ភ្នំពេញៈ ខណៈ​លោក​នាយករដ្ឋមន្ត្រី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង្គការ​សហប្រជាជាតិ ការប្រមូល​ផ្តុំ​គ្នា​គាំទ្រ និង​ប្រឆាំង​​លោក​បាន​ផ្ទុះឡើង​ដូច​ការគ្រោង​​ទុក​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​មេដឹកនាំ​នៃ​ក្រុម​ម្ខាងៗ​បន្ត​រិះគន់​គ្នា​ទៅវិញ​ទៅមក ថ្វី​បើ​មិន​មាន​វត្តមាន​លោក សម រង្ស៊ី ដឹកនាំ​បាតុកម្ម​ដូច​ការគ្រោងទុក​ក្ដី​។

មុន​ការ​ទៅ​ដល់​របស់​លោក ហ៊ុន សែន លើ​ទឹកដី​អាមេរិក អ្នក​នាំពាក្យ​រដ្ឋាភិបាល​រំពឹង​ថា​នឹង​មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​រាប់ពាន់​នាក់ ខណៈ​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ និង​បន្ត​ជួប​អ្នកគាំទ្រ​លោក​នៅ​ថ្ងៃ​បន្តបន្ទាប់​។

លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ដែល​ពី​ដំបូង​ថា​នឹង​ដឹកនាំ​បាតុកម្ម​ផ្ទាល់​បាន​លុបចោល​គម្រោង​វិញ​ដោយ​អះអាង​ថា​មាន​ភារកិច្ច​នៅ​កន្លែង​ផ្សេង​។

ប៉ុន្តែ​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​បាតុកម្ម​ជំនួស​។

តាម​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទីលាន​អង្គការ​សហប្រជាជាតិ​គេ​ឃើញ​ទាំង​អ្នក​គាំទ្រ​ភាគី​​ម្ខាងៗ កាន់​បដា និង​ខ្លះ​កាន់​មេក្រូ​​ស្រែក​គាំទ្រ និង​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន​។

លោក ចាន់ ស៊ីធន់ ដែល​មក​​គាំទ្រ​លោក ហ៊ុន សែន ថ្លែង​ថា​លោក​គាំទ្រ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​។

លោក​ថា​៖ «​សម្រាប់​ទស្សនៈ​បងប្អូន​យើង​នៅ​អាមេរិក​គឺ​គាំទ្រ​នូវ​ឧត្តមគតិ​របស់​សម្ដេច​ (​ហ៊ុន សែន​) ​គាំទ្រ​ការធ្វើការ​របស់​រដ្ឋាភិបាល ពិសេស​ដើរ​តាម​មាគ៌ា​ដ៏ល្អ​រុងរឿង​ដើម្បី​សន្តិភាព ស្ថិរភាព​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​នាពេល​ខាង​មុខ​»​។

ផ្ទុយ​ពី​នេះ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​បាន​ស្រែក​ដូចៗ​គ្នា​ថា​ «​ជន​ផ្តាច់ការ​» ​ដែល​សំដៅ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​​ការរំលាយ​បក្សប្រឆាំង ការចាប់​លោក​ កឹម សុខា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១​។

អ្នកគាំទ្រ អតីត​បក្សប្រឆាំង​ដែល​ក្នុង​វីដេអូ​បន្ត​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​ពី​មុខ​ស្នាក់ការ ​UN ​ថា​៖ «​លោក​ ហ៊ុន សែន ត្រូវ​គោរព​សិទ្ធិមនុស្ស ត្រូវ​តែ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​...»​។

ជាមួយ​គ្នា​នេះ​ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រស់​នៅក្នុង​សហរដ្ឋអាមេរិក និង​កាណាដា​នៅ​បុរី​ញូវយ៉ក​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ដែល​បន្ត​គាំទ្រ​​រូប​លោក​។

លោក​ថ្លែង​ថា​៖ «​បងប្អូន​មាន​បំណង​មកជួប​ខ្ញុំ​ដើម្បី​ផ្តល់​ការគាំទ្រ​ទាំងឡាយ​ចំពោះ​គណបក្ស​ប្រជាជន​ចំពោះ​រាជរដ្ឋាភិបាល និង​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​»​។ លោក​អះអាង​ថា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​មាន​គ្នា​រាប់ពាន់​នាក់​។

ទោះ​យ៉ាង​ណា​លោក​ ហ៊ុន សែន បាន​ឆ្លៀត​ដៀមដាម​ដល់​គូប្រជែង​នយោបាយ​របស់​លោក​គឺ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នឹង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​រូប​​លោក​ដោយ​បាន​ចំអក​ថា​មាន​គ្នា​មិន​ដល់​​ ៥០ ​នាក់​ចូលរួម​តវ៉ា​។

លោក​ថ្លែង​ថា​៖ «​អ្នក​មក​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​តាំង​ខ្លួន​ជា​​មហាបាតុកម្ម ខ្ញុំ​ហួស​ចិត្ត​ដែរ នៅពេល​ដែល​ឃើញ​បាតុកម្ម​ប្រភេទ​នេះ កាឡេះខេះ​...​តាម​ខ្ញុំ​ក្ដាប់​បាន​អ្នក​ដែល​មក​ចូលរួម​ប្រឆាំង​ ហ៊ុន សែន នៅ​ញូវយ៉ក​ដំបូង​តែ​ ៣០​ នាក់​ទេ ក្រោយ​មក​ឡើង​ដល់​ ៥០ ​នាក់​»​។

