កោះកុងៈ ក្រុមហ៊ុន​លក់​ផលិតផល​សាប៊ូ ដែល​រថយន្ត​របស់​ក្រុមហ៊ុន​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​ប្រលាន ឃុំ​កណ្ដោល ស្រុក​បទុមសាគរ កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ បាន​ធានា​ចេញ​សំណង​ដល់​គ្រួសារ​បុគ្គលិក​របស់​ក្រុមហ៊ុន​ចំនួន​ ៤ ​នាក់​ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។

លោក​ សុខ ផន អធិការ​ស្រុក​បទុមសាគរ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តបុក​គ្នា​នោះ​មាន​ជនរងគ្រោះ​ទី​១- ​ឈ្មោះ សូ សំនាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​​ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ។ ២- មាស វីរៈ ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ​ មាន​ទីលំនៅ​ខេត្ត​ស្វាយរៀង​។ ៣- ស៊ាង គ្រី ភេទ​ប្រុស អាយុ ៣០ ​ឆ្នាំ​ មាន​ទីលំនៅ​ខេត្ត​កំពង់ចាម​។ ៤- ប៊ូ ប៊ុនថន​ ភេទ​ប្រុស​អាយុ ៣០ ​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង ដែល​ពួកគេ​ជិះ​នៅ​បាំងមុខ​ទាំងអស់​។ ជនរងគ្រោះ​សុទ្ធតែ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់​ផលិតផល​សាប៊ូ​។

បុរស​តំណាង​ក្រុមហ៊ុន​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ទេ គ្រាន់តែ​ប្រាប់ថា ខាង​ក្រុមហ៊ុន​នឹង​ដោះស្រាយ​ចាត់ចែង​សំណង​ជូន​ដល់​គ្រួសារ​រួម​ និង​ការធ្វើ​បុណ្យ​ជូន​ពួកគេ​ផងដែរ​។

លោក​ប្រាប់ថា៖ «​តំណាង​ក្រុមហ៊ុន​ក្រោយ​កើតហេតុ​បាន​មកជួប​ខ្ញុំ និង​ប្រាប់ថា គេ​ជួយ​ចាត់ចែង​ធ្វើបុណ្យ​ជូន​ជនរងគ្រោះ និង​ចេញ​សំណង​ដល់​ពួកគេ​។ ប៉ុន្តែ​គេ​មិន​បញ្ជាក់ថា ចេញ​សងលុយ​ប៉ុន្មាន​ទេ​»​។

បុរស​ម្នាក់​ទៀត​ដែល​អះអាង​ថា​ជា​តំណាង​ក្រុមហ៊ុន​លក់​ផលិតផល​សាប៊ូ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា ចំពោះ​ជនរងគ្រោះ​ស្លាប់​ទាំង ៤ ​នាក់​ គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុសត្រូវ​ ប៉ុន្តែ​សោ​ហុយ​ដឹកជញ្ជូន​ខាង​គ្រួសារ​សព​នីមួយៗ​ជួយ​ចេញ​ខ្លះ ព្រោះ​ស្រុកកំណើត​ជនរងគ្រោះ​នៅ​ខេត្ត​ឆ្ងាយៗ​ពីគ្នា​តែ​ការធ្វើ​បុណ្យ​ជូន​ជនរងគ្រោះ​ខាង​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​។ តែ​លោក​មិនអាច​បញ្ជាក់ប្រាប់​បាន​ថា ក្នុង​សាកសព​ម្នាក់ នឹងត្រូវ​សងជំងឺចិត្ត​ប៉ុន្មាន​ទេ ព្រោះ​ជា​ជំហាន​ដំបូង គិតគូរ​ចាត់ចែង​ធ្វើបុណ្យ​ជូន​សព​សិន​។ «​ការគ្រប់គ្រង​ទទួល​ខុសត្រូវ ការ​សងជំងឺចិត្ត​អី​នោះ​គឺ​យើង​ធានា​រ៉ាប់រង​ចេញ​ដល់​គ្រួសារ​សព​ទាំងអស់​»​។

លោក កែវ គីណ្ណារ៉ា នាយផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បទុមសាគរ​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ២ ​និង​ ៣៤ ​នាទី​រសៀល​នា​ថ្ងៃទី​ ២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤៨ ។ លោក​ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា មុនដំបូង​គេ​ឃើញ​រថយន្ត​ ១ ​គ្រឿង​ ម៉ាក FRONTIA ចំណុះ​ ១ ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៦៤៣៩ ដឹក​សាប៊ូ​បើកបរ​ក្នុង​ទិសដៅ​ពី​ផ្សារ​វាលរេញ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ខេត្តកោះកុង ហើយ​ក៏​បែក​កង់​មុខ​ខាងឆ្វេង​។ ពេល​នោះគេ​ឃើញ​រថយន្ត​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត ហើយ​បាន​បុក​ចំ​ពីមុខ​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​ទៀត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-៤០០០ ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា ។

លោក​ គីណ្ណារ៉ា បន្ត​ថា​យោងតាម​សាក្សី​ប្រាប់ថា ភាគី​ខាង​រថយន្ត HYUNDAI មាន​ ២ ​នាក់​ ពេល​ឃើញ​មនុស្ស​ស្លាប់​បែបនេះ ពួកគេ​បាន​រត់​គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ចំពោះ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត​កោះកុង​បាន​ធ្វើការ​វាស់វែង​ទៅ​ឃើញថា ភាគី​រថយន្ត​ម៉ាក FRONTIA ជា​អ្នកបង្ក​គ្រោះថ្នាក់​ហើយ​វត្ថុតាង​រថយន្ត​ទាំង​ ២ ​គ្រឿង​ សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បទុមសាគរ​ដើម្បី​រង់ចាំ​ភាគី​ទាំង​ ២ ​ចូល​ដោះស្រាយ​៕