ភ្នំពេញៈ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​លោក សម រង្ស៊ី ដែល​ប្តឹង​ស្នើសុំ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ការច្រានចោល​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ច្បាប់​របស់​លោក សម រង្ស៊ី​។

កាលពី​ខែ​មុន​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ស្នើសុំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន​។

ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ថា បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការទិញ​ចំនួន​ចូលចិត្ត «Like» និង​ការ​គំរាម​សម្លាប់​ជាដើម​។ ពាក្យ​បណ្តឹង​នោះ​ក៏​អះអាង​ផងដែរ​ថា​ព័ត៌មាន​ដែល​ស្វែងរក​នេះ​អាច​នឹង​ជួយ​ការពារ​បណ្តឹង​ផ្នែក​ច្បាប់​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ប្តឹង​នៅ​ក្នុង​ប្រទេស​ពី​បទ​បរិហារកេរ្តិ៍​ផង​ដែរ ចំពោះ​ការចោទប្រកាន់​លោក​ ហ៊ុន សែន ថា​បាន​ទិញ​ការ​ចូលចិត្ត ​«Like» ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​នោះ​។

នៅក្នុង​ការឆ្លើយតប​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ១ ខែ​មីនា​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អះអាង​ថា ពាក្យបណ្តឹង​នេះ​គឺ​រំលោភ​លើ​ច្បាប់​រក្សា​ទុក​ព័ត៌មាន ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ច្បាប់​ស្តី​អំពី​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​គមនាគមន៍​ដែល​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក ឆ្លើយតប​ការផ្តល់​មតិយោបល់​ពី​ភាគី​ទី​ ៣ ​​នៅ​លើ​វេទិកា​របស់​ខ្លួន​។

ការបដិសេធ​នេះ​ក៏​បាន​បង្ហាញ​អំពី​សំណើសុំ​ព័ត៌មាន​របស់​លោក សម រង្ស៊ី ​ផង​ដែរ​ថា វា​ជា​ផ្នែក​មួយ​នៅ​ក្នុង​ជម្លោះ​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី ជាមួយ​លោក ហ៊ុន សែន និង​ជា​ការ​ស្វែងរក​អំណាច​នយោបាយ​ផ្ទាល់​ខ្លួន​។ ឯកសារ​នោះ​បាន​ចោទប្រកាន់​លោក សម រង្ស៊ី​ថា​កំពុង​ព្យាយាម​ធ្វើឲ្យ​ក្រុមហ៊ុន​​អព្យាក្រឹត​មួយ​ «​ពាក់ព័ន្ធ​» ​នឹង​ជម្លោះ​នយោបាយ ហើយ​បាន​សំដៅ​ទៅ​ដល់​ការស្នើសុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​នេះ​ថា​ «​ជា​ដំណើរ​មិន​ត្រឹមត្រូវ​»​។

ការឆ្លើយតប​របស់​លោក រង្ស៊ី បាន​ដាក់​ទៅ​កាលពី​ថ្ងៃ​ទី ៧ ខែ​មីនា​។ ក្រុម​របស់​លោក​បាន​សរសេរ​ថា ការឆ្លើយតប​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​គឺជា​ «​ភាសា​មិន​ច្បាស់លាស់​»​។

លិខិត​នោះ​សរសេរ​ថា​៖ «​ខុស​ឆ្ងាយ​ពី​តួអង្គ​អព្យាក្រឹត ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រមូល​ប្រាក់​រាប់លាន​ដុល្លារ​ពី​បុគ្គល​មួយ​ចំនួន​។ ក្រុមហ៊ុន​បាន​លក់​ការផ្សព្វផ្សាយ​ទៅ​ឲ្យ​របប​ដែល​កំពុង​ប្រើ​វេទិកា​នេះ​ដើម្បី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​រំលោភ​សិទ្ធិ​មនុស្ស​»​។

ក្រុម​របស់​លោក សម រង្ស៊ី បាន​បន្ត​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ថា​កំពុង​ព្យាយាម​លាក់បាំង​នូវ​អាកប្បកិរិយា​ដ៏គួរ​ឲ្យ​ស្តីបន្ទោស​របស់​ខ្លួន​។

