​សហគមន៍​នៅ​ឃុំ​ប៊ូ​ស្រា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​ នៅ​ថ្ងៃ​ទី ២២ ​ឧសភា ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​បានសម្រេច​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​របស់​ក្រុមហ៊ុន​ដាក់​ ឡាក់ ​ហើយ​ភាគី​ក្រុមហ៊ុន​បាន​សន្យា​ចំពោះមុខ​អាជ្ញាធរ​ថា ​នឹង​ដោះស្រាយ​រាល់ការប៉ះពាល់​ទាំងឡាយ​ដែល​បង្កឡើង​ពី​ក្រុមហ៊ុន​ទៅដល់​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លោក​បន្តថា​ ការសន្យា​របស់​ក្រុមហ៊ុន​វៀតណាម​នេះ ​បន្ទាប់ពី​លោក​បាន​សរសេរ​បង្ហោះ​តាម​ហ្វេស​ប៊ុក​កាលពី​ថ្ងៃទី ៥​ ឧសភា ​ប្ដឹងទៅ​អាជ្ញាធរ​ខេត្ត​ឱ្យជួយ​ដោះស្រាយ ​ក្រោយពី​ប្រជាពលរដ្ឋ​សង្ស័យថា ​មាន​សារ​ធាតុ​គីមី​កើត​ចេញពី​ការគ្រប់គ្រង​ជ័រ​កៅស៊ូ​មិនមាន​ស្ដង់ដា​រ និង​ការបោះ​​ចោល​ធុង​ថ្នាំ​បាញ់​ស្មៅ​ប្រើ​រួច​គ្មាន​សណ្ដាប់ធ្នាប់​របស់​ក្រុមហ៊ុន​វៀតណាម។ ភាពគ្មាន​សណ្តាប់ ធ្នាប់​នេះ ​ធ្វើឲ្យ​សារធាតុ​គីមី​ហូរ​ចូល​អូរ​ជ្រោះ​ប៊ូ​ស្រា ​និង​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៨ ភូមិ​ក្នុង​ឃុំ​ប៊ូ​ស្រា ​និង​ឃុំ​ក្រង់តេះ ​កើត មាន​បញ្ហា​សុខភាព​ដូចជា​ការកើត​រោគ​សើស្បែក ​ដោយសារ​ចុះទៅ​ងូត​ទឹក​ និង​ដងទឹក​ពី​អូរ​ជ្រោះ​ប៊ូស្រា​មក​បរិភោគ។

លោក​ថ្លែងថា​៖ «អា​កៅស៊ូ​ដែល ​(ក្រុមហ៊ុន)​ បង្កក​ហើយ ​គាត់​ដាក់​នៅជាប់​មាត់​អូរ ​ហើយ​អា​ថ្នាំ​គីមី​បង្កកកៅស៊ូ​ហ្នឹង ហូរ​ចេញ​ពេញ​ទឹក​ពេញ​ដី​តែម្ដង។ អ៊ីចឹង​ម្សិលមិញ ​យើង (អាជ្ញាធរ​និង​ពលរដ្ឋ) បាន​ចុះទៅ​ផ្ទាល់ ​ហើយ​ក្រុមហ៊ុន​ក៏បាន​សារភាព ​ប៉ុន្តែ​កន្លងមក​គាត់​អត់​ដែល​សារភាព​ទេ ​ប៉ុន្តែ​ម្សិលមិញ​នៅពេល​ក្រុម​ជំនាញ​ទាំងអស់​ចុះទៅ គាត់​សន្យាថា ​នឹង​កែកុន​និង​ប្ដូរ​ទីតាំង (កន្លែង​បង្កក​កៅស៊ូ) ​និង​កែសម្រួល​ឡើងវិញ​រាល់​ប្រជាជន​លើក​ឡើង»។

បើតាម​លោក​ គ្រើង តុលា​ ក្រុមហ៊ុន​ឈ្មោះ​ដាក់​ឡាក់ ​របស់​វៀតណាម ​បាន​ចូលមក​អភិវឌ្ឍ​ដាំ​ចម្ការ​កៅស៊ូ​តាំងពី​ឆ្នាំ ២០១០ ​និង​បានធ្វើឱ្យ​ប៉ះ​ពាល់​បរិស្ថាន​ទឹកអូរ​ជ្រោះ​ប៊ូ​ស្រា​ និង​ប្រជា​ពល​រដ្ឋ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​លោក​ថា​ អាជ្ញាធរ​មូលដ្ឋាន ​ដូចជា​មេឃុំ​ និង​មេភូមិ​មិនដែល​ចុះទៅ​ណែនាំ​ក្រុមហ៊ុន​នេះ​ឡើយ ​ថ្វីដ្បិត​ពួកគេ​ទទួល​បាន​បណ្ដឹង​ជាច្រើន​ដង​ពី​ប្រជាពលរដ្ឋ​ក្ដី។

លោក​តុលា ដែល​សង្ស័យថា​ ខ្លួនកើត​រោគ​អា​ល្លែកហ្ស៊ី​ស្បែក​បច្ចុប្បន្ន​ ដោយសារ​ទឹកអូរ​ជ្រោះ​ប៊ូ​ស្រា ​បាន​អះអាង​ទៀតថា ​តាំង​ពី​ឆ្នាំ ​២០១០ មក​ ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកអូរ​នេះ​តែង​កើតមាន​បញ្ហា​សុខភាព​បន្តបន្ទាប់។ ​នៅពេល​ទៅ​ជួប​គ្រូពេទ្យ ​និង​ខ្លះ ទៀត​ទៅ​ព្យាបាល​ដល់​ប្រទេស​ វៀតណាម​ គឺ​ខាង​គ្រូពេទ្យ​តែង​ប្រាប់​ពីមូលហេតុ​ថា ​ជំងឺនោះបាន​បង្ក​ឡើង​ពី​ជាតិ​គីមី​ម្យ៉ាង។