លោក​បន្ត​ថា​៖ «​រឿង​សំខាន់​គឺជា​មិន​ចង់​ឲ្យ​ខ្ញុំ​មក​ជាន់​ដី​អាមេរិក ដូច្នេះ​គេ​បំផុស​រឿង​នេះ រឿង​នោះ​...​តាំងពី​មហាបាតុកម្ម ​អូ មហាបាតុកម្ម មាន​មនុស្ស​ប៉ុណ្ណឹង មហាបាតុកម្ម​ឬ​? យើង​មាន​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​គេ​មាន​មនុស្ស​ប៉ុន្មាន​នាក់​? បាន​ជា​ខ្ញុំ​តែងតែ​និយាយ​ថា អ្នក​ដែល​ធ្វើ​បាតុកម្ម​ (​ប្រឆាំង​) ​ខ្ញុំ មិន​លើស​ពី​ ១០ ​ភាគរយ​នៃ​អ្នក​ដែល​ទទួល​ខ្ញុំ​ទេ​»​។

ទន្ទឹម​នឹង​នេះ​លោក​ ហ៊ុន សែន ក៏​បាន​បដិសេធ​ដែរ​ថា អ្នក​មក​គាំទ្រ​លោក​នៅ​បុរីញូវយ៉ក មិន​ត្រូវ​បាន​គេ​ជួល​ ឬ​ទទួល​បាន​លាភសក្ការៈ​អ្វី​ទេ​។

លោក​ថា​៖ «​ថ្ងៃ​នេះ​យើង​រក​កន្លែង​ដាក់​អត់​គ្រប់​ទៀត តែ​មិន​អី​ទេ ល្ងាច​ខ្ញុំ ហ្វ្រី selfie​។ បងប្អូន​មាន​បំណង​មក​ជួប​ខ្ញុំ​ដើម្បី​ផ្តល់​ការគាំទ្រ​ទាំងឡាយ​ចំពោះ​គណបក្ស​ប្រជាជន​ចំពោះ​រាជរដ្ឋាភិបាល និង​ចំពោះ​ខ្លួន​ខ្ញុំ​ដែល​បាន​ធ្វើ​កិច្ចការ​បើ​យោង​ទៅ​លើ​អ្វី​​ដែល​គេ​គំរាម​រហូត​គេ​ថា បើសិន​ជា​ហ៊ាន​គេ​ដក​សញ្ជាតិ​»​។

ចំពោះ​លោក សម រង្ស៊ី បើ​ទោះបី​ជា​មិន​បាន​ចូលរួម​ដឹកនាំ​បាតុកម្ម​ដោយ​ផ្ទាល់​ក្ដី ប៉ុន្តែ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បន្ត​ផ្ទាល់​វីដេអូ​ជាមួយ​អ្នក​ឈរ​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​ដោយ​ថ្លែង​ថា​លោក​គាំទ្រ​សកម្មភាព​តវ៉ា​ទាំងអស់​នេះ​។

តាម​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នោះ​លោក សម រង្ស៊ី បាន​ថ្លែង​ថា​៖ «​យើង​មក​ជួបជុំ​គ្នា​នៅពេល​នេះ​នៅ​មុខ​អង្គការ​សហប្រជាជាតិ​គឺ​សុំ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​មិត្ត​សូម​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​​ ហ៊ុន សែន ជា​ជន​ផ្តាច់ការ ហើយ​ជា​ជន​ក្បត់ជាតិ​»​។

លោក សម រង្ស៊ី ដែល​ថា​កំពុង​ចូលរួម​កិច្ចប្រជុំ​របស់​បណ្ដា​គណបក្ស​សេរីនិយម​ក្នុង​ពិភពលោក​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នោះ​បាន​បន្ត​សុំទោស​អ្នក​គាំទ្រ​លោក​សាជាថ្មី​ចំពោះ​ការ​ខកខាន​ចូលរួម​នេះ​ដោយ​អះអាង​ថា​លោក​ «​ចូលរួម​តាម​ផ្លូវ​ចិត្ត​»​។

លោក​បញ្ជាក់​ថា​៖ «​សូម​បងប្អូន​បន្ត​លើក​បដា​ស្រែក ជយឃោស ពាក្យស្លោក ដើម្បី​ឲ្យ​ឃើញ​ថា យើង​ស្រុះ​គ្នា​យើង​រួបរួម​គ្នា​យើង​មូលមតិ​គ្នា​ដើម្បី​បង្ហាញ​ឆន្ទៈ​ដល់​ប្រជារាស្ត្រ​នៅ​ស្រុក​ខ្មែរ​ដែល​គ្នា​គ្មាន​សិទ្ធិសេរីភាព​និយាយ​មាន​ការ​គាបសង្កត់ មាន​​ការរក​រឿង​គំរាម​កំហែង តែ​យើង​នៅ​សហរដ្ឋអាមេរិក​នៅ​កាណាដា យើង​អត់​មាន​រឿង​អី​ខ្លាច​ ហ៊ុន សែន ទេ យើង​អត់​មាន​រឿង​អី​ចុះ​ញ៉ម​ទេ ផ្ទុយ​ទៅ​វិញ​យើង​ទាមទារ​​ដាច់​ខាត​ឱ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ហើយ​យើង​ទាមទារ​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ដំណើរការ​ឡើង​វិញ​»៕