ការឆ្លើយតប​នោះ​អះអាង​ថា​ច្បាប់​បាន​ត្រឹម​តែ​រារាំង​ក្រុមហ៊ុន​ហ្វេសប៊ុក​ពី​ការ​បញ្ចោញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ មិនមែន​អំពី​ «​ទំនាក់ទំនង​មិន​មាន​មាតិកា​» ​នោះ​ទេ​ដូចជា​ការ Like របស់ Facebook ជាដើម​។

ក្រៅពី​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ហ្វេសប៊ុក​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​ចំពោះ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក​ ហ៊ុន សែន នៅ​លើ​វេទិកា​នេះ​ទេ​ និង​ថា ​«​មិន​បាន​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ហ្វេសប៊ុក​ពី​ការ​ធ្វើ​តាម​ការអនុវត្ត​ច្បាប់​របស់​សហព័ន្ធ​ដែរ​»​។

ក្រុម​អ្នក​ច្បាប់​របស់​លោក​ក៏​បាន​ចំអក​ដល់​ការចោទប្រកាន់​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​ថា ជម្លោះ​នេះ​គឺជា​មហិច្ឆតា​នយោបាយ​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី ដោយ​ពួកគេ​បាន​ហៅ​ការចោទប្រកាន់​នេះ​ថា​ជា ​«​សម្ដី​ដូច​កូន​ក្មេង​» ​។

នៅក្នុង​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​សៅរ៍​លោក​ សម រង្ស៊ី​បាន​និយាយ​ថា លោក​តែងតែ​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ហ្វេសប៊ុក​អំពី​ការទិញ Like ក្លែងក្លាយ​នេះ ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​នោះ​ទេ​។ លោក​បាន​ភ្ជាប់​អ៊ីមែល​ចំនួន​ ៣ ទៅ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​បាន​ផ្ញើ​អំឡុង​ឆ្នាំ ២០១៦​។

លោក​បាន​សរសេរ​ថា​៖ «​ដោយ​ព្យាយាម​លាក់បាំង​ការពិត​អំពី​ល្បិច​តាម​អ៊ីនធឺណិត ជាក់​ស្តែង​វា​មិន​ស្រប​តាម​ក្រមសីលធម៌​ផ្លូវការ​របស់​ខ្លួន​នោះ​ទេ​ហើយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ហាក់​ដូចជា​មិន​ខ្វល់​អំពី​រូបភាព​របស់​ខ្លួន​ទេ ទោះបី​ជា​វា​អាច​ត្រូវ​បាន​គេ​យល់​ថា​កំពុង​ជួយ​ពង្រឹង​អំណាច​របស់​ពួក​ផ្តាច់ការ​ក៏ដោយ​»​។

លោក សម រង្ស៊ី ​ត្រូវ​បាន​បង្ខំ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ដើម្បី​ចៀស​ពី​ការ​ផ្តន្ទាទោស​ចាប់​តាំងពី​ឆ្នាំ ២០១៥ មក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ប្តឹង​អំពី​បទ​បរិហារកេរ្តិ៍ ចំពោះ​មតិយោបល់​ដែល​បាន​និយាយ​ក្នុង​ឆ្នាំ ២០០៨​។ នៅក្នុង​ឆ្នាំ​ ២០១៧ ដោយ​មាន​ការផ្តន្ទាទោស​រូប​លោក​បាន​បង្ខំ​ឱ្យ​លោក​សម្រេច​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ត្រូវ​ជំនួស​មក​វិញ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មក​ត្រូវ​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ពី​បទ​ «​ក្បត់ជាតិ​» ​ហើយ​គណបក្ស​របស់​ពួកគេ​ក៏​ត្រូវ​បាន​រំលាយ​ទាំង​ស្រុង​កាលពី​ខែ​វិច្ឆិកា​ផង​ដែរ​។

លោក សម រង្ស៊ី បន្ថែម​ទៀត​ថា​៖ «​លោក ហ៊ុន សែន ​កំពុង​ប្រើប្រាស់​ប្រជាប្រិយភាព​ហ្វេសប៊ុក​របស់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​មួយ​ដើម្បី​បង្ក្រាប​ដ៏ហិង្សា​ទៅលើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

អ្នក​តំណាង​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ការបំភ្លឺ​ទេ​៕ NS