ចំណែក​លោក​ ស្រាំង សឿន​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ពូ​ទឺត ​ឃុំ​ប៊ូ​ស្រា​លើកឡើង​ដែរ​ថា ​ក្រុម​ហ៊ុន​វៀតណាម​នេះ ​តែង​បោះចោល​ធុង​ផ្ទុក​ថ្នាំ​បាញ់​ស្មៅ​ប្រើ​រួច​ ចូល​ទៅក្នុង​អូរ​ជ្រោះ​ប៊ូ​ស្រា ​ស្របពេល​ទឹក​ក្នុង​អូរ​នេះ ​ត្រូវ​បាន​ពលរដ្ឋ​ ដែល​ផ្ទះ​ពុំទាន់​មាន​អណ្ដូង ​តែង​ចុះទៅ​ងូត​ និង​ដង​យកទៅ​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ។ ពលរដ្ឋ​រូបនេះ​បន្តថា​ លោក​ក៏​ធ្លាប់​មានកូន​ឈឺ​ដោយ​សង្ស័យ​ថា​បង្កឡើង​ពី​ទឹកអូរ​ជ្រោះ​ប៊ូស្រា​នេះ​ដែរ។

លោក​ ស្រាំង សឿន បាន ​បញ្ជាក់ថា​៖ «អា​ក្មេង​អាយុ​ ៨-៩ ឆ្នាំ ​វា​តែង​ទៅ​ងូត​ទឹក​អូរ​ហ្នឹង ​អា​ខ្លះ​កើត​រមាស់ ​អា​ខ្លះ​ក្រហម​ភ្នែក​អ៊ីចឹង»។

ភ្នំពេញ​ប៉ុស្តិ៍ ​នៅមិនទាន់​រក​ប្រភព​ទាក់ទង​ក្រុមហ៊ុន​ ដាក់ឡាក់​ របស់​វៀតណាម​នោះ​ដើម្បីបញ្ជាក់​ពី​បញ្ហា​លើកឡើង​ខាងលើ​បាន​ទេ​ពី​ម្សិលមិញ។

ប៉ុន្តែ​លោក​ តាត់ យ៉េន​ អ​ធិ​ការ​ស្រុក​ពេ​ជ្រា​ដា​ ដែល​បាន​ដឹក​នាំ​គណៈកម្មការ​ជំនាញ​មាន​ទាំង​មន្ត្រី​ខាង​សុខាភិបាល​ និង​បរិស្ថាន​ចុះ​ទៅពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ក្រុមហ៊ុន ​បាន​លើកឡើងថា​ តាមពិត​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម​នេះ ​ពិតជា​ខ្វះ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​ជ័រកៅស៊ូ​ និង​ការ​ចម្រាញ់​ជ័រ​កៅស៊ូ ​និង​បានធ្វើឱ្យ​ធ្លាយ​ទឹកស្អុយ​មែន ​ប៉ុន្តែ​លោក​ថា​ មិនមែន​ហូរ​ចូល​អូរ​ជ្រោះ​ប៊ូ​ស្រា ​ដែលមាន​សារជាតិ​គីមី​ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ពលរដ្ឋ​លើក​ឡើង​ឡើយ។

លោក​ប​ន្ថែមថា​៖ «ដូច​ថា​ មាន​​ជំងឺ​ឈឺ​ថ្កាត់​ដោយសារ​ជាតិគីមី គឺ​វា​មិនទាន់​ដល់​ថ្នាក់​ហ្នុង​ទេ វា​គ្រាន់តែ​ថា​ ខ្វះ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​ និង​ចម្រាញ់​ជ័រ​អីផ្សេងៗ មាន​ចេញ​ពី​ជ័រ​មាន​ទឹកស្អុយ​ចូល​ស្រះ ហើយ​វា​អាច​ជ្រាប​ចូល​អូរ វា​មាន​មែន»។

ទោះយ៉ាង​ណា ​អធិការ​រូប​នេះ​​បន្តថា ​ខាង​ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​ពលរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ហើយ។

ដោយ​ឡែកលោក​ អ៊ាង ម៉េង​លី ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារសិទ្ធិ​មនុស្ស ​(អាដហុក)​ ប្រចាំខេត្ត​មណ្ឌល​គិ​រី​ លើកឡើងថា​ ក្រុមហ៊ុន​វៀតណាម​នេះ ​អាច​ត្រូវបាន​ដក​អាជ្ញាប័ណ្ណ​ឬ​លុបចោល​អាជ្ញាប័ណ្ណ​ប្រសិន​បើ​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

លោកបន្ត​ថា​៖ «អាជ្ញាធរ​ថ្នាក់ជាតិ​អាច​ដក​អាជ្ញាប័ណ្ណ​ហ្នឹង​ ផ្អាក ​ឬក៏​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ហ្នឹង​តែម្ដង ​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ឃើញ​ករណីនេះ​ធ្ងន់ធ្ងរ​ ឬ (ក្រុមហ៊ុន)​ អនុវត្ត​ខុស​ឬ​មិនបាន​គោរព​តាម​គោលការណ៍​របស់​រដ្ឋា​ភិបាល​ក្នុងការ​គាំពារ​បរិស្ថាន​ទេ​នោះ»៕